​ធនាគារជាតិ​កា​ណា​ដា​ ធនាគារ​ ABA​ និង​ ទីភ្នាក់ងារ​ឧត្តម​សិក្សា​ប្រើប្រាស់​ភាសារ​បារាំង​ (AUF)​ បាន​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ផ្តល់​អាហារូបករណ៍​សម្រាប់​និស្សិត​កម្ពុជា​

13/Nov/2026

aba auf schoolarship khaba auf schoolarship kh
aba auf schoolarship kh-1aba auf schoolarship kh-1
aba auf schoolarship kh-2aba auf schoolarship kh-2
aba auf schoolarship kh-3aba auf schoolarship kh-3

ធនាគារជាតិ​កា​ណា​ដា​ ដែល​ជា​ភាគ​ទុ​និករ​បស់​ធនាគារ​ ABA​ បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​ឧត្តម​សិក្សា​ប្រើប្រាស់​ភាសារ​បារាំង​ (Agence​ Universitaire​ de​ la​ Francophonie​ -​ AUF)​ ដើម្បី​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​អាហារូបករណ៍​កា​ណា​ដា​-​កម្ពុជា​ ដែល​ជា​គំនិត​ផ្តួចផ្តើម​ថ្មី​មួយ​បង្កើត​ឡើង​ដើម្បី​គាំទ្រ​ដល់​និស្សិត​កម្ពុជា​ ក្នុង​ការ​ស្វែងរក​ឱកាស​សិក្សា​ និង​ធ្វើការ​ស្រាវជ្រាវ​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​កា​ណា​ដា​។​

​កម្មវិធី​នេះ​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​ពេញអង្គ​លើក​ទី​ ៣​ នៃ​សន្និសីទ​ថ្នាក់​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​របស់​សាកល​វិទ្យា​ធិ​ការ​ (C2R)​ ដែល​បាន​រៀបចំ​ឡើង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (ITC)​។​ កម្មវិធី​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ដែល​មាន​ជំនាញ​ខ្ពស់​ និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សិក្សាធិការ​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​កា​ណា​ដា​។​

​កម្មវិធី​នេះ​ទទួល​បានការ​ផ្តល់​មូលនិធិ​ពី​ធនាគារជាតិ​កា​ណា​ដា​ ដោយ​មាន​ទំហំ​វិនិយោគ​សរុប​ចំនួន​ ៥០០.០០០​ ដុល្លារ​កា​ណា​ដា​ (​ប្រហែល​ ៣៦៥.០០០​ ដុល្លារ​អា​មេ​រិ​ក​)​ ក្នុង​រយៈពេល​ ៥​ ឆ្នាំ​។​ កម្មវិធី​នេះ​មាន​គោលបំណង​គាំទ្រ​ដល់​និស្សិត​កម្ពុជា​ចំនួន​រហូត​ដល់​ ៤០​ នាក់​ តាម​រយៈ​ឱកាស​ផ្លាស់​ប្តូរ​ការ​សិក្សា​ និង​ការ​ស្រាវជ្រាវ​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​កា​ណា​ដា​ដែល​ត្រូវ​បាន​ជ្រើសរើស​។​

​ក្រោម​កម្មវិធី​នេះ​ និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​ជា​សមាជិក​របស់​ AUF​ នឹង​មានឱកាស​ចូលរួម​អនុវត្ត​ការងារ​ស្រាវជ្រាវ​រយៈពេល​ពី​ ៣​ ទៅ​ ៦​ ខែ​។​ វិស័យ​អាទិភាព​រួម​មាន​ រដ្ឋបាល​ធុរកិច្ច​ ហិរញ្ញវត្ថុ​ សេដ្ឋកិច្ច​ សន្តិសុខ​បច្ចេកវិទ្យា​ (Cybersecurity)​ ការ​គ្រប់គ្រង​ និង​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI)​ ព្រមទាំង​មុខ​ជំនាញ​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​អនាគត​នៃ​វិស័យ​ហិរញ្ញវត្ថុ​ និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​។​

​កម្មវិធី​នេះ​នឹង​ត្រូវ​បាន​អនុវត្ត​ដោយ​ AUF​ ដែល​នឹង​ទទួល​បន្ទុក​លើ​ការ​ផ្សព្វផ្សាយ​អាហារូបករណ៍​ ការ​ជ្រើសរើស​បេក្ខជន​ ការ​សម្របសម្រួល​ជាមួយ​សាកលវិទ្យាល័យ​ ការ​គាំទ្រ​ដល់​អ្នកចូលរួម​ និង​ផ្នែក​ដែល​ទាក់ទង​នឹង​ភាសា​នៃ​គំនិត​ផ្តួចផ្តើម​នេះ​។​ ស្រប​តាម​បេសកកម្ម​របស់​ AUF​ ក្នុង​ការ​លើកកម្ពស់​ភាសា​បារាំង​ និង​បណ្តា​ប្រទេស​ដែល​ប្រើប្រាស់​ភាសា​បារាំង​ (Francophonie)​ អ្នក​ទទួល​បាន​អាហារូបករណ៍​ដែល​មិន​ចេះ​ភាសា​បារាំង​ ក៏​នឹង​ទទួល​បាន​ឱកាស​ក្នុង​ការ​រៀន​ភាសា​បារាំង​ និង​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ផង​ដែរ​។​

​លោក​ Igor​ Zimarev​ អគ្គនាយករង​ប្រតិបត្តិ​ និង​ជានា​យក​ទីផ្សារ​ កិច្ចការ​ CSR​ របស់​ធនាគារ​ ABA​ បាន​លើក​ឡើង​ថា​៖​ «​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ការ​អប់រំ​គឺជា​កត្តា​ជំរុញ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​សម្រាប់​វឌ្ឍនភាព​សេដ្ឋកិច្ច​។​ យើង​សង្ឃឹមថា​ សិស្ស​និស្សិត​កម្ពុជា​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​គំនិត​ផ្តួចផ្តើម​នេះ​ នឹង​ត្រឡប់​មក​វិញ​ដោយ​នាំ​មក​នូវ​ចំណេះដឹង​ដ៏​មាន​តម្លៃ​ បទ​ពិសោធន៍​អន្តរជាតិ​ និង​គំនិត​ថ្មីៗ​ ហើយនឹង​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ វិស័យ​ធុរកិច្ច​ និង​សង្គម​របស់​ប្រទេស​ជាតិ​»​។​

​ក្នុង​នាម​ជា​ស្ថាប័ន​បុត្រ​សម្ព័ន្ធ​របស់​ធនាគារជាតិ​កា​ណា​ដា​ និង​ជា​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​ធំ​ជាងគេ​នៅ​កម្ពុជា​ ធនាគារ​ ABA​ ដើរតួ​នាទី​ជា​ស្ពាន​ត​ភ្ជាប់​រវាង​ប្រទេស​ទាំង​ពីរ​ ដោយ​ជួយ​សម្រួល​ដល់​គំនិត​ផ្តួចផ្តើម​នានា​ដែល​រួមចំណែក​ដល់​វិស័យ​អប់រំ​ នវានុវត្តន៍​ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​។​