ធនាគារ ABA ពង្រីកបណ្តាញសាខាបន្ថែម ទៅកាន់ស្រុកពួក!
23/Oct/2023
ធនាគារ ABA ដែលជាធនាគារពាណិជ្ជកម្មធំជាងគេនៅប្រទេសកម្ពុជា1 បានបើកដំណើរការសាខាបម្រើសេវាពេញលេញរបស់ខ្លួនជាផ្លូវការ នៅស្រុកពួក ខេត្តសៀមរាប ដែលអនុញ្ញាតឲ្យអតិថិជនក្នុងខេត្តនេះ ទទួលបានបទពិសោធសេវាធនាគារងាយស្រួល ជាមួយឧបករណ៍ទំនើបទាន់សម័យ។
ធនាគារផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មផ្សេងៗ រួមមាន បើកគណនីសន្សំ និងបញ្ញើគ្រប់ប្រភេទ, ប្រឹក្សាជាមួយអ្នកជំនាញកម្ចីយើងខ្ញុំពាក់ព័ន្ធនឹងផលិតផលកម្ចីអាជីវកម្មច្រើនប្រភេទ, បើកកាតឥណពន្ធ ឥណទាន។ ធនាគារ ABA ប្តេជ្ញាផ្តល់ជូនអតិថិជនរបស់ខ្លួននូវបទពិសោធន៍ធនាគារដ៏ល្អបំផុត និងជួយសេដ្ឋកិច្ចកម្ពុជារីកចម្រើន និងអភិវឌ្ឍន៍។
សាខាថ្មីនេះ មានបំពាក់នូវឧបករណ៍ស្វ័យសេវាទំនើបៗ ដូចជា ម៉ាស៊ីន ATM, ម៉ាស៊ីនដាក់ប្រាក់ និងម៉ាស៊ីនដាក់/ដកប្រាក់ ដើម្បីសម្រួលដល់ការចូលប្រើសេវាធនាគាររបស់អតិថិជនបានគ្រប់ពេលវេលា។ សាខាក៏មាន ម៉ាស៊ីនបើកកាត ដែលអតិថិជនអាចបើកកាត Visa, Mastercard, UPI និងកាត CSS ដោយខ្លួនឯង។ ដំណើរការបើកកាតចាយពេលមិនដល់ពីរនាទី ហើយមិនចាំបាច់មានការបើកជូនដោយបុគ្គលិកឡើយ។
លោក យិន ចិន្តាភក្តី នាយកសាខាធនាគារ ABA ប្រចាំតំបន់ មានប្រសាសន៍ថា ការបើកសាខាស្រុកពួក គឺជាសមិទ្ធិផលដ៏សំខាន់មួយសម្រាប់ដំណើរការអាជីវកម្មរបស់ធនាគារថា “យើងប្តេជ្ញាផ្តល់ជូនអតិថិជនរបស់យើងនូវបទពិសោធន៍ធនាគារល្អបំផុត ហើយយើងជឿជាក់ថាសាខាថ្មីរបស់យើងនឹងផ្តល់ជូនពួកគេ នូវភាពងាយស្រួល និងសេវាកម្មតាមតម្រូវការ។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការបើកសាខាថ្មីរបស់យើងនៅស្រុកពួក និងបម្រើសេវាកម្មធនាគារជូនដល់សហគមន៍នេះ”។
ការបើកសាខាថ្មីនៅស្រុកពួក គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តបន្តរបស់ធនាគារ ABA ក្នុងការពង្រីកបណ្តាញសាខារបស់ខ្លួន និងធ្វើឲ្យសេវាកម្មធនាគារកាន់តែងាយស្រួលដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា។
សាខា ABA ស្រុកពួក មានទីតាំងនៅផ្លូវជាតិលេខ៦ ភូមិអូរតាប្រាក់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ហើយបើកចាប់ពីម៉ោង 8ព្រឹក ដល់ 4ល្ងាច ពីថ្ងៃច័ន្ទ ដល់សុក្រ។
គិតត្រឹមថ្ងៃនេះ ធនាគារ ABA មានសាខាសរុបចំនួន 86 សាខាទូទាំងប្រទេស និង ទីតាំងស្វ័យសេវា 24/7 ចំនួន 43 ទីតាំង។ ទីតាំងទាំងនេះ ជាការបន្ថែមដ៏សំខាន់មួយទៅក្នុងបណ្ដាញសាខា ដោយផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការចូលប្រើគណនីរបស់ខ្លួនបានគ្រប់ពេលវេលាតាមម៉ាស៊ីនស្វ័យសេវាផ្សេងៗគ្នា។
1 ABA ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជននិងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 និង 2022 របស់ធនាគារជាតិនៃកម្ពុជា។