ឌីជីថលនវានុវត្តន៍ជំរុញឲ្យមានសន្ទុះប្រើប្រាស់ សេវាធនាគារដ៏សម្បើម
10/Oct/2024

ប្រែក្លាយពីស្ថាប័ន ដែលត្រួសត្រាយបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ថ្មីៗ ទៅជាធនាគារពាណិជ្ជដ៏ធំបំផុតមួយរបស់ប្រទេស – ដោយផ្ដោតចម្បងលើអតិថិជនជាអាទិភាព។
ABA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1996 ក្នុងគោលបំណង បង្កើតសេវាកម្មរបស់ខ្លួនឲ្យស្របទៅតាមតម្រូវការរបស់អតិថិជន។ ដោយផ្តោតលើដំណោះស្រាយឌីជីថល និងស្វ័យសេវា នវានុវត្តន៍ដូចជា កម្មវិធីធនាគារលើទូរស័ព្ទដៃរបស់ខ្លួន និងការបើកគណនីដ៏រលូន បានកែប្រែមុខមាត់នៃសេវាធនាគារនៅកម្ពុជា។
ដោយផ្តល់អាទិភាពលើលទ្ធភាពចូលប្រើប្រាស់ដ៏ងាយស្រួល និងបរិយាបន្នហិរញ្ញវត្ថុ ABA បានក្លាយជាធនាគារពាណិជ្ជដ៏ធំបំផុតនៅកម្ពុជា ដោយផ្អែកលើទ្រព្យសកម្ម ប្រាក់បញ្ញើ ប្រាក់កម្ចី និងប្រាក់ចំណេញ។ នាយកប្រតិបត្តិរបស់ធនាគារ ABA លោក Askhat Azhikhanov បានលើកឡើងអំពីភាពជោគជ័យទាំងនេះ ដែលសម្រេចបានដោយសារយុទ្ធសាស្ត្ររបស់ធនាគារ ដែលជាយុទ្ធសាស្ដ្រផ្ដោតលើអតិថិជនជាគោលចម្បង។ លោកពន្យល់ថា "យើងខ្ញុំតែងតែផ្តោតលើអតិថិជនរបស់យើង រាល់ពេលធ្វើការកែប្រែ ឬសម្រេចចិត្តណាមួយ។ ប្រសិនបើយើងបន្តស្តាប់តម្រូវការអតិថិជន យើងនឹងទទួលបានជោគជ័យ"។
តើអ្វីទៅជាអាថ៌កំបាំងនៃភាពជោគជ័យរបស់ ABA?
លោក Askhat Azhikhanov: អាថ៌កំបាំងនៃភាពជោគជ័យរបស់យើង គឺការខិតខំប្រឹងប្រែង និងចំណូលចិត្តរបស់ក្រុមការងារយើង។ ក្រុមការងារយើងបានរួមគ្នាកសាងធនាគារនេះតាំងពីកកើតដំបូង និងបន្តអភិវឌ្ឍ។ យើងបង្កើតសេវាកម្មនានាដោយខ្លួនឯងផ្ទាល់ ព្រោះវាអនុញ្ញាតឲ្យយើងឆ្លើយតបបានរហ័ស បត់បែន និងផ្តោតលើអតិថិជន។ ធនាគារយើង នឹង មិន អាច ផ្លាស់ ប្តូ រ សេវាកម្ម របស់ យើង ផ្អែក លើ តម្រូវ ការ របស់ អតិថិជនបានទេ ប្រសិន បើ យើង ពឹងទាំងស្រុងពីបច្ចេកវិទ្យា ខាងក្រៅ ។ យុទ្ធសាស្ដ្រនេះមានសារៈសំខាន់ណាស់ ពីព្រោះផ្លែតហ្វមមួយចំនួន យើងធ្វើការផ្លាស់ប្ដូរ និងកែប្រែពីរដងក្នុងមួយខែ។
តើទិសដៅយុទ្ធសាស្ដ្ររបស់ធនាគារបានវិវត្តន៍យ៉ាងណាខ្លះ?
លោក Askhat Azhikhanov: កន្លងមក យើងផ្តោតចម្បងលើអតិថិជនរូបវន្ដបុគ្គលរបស់យើង។ បច្ចុប្បន្ន ABA បានចាត់ទុកខ្លួនជាធនាគារកម្រិតសកល ដោយបម្រើសេវាជូនអតិថិជនគ្រប់ប្រភេទ ចាប់តាំងពីអ្នកលក់ដូរតាមផ្លូវ រហូតដល់ក្រុមហ៊ុនពហុជាតិ ដូចជា Coca-Cola, Unilever, DHL និង Chevron ។ យើងផ្តល់ជូនផ្លែតហ្វមឌីជីថល ដំណោះស្រាយ និងផលិតផលជាក់លាក់ផ្សេងទៀត សម្រាប់តែសាជីវកម្មពហុជាតិប្រើប្រាស់ប៉ុណ្ណោះ ខណៈដែលផ្តល់ជូនផលិតផលទូទៅដូចជា កូដ KHQR ដែលជា មធ្យោបាយទូទាត់ក្នុងស្រុក សម្រាប់អាជីវកម្មតូចៗ។ យើងអាចវិវត្តន៍ខ្លួនយ៉ាងងាយស្រួល ស្របតាមតម្រូវការរបស់សហគមន៍សកល ដោយសារយើងជាធនាគារវ័យក្មេង ហើយវាងាយស្រួលសម្រាប់យើងក្នុងការសម្របទៅនឹងបច្ចេកវិទ្យា និងនវានុវត្តន៍។
តើអ្នកបានជួយឲ្យក្រុមហ៊ុនពហុជាតិកាន់តែច្រើនចូលមកប្រទេសកម្ពុជាយ៉ាងណាខ្លះ?
លោក Askhat Azhikhanov: យើងជួយសម្រួលដល់តម្រូវការប្រតិបត្តិការ ការទូទាត់ វិបារូបហ៍ និងហិរញ្ញប្បទាន ហើយផ្តល់ជូន ផលិតផលហិរញ្ញវត្ថុពេញលេញដែលអាជីវកម្មត្រូវការសម្រាប់ភាពជោគជ័យ។ សាររបស់យើងទៅកាន់សាជីវកម្មអាមេរិក និងវិនិយោគិនអន្តរជាតិនោះគឺ ពួកគេត្រូវបានស្វាគមន៍ជានិច្ច ក្នុងការវិនិយោគនៅក្នុងសេដ្ឋកិច្ចកម្ពុជា ព្រោះយើងអាចពិភាក្សា និងផ្ដល់ដំណោះស្រាយនវានុវត្តន៍សម្រាប់ភាពជោគជ័យរួមគ្នា។ គិតតែក្នុងឆ្នាំ 2023 អាជីវកម្មក្នុងស្រុក និងអន្តរជាតិបានដំណើរការប្រតិបត្តិការតាមផ្លែតហ្វម ABA Business ចំនួន 6.5 លានប្រតិបត្តិការ ស្មើនឹងទំហំទឹកប្រាក់ជាង 10 ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុនដែលចូលមកកម្ពុជា នឹងមិនចាំបាច់បារម្ភពីបញ្ហាប្រព័ន្ធធនាគារនោះទេ ដោយសារយើងមានអ្នកជំនាញការប្រកបដោយវិជ្ជាជីវៈ, ចំណេះដឹងអំពីទីផ្សារក្នុងស្រុក និងជាអ្នកជំរុញនវានុវត្តន៍ដ៏សកម្មមួយ។
តើកិច្ចសហការរបស់ធនាគារ ជាមួយធនាគារជាតិកាណាដា (BNC) វិវត្តន៍ទៅយ៉ាងណាខ្លះ?
លោក Askhat Azhikhanov: BNC បានជ្រើសរើសយើងធ្វើជាដៃគូ ដោយសារយើងមានទស្សនៈវិស័យ និងបេសកកម្មដូចគ្នា។ យើងមានការសហការយ៉ាងល្អពេញមួយទសវត្សកន្លងមកនេះ ដោយសារចំណាប់អារម្មណ៍របស់យើងចំពោះនវានុវត្តន៍ និងការបន្ដផ្តោតការយកចិត្តទុកដាក់លើសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម។ ការណ៍ដែលមាន BNC ជាម្ចាស់ភាគហ៊ុនរបស់យើង ក៏បានជួយពង្រឹងទំនុកចិត្ត និងជំនឿជាក់លើទីផ្សាររបស់យើងផងដែរ។
តើអ្នកមានផែនការពង្រីកអ្វីខ្លះសម្រាប់ ABA?
យើងនឹងបន្តអនុវត្តយុទ្ធសាស្ត្រផ្តោតលើអតិថិជនជាគោល ហើយប្ដេជ្ញាផ្តល់សេវាកម្ម និងផលិតផលដែលពួកគាត់ត្រូវការ។ ចំណែកទីផ្សារ គឺជារឿងចុងក្រោយដែលយើងគិតគូរ នៅពេលយើងផ្ដល់ ឬបង្កើតសេវាកម្ម ឬផលិតផលអ្វីមួយ។ វាគ្រាន់តែជាលទ្ធផលនៃកិច្ចការរបស់យើង។ ទោះបីជាយើងបម្រើសេវាជូនដល់សាជីវកម្មធំ ៗ តាមរយៈសេវាកម្មប្រតិបត្តិការក៏ដោយ ក៏យើងនៅតែផ្តោតលើសហគ្រាសធុនតូច និងមធ្យមដែរ។ ប្រមាណ 90% នៃផលបត្ររបស់យើងនៅតែជា សហគ្រាសធុនតូច និងមធ្យម។ ខណៈដែលសេដ្ឋកិច្ចកម្ពុជាបន្ដរីកចម្រើន យើងក៏រីកចម្រើនទៅតាមនោះដែរ។
ការច្នៃប្រឌិតនាពេលអនាគត?
លោក Askhat Azhikhanov: ធនាគារ ABA កំពុងធ្វើការលើការរៀនម៉ាស៊ីន និងបញ្ញាសិប្បនិម្មិត រួមជាមួយនឹងវិធានការសុវត្ថិភាពតាមអ៊ីនធឺណិត។ ដោយសារយើងធ្វើប្រតិបត្តិការធនាគារឌីជីថលជាច្រើន យើងរក្សាផ្នត់គំនិតក្នុងការនាំយកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់អតិថិជនរបស់យើង និងផ្តល់នូវការចង់បានរបស់ពួកគេ។
ដោយ Diane Nowell
អានបន្ថែម៖ https://bit.ly/480PdNz