សាខាសម្តេចមុនីរ៉េតចាប់បើកបម្រើសេវា 12/7 ហើយ
25/Dec/2019
ថ្ងៃនេះធនាគារ ABA សូមប្រកាសពីការសម្រួលបន្ថែមសម្រាប់សាខា សម្តេច មុនីរ៉េត នៅរាជធានីភ្នំពេញ ជាមួយនឹងការបន្ថែមបរិក្ខារ និង ម៉ោងការងាររហូតដល់ 12ម៉ោងក្នុងមួយថ្ងៃ និងពីចន្ទ ដល់ថ្ងៃអាទិត្យ ដើម្បីឆ្លើយតបទៅតាមតម្រូវការដែលមានការកើនឡើងជាលំដាប់នៅក្នុងតំបន់ដ៏មមាញឹកនេះ។
ការធ្វើកែសម្រួលនេះ រួមមានការពង្រីកកន្លែងស្វ័យសេវា, ការបំពាក់ម៉ាស៊ីន ATM ទំនើបៗ ម៉ាស៊ីនដាក់ប្រាក់ និងម៉ាស៊ីនដាក់/ដកប្រាក់ ក៏ដូចជាការដាក់បន្ថែមបុគ្គលិកជំនាញរបស់យើង ដើម្បីចាំជួយឆ្លើយតបនឹងតម្រូវការរបស់អតិថិជននៅសាខានេះផ្ទាល់។
លោក Chesda Neth ប្រធានសាខាសម្ដេច មុនីរ៉េត បានលើកឡើងថា “សាខា សម្តេច មុនីរ៉េត ទើបតែបានដាក់ឲ្យដំណើរបានជាងមួយឆ្នាំប៉ុណ្ណោះ តែចំនួននៃអ្នកបើកគណនី និងចំនួននៃការធ្វើប្រតិបត្តិការ នៅសាខានេះមានការកើនឡើងគួរឲ្យកត់សម្គាល់។ ហេតុដូចច្នេះហើយ បានជាយើងពង្រីកបន្ថែមនូវគ្រឿងបរិក្ខារ ជាពិសេសកន្លែងស្វ័យសេវា ដើម្បីបំពេញតម្រូវការអតិថិជនរបស់យើង ក៏ដូចជានាំមកនូវការប្រើសេវាដែលមានភាពបត់បែនកាន់តែប្រសើរជូនដល់អតិថិជន។
សាខា សម្តេចមុនីរ៉េត ចាប់ពីពេលនេះតទៅ នឹងបើកបម្រើសេវារាល់ថ្ងៃ ពីម៉ោង 8ព្រឹក ដល់ 8យប់។ លោកអ្នកអាចអញ្ជើញមកប្រើប្រាស់សេវានៅសាខានេះ ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ 54-56 មហាវិថីសម្តេចមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ 2 ខណ្ឌចំការមន រាជធានីភ្នំពេញ។ លេខទំនាក់ទំនង 098 204 019។
គិតមកត្រឹមថ្ងៃទី25 ខែធ្នូ ឆ្នាំ2019 នេះ ធនាគារ ABA មានសាខាសរុប 77 ដែលកំពុងដំណើរការទូទាំងប្រទេស។ ដោយឡែកសាខា សម្តេច មុនីរ៉េត ជាសាខាទី13 ដែលបើកបម្រើសេវា 12/7។