JP​ Morgan​ ទទួលស្គាល់​ឧត្តមភាព​ របស់​ ABA​ រយៈពេល​ 2​ ឆ្នាំ​ជាប់​គ្នា​ សម្រាប់​ដំណើរការ​ផ្ទេរ​ប្រាក់​ជា​ដុល្លារ​អា​មេ​រិ​ក​

04/Nov/2021

JP​ Morgan 1

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ឈានមុខ​របស់​កម្ពុជា​ ទទួល​បាន​ពានរង្វាន់​ 2021​ Elite​ Quality​ Recognition​ Award​ ពី​ JP​ Morgan​ Chase​ Bank​ N.A.,​ USA​ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​បំផុត​លំដាប់​ពិភពលោក​។​

ការ​ទទួលស្គាល់​ ABA​ ជា​លើក​ទី​ពីរ​ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា​នេះ​ ផ្អែក​លើ​ការ​រក្សា​សុ​ក្រិត​ភាព​លេចធ្លោ​ និង​ឧត្តមភាព​ នៅ​ក្នុង​ប្រព័ន្ធ​ដំណើរការ​ឆ្លងកាត់​ត្រង់​ផ្ទាល់​ MT103​ (straight-through​ processing​ ដែល​ហៅ​កាត់​ថា​ STP)​ សម្រាប់​ការ​ផ្ទេរ​ប្រាក់​ និង​ការ​ទូទាត់​អន្តរជាតិ​ ជា​ដុល្លារ​អា​មេ​រិ​ក​។​

STP​ គឺជា​ ដំណើរការ​ទូទាត់​ស្វ័យប្រវត្តិ​ ដោយ​គ្មាន​ការ​អន្តរាគមន៍​ផ្ទាល់​ដៃ​ ដែល​បង្កើន​ល្បឿន​ដំណើរការ​ កាត់​បន្ថយ​កំហុស​នៃ​ដំណើរការ​ (routing​ errors)​ និង​កាត់​បន្ថយ​ប្រតិបត្តិការ​ និង​ចំណាយ​ប្រតិបត្តិការ​។​ ធនាគារ​ ABA​ បាន​ធ្វើ​ប្រតិបត្តិការ​ប្រកបដោយ​សុក្រឹតភាព​ខ្ពស់​ លើស​ពី​ ស្តង់ដារ​ប្រតិបត្តិការ​ប្រព័ន្ធ​ដំណើរការ​ឆ្លងកាត់​ត្រង់​ផ្ទាល់​ (STP)​ និង​ជាប់​ចំណាត់ថ្នាក់​ខ្ពស់​សម្រាប់​ពានរង្វាន់​ដែល​ទទួលស្គាល់​ថា​ ស្ទើរតែ​ ប្រតិបត្តិការ​ទាំងអស់​របស់​ធនាគារ​ មិន​មាន​បញ្ហា​ផ្នែក​កំហុស​ដំណើរការ​ជាមួយនឹង​ប្រតិបត្តិការ​ត្រឡប់​ និង​ការ​បដិសេធ​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​។​

ពានរង្វាន់​នេះ​ ត្រូវ​បាន​ប្រគល់​ជូន​ធនាគារ​ ដោយ​ផ្អែក​លើ​គុណភាព​ខ្ពស់​នៃ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ និង​ការ​គ្រប់គ្រង​សុក្រឹតភាព​នៃ​ដំណើរការ​ផ្ទេរ​ប្រាក់​របស់​អតិថិជន​ បាន​ 90%​។​ នៅ​ក្នុង​ឆ្នាំ​ 2021​ ការ​ផ្ទេរ​ប្រាក់​ និង​ការ​ទូទាត់​ដែល​ដំណើរការ​ដោយ​គ្មាន​កំហុស​ មាន​កម្រិត​លើស​ពី​ 99.5%​។​

ABA​ នៅ​តែ​ជា​ធនាគារ​កម្ពុជា​តែ​មួយ​គត់​ដែល​ទទួល​បាន​ពានរង្វាន់​ប្រភេទ​នេះ​ ពី​ JP​ Morgan​។​ កិត្តិនាម​នេះ​ បន្ត​ឆ្លុះ​បញ្ចាំង​អំពី​ឧត្តមភាព​ប្រតិបត្តិការ​របស់​ធនាគារ​នៅ​ក្នុង​ការ​ដំណើរការ​ផ្ទេរ​ប្រាក់​ និង​ទូទាត់​អន្តរជាតិ​ ជា​ដុល្លារ​អា​មេ​រិ​ក​។​

អ្នកស្រី​ ស៊ឹ​ម​ សួង​សន្តិភាព​ ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​អន្តរជាតិ​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​ "​តាម​រយៈ​ពានរង្វាន់​ឆ្នាំ​ទី​ 2​ នេះ​ ធនាគារ​ ABA​ បាន​បង្ហាញ​ពី​សមត្ថភាព​ធ្វើ​ប្រតិបត្តិការ​ដែល​មានគុណ​ភាព​ខ្ពស់​លើស​ពី​ស្ដង់ដារ​ ក្នុង​ការ​ដំណើរការ​ផ្ទេរ​ និង​ទូទាត់​ប្រាក់​អន្តរជាតិ​ជូន​អតិថិជន​ ជា​ដុល្លារ​អា​មេ​រិ​ក​។​ យើង​មាន​មោទនភាព​ ជាមួយនឹង​ការ​ទទួលស្គាល់​ពី​ JP​ Morgan​ ដែល​សបញ្ជាក់​ឲ្យ​ឃើញ​ថា​ ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ នៅ​តែ​រឹង​មាំ​ឥត​ងាករេ​ និង​គួរ​ជាទី​ពំនឹង​។​"​  

អ្នកស្រី​ បាន​បន្ថែម​ផង​ដែរ​ថា​ "​អតិថិជន​របស់​យើង​ អាច​ជឿ​ទុកចិត្ត​បាន​ថា​ សំណើ​ប្រតិបត្តិការ​អន្តរជាតិ​របស់​ពួក​គាត់​ ជាមួយ​ ABA​ នឹង​ត្រូវ​ដំណើរការ​ទាន់​ពេលវេលា​ និង​ប្រកបដោយ​សុក្រឹតភាព​។​"

JP​ Morgan​ ធ្វើការ​ប្រគល់​ពានរង្វាន់​ទទួលស្គាល់​គុណភាព ​(Quality​ Recognition​ Award)​ ទូ​ទាំង​សកលលោក​ ចាប់តាំងពី​ឆ្នាំ​ 1997​។​ ពានរង្វាន់​នេះ​ត្រូវ​បាន​ប្រគល់​ជូន​ធនាគារ​ដែល​មាន​គណៈ​គ្រប់គ្រង​ និង​បុគ្គលិក​អាច​ធ្វើ​ប្រតិបត្តិការ​ ផ្ទេរ​ និង​ទូទាត់​ប្រាក់​ជូន​អតិថិជន​ប្រកបដោយ​សង្គតិភាព​ និង​គុណភាព​ខ្ពស់​ក្នុង​កម្រិត​យ៉ាង​ហោច​ណាស់​ 90%​ ។​