ការដាក់ឱ្យដំណើរការជាផ្លូវការសេវាទូទាត់រហ័ស ជាមួយធនាគារជាតិនៃកម្ពុជា

15/Jul/2016

ការដាក់ឱ្យដំណើរការជាផ្លូវការសេវាទូទាត់រហ័ស ជាមួយធនាគារជាតិនៃកម្ពុជាការដាក់ឱ្យដំណើរការជាផ្លូវការសេវាទូទាត់រហ័ស ជាមួយធនាគារជាតិនៃកម្ពុជា

ធនាគារជាតិនៃកម្ពុជា ក្រោមកិច្ចសហការជាមួយ គ្រឹះស្ថានធនាគារ ពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើចំនួន១៣  បានដាក់ឱ្យដំណើរការ ជាផ្លូវការ “សេវាទូទាត់រហ័ស” ដែលជាសេវាថ្មីមួយ អាចឱ្យអតិថិជន ទទួលបានមូលនិធិភ្លាមៗ ដែលឆ្លើយតបទៅនឹងតម្រូវការ សាច់ប្រាក់បានទាន់ពេលវេលា ។ 

គោលបំណងនៃការដាក់ឱ្យដំណើរការ ”សេវាទូទាត់រហ័ស” គឺដើម្បីផ្តល់មធ្យោបាយ បន្ថែមទៀតសម្រាប់គ្រឹះស្ថាន ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ទាំងអស់អនុវត្តប្រតិបត្តិការ ផ្ទេរប្រាក់ និងទូទាត់សងប្រាក់ ជាប្រាក់រៀល ឆ្លងគ្រឹះស្ថានសម្រាប់អតិថិជនរបស់ខ្លួន នៅគ្រប់ខេត្ត-ក្រុង ទូទាំងប្រទេសកម្ពុជា ប្រកបដោយភាពរហ័ស សុវត្ថិភាព មានប្រសិទ្ធភាពខ្ពស់ និងអាចជឿទុកចិត្តបាន ។ ម្យ៉ាងវិញទៀត សេវានេះនឹងរួមចំណែក យ៉ាងសកម្មក្នុងការ លើកកម្ពស់ការប្រើប្រាស់ ប្រាក់រៀលឱ្យបានទូលំទូលាយ បង្កើនតម្លាភាពតាមរយៈ ការទូទាត់ជាអេឡិចត្រូនិក កាត់បន្ថយចរាចរ សាច់ប្រាក់នៅលើទីផ្សារ បង្កើននូវប្រសិទ្ធភាព ក្នុងការប្រើប្រាស់ធនធានហិរញ្ញវត្ថុ និងជាពិសេសលើកកម្ពស់ បរិយាប័ន្នហិរញ្ញវត្ថុ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធទូទាត់នៅប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរ ។

បច្ចុប្បន្ន  អតិថិជនអាចប្រើប្រាស់សេវានេះ នៅទូទាំងប្រទេសកម្ពុជាតាមគ្រឹះស្ថានធនាគារ

  • វឌ្ឍនៈអាស៊ីចំកាត់ (អេ ប៊ី អេ)
  • អេស៊ីលីដា
  • កម្ពុជាសាធារណៈ  
  • កាណាឌីយ៉ា  
  • វិនិយោគនិងអភិវឌ្ឍន៍កម្ពុជា  
  • ហ្វីលីព
  • ស្ថាបនា

និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ

  • អង្គរមីក្រូហិរញ្ញវត្ថុកម្ពុជា (អេ អឹម ខេ)  
  • វីសិនហ្វាន់
  • បា្រសាក់  
  • អម្រឹត  
  • ក្រេឌីត  
  • និងហត្ថាកសិករ

សេវានេះនឹងអាចឱ្យអតិថិជនប្រើប្រាស់ បានកាន់តែទូលំទូលាយ នាពេលឆាប់ៗខាងមុខ នៅតាមគ្រឹះស្ថាន ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើផ្សេងៗទៀតដែលបាន និងកំពុងដាក់ពាក្យចូលជា សមាជិកជាបន្តបន្ទាប់ ។