ABA ជាប់ជា “ធនាគារហិរញ្ញប្បទាន ពាណិជ្ជកម្មឆ្នើមបំផុតប្រចាំឆ្នាំ2018”
24/Jan/2018
ធនាគារ ABA ទទួលបានពានរង្វាន់ “ធនាគារហិរញ្ញប្បទានពាណិជ្ជកម្មឆ្នើមបំផុតប្រចាំឆ្នាំ2018” ពីទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ Global Finance ជាលើកទីពីរក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា។ ឈ្មោះស្ថាប័នហិរញ្ញវត្ថុជ័យលាភីប្រចាំតំបន់និងអន្តរជាតិ ត្រូវបានប្រកាសនៅក្នុងពិធីពិសាអាហារថ្ងៃត្រង់នាថ្ងៃទី 17 ខែមករា ឆ្នាំ2018 ក្នុងទីក្រុងឡុង។
គណៈវិនិច្ឆយរបស់ ទស្សនាវដ្តីហិរញ្ញវត្ថុ Global Finance បានជ្រើសធនាគារហិរញ្ញប្បទានពាណិជ្ជកម្មឆ្នើម អាស្រ័យលើទិន្នន័យពីធនាគារ និង អ្នកវិភាគក្នុងវិស័យ អមនឹងអ្នកជំនាញនានា។ លក្ខខណ្ឌសម្រាប់ការជ្រើសរើសរួមមាន ទំហំនៃប្រតិបត្តិការ, វិសាលគមនៃការគ្របដណ្តប់ជាសកល, ការបម្រើសេវាជូនអតិថិជន, ការផ្តល់អត្រាដែលមានការប្រកួតប្រជែងខ្ពស់, និងការអភិវឌ្ឍបច្ចេកវិទ្យាដែលមានការច្នៃប្រឌិតខ្ពស់។
ពាក់ព័ន្ធនឹងការទទួលពានរង្វាន់នេះ លោក Zhiger Atchabarov នាយកប្រតិបត្តិការអន្តរជាតិរបស់ធនាគារ ABA បានមានប្រសាសន៍ថា៖ ”ការទទួលបានពានរង្វាន់នេះសបញ្ជាក់ពីការបម្រើសេវាល្អឥតខ្ចោះរបស់ប្រតិបត្តិការហិរញ្ញប្បទានពាណិជ្ជកម្មជូនដល់អតិថិជន។ ធនាគារ ABA តែងតែជួយគាំទ្រយ៉ាងពេញទំហឹងដល់ដំណើរការអាជីវកម្មរបស់សហគ្រិនក្នុងស្រុក ហើយយើងមានអ្នកជំនាញដែលមានវិជ្ជាជីវៈខ្ពស់ ដើម្បីផ្តល់ជូននូវសេវាកម្មដែលល្អបំផុតសម្រាប់ដំណើរការនាំចូល នាំចេញនានា។”
លោក Joseph D. Giarraputo និពន្ធនាយក និងនាយកផ្នែកបោះពុម្ពនៃទស្សនាវដ្តី ហិរញ្ញវត្ថុ Global Finance បានមានប្រសាសន៍ថា៖” ទស្សនាវដ្តី ហិរញ្ញវត្ថុ Global Finance មានសេចក្តីរីករាយក្នុងការផ្តល់កិតិ្តនាមជូនធនាគារហិរញ្ញប្បទានពាណិជ្ជកម្មដែលមិនទាន់មានវិសាលភាពធំ ប៉ុន្តែមានយុទ្ធសាស្ត្រដ៏ឆ្លាតវៃក្នុងការជួយឲ្យអតិថិជនសម្រេចគោលដៅអាជីវកម្មរបស់ពួកគេ។” លោកបានបន្ថែមទៀតថា៖ “ក្នុងប្រទេសកម្ពុជា ធនាគារ ABA បានបន្តពង្រីកប្រតិបត្តិការហិរញ្ញប្បទានពាណិជ្ជកម្ម ដើម្បីផ្ដល់សេវាហិរញ្ញប្បទានពាណិជ្ជកម្មទំនើបពេញលេញជូនដល់អតិថិជនជានិច្ច។ ចំណេះដឹងរបស់ធនាគារអំពីលក្ខខណ្ឌនានារបស់ទីផ្សារក្នុងស្រុក, តម្រូវការអតិថិជន, ជំហរហិរញ្ញវត្ថុរឹងមាំ, ទំនាក់ទំនងជាយុទ្ធសាស្ត្រ, កម្រៃដែលមានការប្រកួតប្រជែងខ្ពស់, មូលធនវិនិយោគ, និងការច្នៃប្រឌិតខ្ពស់ធ្វើឲ្យធនាគារ ABA មានភាពលេចធ្លោក្នុងទីផ្សារ។ ធនាគារ ABA បំពេញបានល្អឥតខ្ចោះ សម្រាប់តម្រូវការពិសេសជាក់លាក់របស់អាជីវកម្មដែលត្រូវការធ្វើពាណិជ្ជឆ្លងប្រទេស។”
សេវាហិរញ្ញប្បទានពាណិជ្ជកម្មរបស់ធនាគារ ABA ផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុនិងជម្រើសដើម្បីគាំទ្រហរិញ្ញប្បទានពាណិជ្ជកម្មទាំងក្នុងប្រទេសកម្ពុជានិងក្រៅស្រុក។ ដោយមានការគាំទ្រយ៉ាងរឹងមាំពីធនាគារជាតិកាណាដា ធនាគារ ABA ស្ថិតក្នុងទីតាំងដ៏រឹងមាំក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ និងផ្តល់ជូននូវសេវាកម្មដ៏ល្អបំផុតជូនសហគ្រិន។ ក្នុងឆ្នាំ2017 ធនាគារមានអតិថិជនដែលប្រើប្រាស់សេវាហិរញ្ញប្បទានពាណិជ្ជកម្មកើនឡើងទ្វេដងបើប្រៀបធៀបនឹងឆ្នាំ2016 កន្លងមក។
ដើម្បីស្វែងយល់បន្ថែមពីសេវាហិរញ្ញប្បទានពាណិជ្ជកម្មរបស់ ABA សូមចូលទៅកាន់ទំព័រ ហិរញ្ញប្បទានពាណិជ្ជកម្ម។
អំពីទស្សនាវដ្តី Global Finance
Global Finance គឺជាទស្សនាវដ្តីចេញផ្សាយប្រចាំខែ ដែលបង្កើតឡើងតាំងពីឆ្នាំ 1987។ ទស្សនាវដ្តីនេះមានបេសកកម្មជួយដល់អ្នកដឹកនាំសាជីវកម្ម, ធនាគារិក, និងវិនិយោគិនក្នុងការធ្វើផែនការតម្រង់ទិសតាមហិរញ្ញវត្ថុនិងពាណិជ្ជកម្មសកល។ ទស្សនាវដ្តី Global Finance មានអ្នកអានក្នុងប្រទេសចំនួន 163 និងមានស្នាក់ការកណ្តាលក្នុងទីក្រុងញូយ៉ក និងការិយាល័យនៅទីក្រុងឡុង និងមីឡាន។ អ្នកអានទស្សនាវដ្តី Global Finance ភាគច្រើនជា ប្រធានក្រុមប្រឹក្សាភិបាល, អគ្គនាយកក្រុមហ៊ុន, នាយកប្រតិបត្តិ, នាយកហិរញ្ញវត្ថុ, រតនាគារិក និងប្រធានហិរញ្ញវត្ថុជាន់ខ្ពស់ ដែលមានតួនាទីសំខាន់ក្នុងការសម្រេចចិត្ត និងការសម្រេចចិត្តលើយុទ្ធសាស្ត្រក្នុងស្ថាប័ន, ក្រុមហ៊ុនអន្តរជាតិ, និងស្ថានប័នហិរញ្ញវត្ថុនានា។
ជារៀងរាល់ឆ្នាំ Global Finance បានធ្វើការជ្រើសរើសស្ថាប័នហិរញ្ញវត្ថុដែលល្អបំផុតនៅទូទាំងពិភពលោក។ ពានរង្វាន់ទាំងនេះត្រូវបានទទួលស្គាល់ និងមានជឿទុកចិត្តតាមឧត្តមភាពស្តង់ដាររបស់សហគមន៍ហិរញ្ញវត្ថុសកល។