​ធនាគារជាតិ​កា​ណា​ដា​ទិញ​យក​ចំណែក​ភាគហ៊ុន​ 10%​ ដែល​នៅ​សល់​ក្នុង​ធនាគារ​ ABA

04/Oct/2019

National​ Bank​ of​ Canada 1

ធនាគារ​ វឌ្ឍនៈ​ អាស៊ី​ ចំកាត់​ (ABA​ Bank)​ សូម​ប្រកាស​នៅ​ថ្ងៃនេះ​ថា​ ធនាគារជាតិ​កា​ណា​ដា​ បាន​ទិញ​យក​ចំណែក​ភាគហ៊ុន​ 10%​ ដែល​នៅ​សល់​ក្នុង​ធនាគារ​ ABA​។​ ជា​លទ្ធផល​នៃ​ការ​វិនិយោគ​បន្ថែម​នេះ​ ធនាគារជាតិ​កា​ណា​ដា​បាន​បង្កើន​ភាព​ជា​ម្ចាស់​របស់​ខ្លួន​នៅ​ក្នុង​ធនាគារ​ ABA​ រហូត​ដល់​ 100%​ តែ​ម្តង​។

លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​របស់​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​នេះ​ថា​ “​ប្រតិបត្តិការ​ចុង​ក្រោយ​របស់​ធនាគារជាតិ​កា​ណា​ដា​ បង្ហាញ​យ៉ាង​ច្បាស់​ពី​ទំនុកចិត្ត​ខ្ពស់​របស់​ធនាគារ​ មក​លើ​ ABA​ និង​មក​លើ​ទីផ្សារ​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ចាប់តាំងពី​ការ​វិនិយោគ​ដំបូង​របស់​ខ្លួន​ក្នុង​ឆ្នាំ​ 2014​ ចំណែក​ទីផ្សារ​របស់​ធនាគារ​ ABA​ បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ ជាមួយនឹង​អត្រា​ប្រាក់​កម្ចី​ និង​ប្រាក់​បញ្ញើ​មានការ​កើនឡើង​ប្រមាណ​ 10%​។​ ធនាគារ​ ABA​ ពេល​នេះ​ ក៏​ជា​ស្ថាប័នហិរញ្ញវត្ថុ​ធំ​ទី​បី​នៅ​ក្នុង​ប្រទេស​ ហើយ​យើង​មាន​ភាព​រំភើប​រីករាយ​យ៉ាង​ខ្លាំង​ ក្នុង​ការ​បន្តដំណើរ​របស់​យើង​ ដោយ​ជំរុញ​ការ​ពង្រីក​ទីតាំង​ភូមិសាស្ត្រ​របស់​ធនាគារ​ ABA​ និង​ណែនាំ​ផលិតផល​និង​សេវាកម្ម​លំដាប់ថ្នាក់​ល្អ​បំផុត​ ជូន​ដល់​អតិថិជន​របស់​យើង​។​”

“​ធនាគារជាតិ​កា​ណា​ដា​​ ពិតជា​មាន​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​ភាព​ជោគជ័យ​របស់​ធនាគារ​ ABA​។​ ស្ថាប័នហិរញ្ញវត្ថុ​មួយ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ល្អ​នៅ​ក្នុង​ទីផ្សារ​របស់​ខ្លួន​ និង​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​នៅ​ក្នុង​ប្រទេស​មួយ​នេះ​”​ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ Louis​ Vachon​ អគ្គនាយក​ និង​ជានា​យក​ប្រតិបត្តិ​របស់​ធនាគារជាតិ​កា​ណា​ដា​។​ “​ធនាគារ​ ABA​ កំពុង​តែ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ និង​ចូលរួម​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​វិស័យ​សេវា​ធនាគារ​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​។​ គំរូ​អាជីវកម្ម​របស់​ធនាគារ​ ដែល​ផ្តោត​ជា​ចម្បង​ទៅ​លើ​វិស័យ​ធនាគារ​រូបវន្តបុគ្គល​ និង​អាជីវកម្ម​ខ្នាត​តូច​នោះ​ ក៏​ផ្តល់​ក្តី​រំពឹង​ពី​អនាគត​ដ៏​ប្រសើរ​ផង​ដែរ​”​ លោក​បា​នប​ន្ថែ​ម​។​

ធនាគារជាតិ​កា​ណា​ដា​ បាន​ក្លាយជា​ភាគ​ហ៊ុ​និករ​បស់​ធនាគារ​ ABA​ នៅ​ក្នុង​ឆ្នាំ​ 2014​ ដោយ​បាន​ទិញ​យក​ចំណែក​ភាគហ៊ុន​ចំនួន​ 10%​។​ ហើយ​បន្ទាប់​មក​ក៏​បាន​បង្កើន​ការ​ទិញ​យក​ចំណែក​ភាគហ៊ុន​បន្ថែម​រហូត​ដល់​ 42%​ នៅ​ក្នុង​ឆ្នាំ​ 2015​ និង​បង្កើន​ដល់​ 90%​ នៅ​ក្នុង​ឆ្នាំ​ 2016​។​

គិត​មក​ត្រឹម​ថ្ងៃ​ទី​30​ ខែកញ្ញា​ ឆ្នាំ​2019​ ទ្រព្យសកម្ម​របស់​ធនាគារ​ ABA​ មាន​ចំនួន​ 4.1​ ប៊ី​លាន​ដុល្លារ​។​ ធនាគារ​ផ្តល់​សេវា​ជូន​ដល់​អតិថិជន​ជាង​ 650,000​ នាក់​ តាម​រយៈ​បណ្តាញ​សាខា​ចំនួន​ 70​សាខា​ កន្លែង​ស្វ័​យ​សេវា​ធនាគារ​ជាង​ 550​កន្លែង​ និង​ប្រព័ន្ធ​ធនាគារ​អន​ឡាញ​និង​ធនាគារ​តាម​ទូរស័ព្ទ​ឈាន​មុខជា​ច្រើន​ទៀត​។​

​អំពី​ធនាគារជាតិ​កា​ណា​ដា​
​ជាមួយនឹង​ទ្រព្យសកម្ម​ប្រមាណ​ 207​ប៊ី​លាន​ដុល្លារ​ គិត​ត្រឹម​ថ្ងៃ​ទី​ 31​ ខែកក្កដា​ ឆ្នាំ​2019​ ធនាគារជាតិ​កា​ណា​ដា​ រួម​ជាមួយ​ក្រុមហ៊ុន​​បុត្រ​សម្ពន្ធ​​របស់​ខ្លួន​ បង្កើត​បានជា​ក្រុមហ៊ុន​
សម្ពន្ធ​​​ហិរញ្ញវត្ថុ​ចម្រុះ​ឈានមុខ​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​សម្ពន្ធ​​ធ​ឈានមុខ​គេ​ទាំងអស់​របស់​ប្រទេស​កា​ណា​ដា​។​ មូលប័ត្រ​របស់​ក្រុមហ៊ុន​ក៏​ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្នុង​ទីផ្សារ​ភាគហ៊ុន​តូ​រ៉ុ​ន​តូ​ (TSX:NA)​ ផង​ដែរ​។​ អតិថិជន​នៅ​ក្នុង​សហរដ្ឋអាមេរិក​ អុឺ​រ៉ុ​ប​ និង​ផ្នែក​ដ៏​ទៃ​ទៀត​នៅ​លើ​ពិភពលោក​ ក៏​ត្រូវ​បាន​ផ្តល់​ជូន​សេវា​តាម​រយៈ​បណ្តាញ​កា​រិ​យា​ល័យ​តំណាង​ ក្រុមហ៊ុន​បុត្រសម្ពន្ធ​ និង​ភាព​ជា​ដៃគូ​ជា​ច្រើន​។​ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ធនាគារជាតិ​កា​ណា​ដា​ សូម​ចូល​ទៅ​កាន់​ www.nbc.ca​​