ពិធីបើកសម្ពោធសាខាកណ្តាលរបស់ធនាគារ ABA នៅមហាវិថីព្រះមុនីវង្ស
03/Sep/2011
នៅថ្ងៃសៅរ៍ ទី03 ខែកញ្ញា ឆ្នាំ2011ពិធីបើក សម្ពោធសាខាកណ្តាលថ្មីរបស់ ធនាគារ ABA នៅមហាវិថីព្រះមុនីវង្សត្រូវបានប្រារព្ធឡើង ដោយមានពិធី ប្រគល់ជូនអាជ្ញាប័ណ្ណធ្វើ ប្រតិបត្តិការផ្លូវការនិងកាត់ខ្សែបូសម្ពោធក្រោម អធិបតី ភាពលោកជំទាវ នាវ ច័ន្ទថាណា (ទេសាភិបាលរង) នៃធនាគារជាតិនៃកម្ពុជា។
ដោយសារធនាគារ ABA បានក្លាយជាធនាគារមួយរីកចម្រើនយ៉ាងឆាប់រហ័សបំផុតនៅក្នុងប្រទេសកម្ពុជា សាខាកណ្តាលថ្មីដែលមានទីតាំងនៅអគារលេខ #443A មហាវិថីព្រះមុនីវង្សត្រូវបានកសាង និងរចនាជាពិសេសសម្រាប់ជាមជ្ឈមណ្ឌលចម្បងបម្រើសេវាកម្មជូនអតិថិជនក្នុងគោលបំណងពង្រីកសមត្ថភាពផ្តល់សេវាកម្មជូនអតិថិជនដែលកំពុងតែកើនឡើងយ៉ាងឆាប់រហ័សរបស់ធនាគារ។
នេះរួមទាំងអគារធំទូលាយ និងបរិមាណគ្រប់គ្រាន់សម្រាប់ចតយានយន្តរបស់អតិថិជន ការរចនាផ្នែកខាងក្នុង និងខាងក្រៅយ៉ាងទាន់សម័យដោយមានបំពាក់បរិក្ខារទំនើប និងមាន បុគ្គលិកបន្ថែមដើម្បីបង្កើនគុណភាពសេវាកម្មជូនអតិថិជន ព្រមទាំងពង្រីកផ្នែកផ្តល់កម្ចី និងការផ្តល់នូវការទូទាត់ ដែលនៅមជ្ឈមណ្ឌលបម្រើអតិថិជន និងបន្ទប់ VIP ពិសេសចំនួនពីរសម្រាប់អតិថិជនឯកត្តជន និងអតិថិជនក្រុមហ៊ុន។
ការបើកសាខាកណ្តាលថ្មីគឺស្របពេលដែលធនាគារបានទទួលនូវភាពជោគជ័យជាលក្ខណៈអន្តរជាតិនាពេលថ្មីៗនេះ ដោយទទួលបានពានរង្វាន់មាសផ្នែកទូទាត់សាច់ប្រាក់ជាសកល និងការគ្រប់គ្រងសាច់ប្រាក់ប្រចាំឆ្នាំ2010 ពីធនាគារHSBC (HSBC Global Payments and Cash Management 2010 Golden Award) ព្រមទាំងក្លាយជាធនាគារទីមួយនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានជ្រើសរើស និងទទួលបានពានរង្វាន់ក្នុងក្របខ័ណ្ឌពានរង្វាន់ (“ធនាគារ លក់រាយប្រចាំឆ្នាំ”) នៅក្នុងប្រវត្តិនៃពានរង្វាន់ (ពានរង្វាន់ធនាគារ និងធនាគារ លក់រាយហិរញ្ញវត្ថុអាស៊ី) នៅក្នុង ប្រទេសសិង្ហបុរី។
បច្ចុប្បន្ន ធនាគារ ABA មានសាខាបម្រើសេវាចំនួន 9 នៅក្នុងរាជធានីភ្នំពេញ សៀមរាប និង បាត់ដំបង ព្រមទាំងមានគម្រោងពង្រីក និងបើកសាខាថ្មីនៅខេត្តកំពង់ចាម និងតាមបណ្តាខេត្ត ផ្សេងទៀតក្នុងពេលឆាប់ៗនេះផងដែរ។
សម្រាប់ព័ត៌មានបន្ថែមអំពីធនាគារ ABA Bank ឬសាខាកណ្តាលថ្មី សូមទំនាក់ទំនងមកកាន់ទូរស័ព្ទ 023 225 333 ឬតាមរយៈអ៊ីមែល [email protected] ឬចូលមើលវែបសាយត៍៖ www.ababank.com។
អំពីធនាគារ ABA៖
ធនាគារ ABA ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ1996 ហើយចាប់តាំងពីពេលនោះមក ធនាគារបានពង្រីកសាខាដោយមានបណ្តាញម៉ាស៊ីន ATM ជាច្រើន និងសេវាកម្មធនាគារប្រកបដោយបច្ចេកវិទ្យាទំនើបដូចជា iBanking និង eCare។
ធនាគារ ABA បានក្លាយជាធនាគារមួយដែលបានរីកចម្រើនយ៉ាងឆាប់រហ័សបំផុតនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយមានទ្រព្យសកម្មកើនឡើងចាប់ពី 51.7 លានដុល្លារអាមេរិករហូតដល់ 190 លានដុល្លារអាមេរិក ចាប់ពីឆ្នាំ2009 ដល់ខែសីហា ឆ្នាំ2011។ ប្រាក់បញ្ញើរបស់ធនាគារនេះបានកើនឡើងជិតបួនដងចាប់ពី 31.1 លានដុល្លារអាមេរិកនៅដំណាច់ ខែវិច្ឆិកា ឆ្នាំ2009 រហូតដល់ 153.1 លានដុល្លារអាមេរិក នៅខែសីហា ឆ្នាំ2011ខណៈដែលធនាគារ ABA ក៏បានបង្កើនចំនួនប្រាក់កម្ចីចាប់ពី 34 លានដុល្លារអាមេរិក រហូតដល់ 94.5 លានដុល្លារ អាមេរិកនៅខែធ្នូ ឆ្នាំ2010។
បច្ចុប្បន្ន ធនាគារ ABA ផ្តល់ជូនអតិថិជនរបស់ខ្លួននូវសេវាផលិតផលជាច្រើនប្រភេទរួមមានគណនីបញ្ញើអាចបត់បែនបានប្រាក់កម្ចីសម្រាប់អាជីវកម្ម ឥណទានទិញរថយន្ត ឥណទានទិញ ទោចក្រយានយន្តនិងឥណទានទិញអចលនទ្រព្យ ព្រមទាំងកាត Visa និង MasterCard ផងដែរ។