​វឌ្ឍនភាព​ថ្មី​នៃ​សហគមន៍​៖​ ធនាគារ​ ABA​ បើក​ថ្នាក់​ចំណេះដឹង​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដាច់​ស្រយាល​ក្នុង​ខេត្តរតនគិរី​

24/Jan/2023

FinLit in Ratanakiri -1FinLit in Ratanakiri -1
FinLit in Ratanakiri -2FinLit in Ratanakiri -2
FinLit in Ratanakiri -3FinLit in Ratanakiri -3
FinLit in Ratanakiri -4FinLit in Ratanakiri -4

នៅ​ក្នុងស្រុក​ដាច់​ស្រយាល​មួយ​ចំនួន​នៅ​ខេត្តរតនគិរី​ ប្រជាពលរដ្ឋ​ភាគច្រើន​ជា​ជនជាតិ​ដើម​ភាគតិច​ ដែល​ប្រកប​របរ​ដាំ​ដំណាំ​សម្រាប់​ចិញ្ចឹមជីវិត​ដូច​ជា​ ស្វាយចន្ទី​ ស​ណែ្ដ​ក​សៀង​ សណ្ដែកខៀវ​ ដំណាំ​ស្រូវ​ និង​ដំឡូងឈើ​ជាដើម​។​ ការ​ដាំ​ដំណាំ​នេះ​ គឺជា​ប្រភព​ចំណូល​បន្ថែម​លើ​ចំណូល​ ដែល​បាន​មក​ពី​ការ​អាស្រ័យ​អនុ​ផល​ព្រៃឈើ​ កសិកម្ម​ពនេចរ​ និង​ការ​ចិញ្ចឹមសត្វ​ ដែល​ជា​មុខរបរ​ប្រពៃណី​របស់​ពួក​គាត់​។​ ​

ជា​ធម្មតា​ ប្រភព​ចំណូល​ពី​មុខរបរ​ទាំងនេះ​ អាច​ផ្គត់ផ្គង់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ​ពួក​គាត់​បាន​គ្រប់គ្រាន់​ ប៉ុន្ដែ​មក​ទល់​បច្ចុប្បន្ន​ គ្រប់យ៉ាង​បាន​ផ្លាស់​ប្ដូរ​ នៅ​ពេល​ដែល​ក្រុម​គ្រួសារ​ភាគច្រើន​ប្រាថ្នា​ចង់​បានការ​រស់នៅ​បែប​សម្ភារ​និយម​ ដូច​អ្នក​រស់នៅ​ទីប្រជុំជន​ដែរ​។​ ​

ពួក​គាត់​ចាប់ផ្ដើម​ចំណាយ​ប្រាក់​កាស​លើ​សម្ភារៈ​មួយ​ចំនួន​ដូច​ជា​ ម៉ូតូ​ ឡាន​ និង​សម្លៀក​បំពាក់​ម៉ូ​ដ​ថ្មីៗ​ ហើយ​តែង​មានការ​ជួបជុំ​ជប់លៀង​ជា​ញឹកញាប់​។​ នៅ​ពេល​ពួក​គាត់​ខ្វះខាត​លុយកាក់​ ដើម្បី​ផ្គត់ផ្គង់​ការ​រស់នៅ​បែប​ថ្មី​នេះ​ ពួក​គាត់​បាន​ចាប់ផ្ដើម​ខ្ចីបុល​ពី​អ្នក​ចងការ​ប្រាក់​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​ស្រុកភូមិ​។​ ខណៈ​ដែល​ពួក​គាត់​អាច​រក​ខ្ចីប្រាក់​គេ​បាន​ហើយ​ បញ្ហា​ពាក់ព័ន្ធ​នឹង​កម្ចី​ក៏​កើត​មាន​ឡើង​ផង​ដែរ​ ដូច​ជា​កម្ចី​មាន​អត្រា​ការ​ប្រាក់​ខ្ពស់​ និង​បំណុល​កើនឡើង​។​ ​

សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ដាច់​ស្រយាល​ទាំងនេះ​មាន​លក្ខណៈ​បែប​គ្រួសារ​សាមញ្ញ​ ដែល​មិនសូវ​ចាយវាយ​ប្រាក់​កាស​ច្រើន​ប៉ុន្មាន​ទេ​ ដូច្នេះ​ពួក​គាត់​មាន​បទ​ពិសោធ​ និង​ការ​យល់​ដឹង​តិចតួច​ អំពី​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​។​ ជា​លទ្ធផល​ ពួក​គាត់​មាន​បំណុល​វ័ណ្ឌ​ ក​ ដែល​មិន​អាច​រ៉ាប់រង​ទូទាត់​ការ​ប្រាក់​ប្រចាំខែ​បាន​។​ បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ​ ខ្វះ​ទាំង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ទាំង​ជំនាញ​ក្នុង​ការ​រៀបចំ​ផែនការ​រយៈពេល​វែង​ និង​ទាំង​ជំនាញ​រៀបចំ​កញ្ចប់​ថវិកា​សម្រាប់​ចំណាយ​ប្រចាំ​ថ្ងៃ​ ដែល​នាំ​ឲ្យ​ពួក​គាត់​ជំពាក់​បំណុល​ច្រើន​ ហើយ​ត្រូវ​បង្ខំចិត្ត​លក់​ដីធ្លី​ និង​ទ្រព្យសម្បត្តិ​ផ្សេងៗ​ ដើម្បី​ទូទាត់​សងបំណុល​ទាំងនោះ​។​ ​

ដើម្បី​ដោះស្រាយ​បញ្ហា​ដ៏​ស្មុគស្មាញ​នេះ​ ធនាគារ​ ABA​ និង​ក្រុមហ៊ុន​របស់​កា​ណា​ដា​ Angkor​ Resources​ Corp.​ ដែល​ជា​ដៃគូ​អនុវត្ត​កិច្ចការ​ទំនួល​ខុស​ត្រូវ​សង្គម​ (CSR)​ របស់​ ABA​ បាន​រៀបចំ​ និង​បង្កើត​ “​កម្មវិធី​ពង្រឹងសមត្ថភាព​ប្រជា​សហគមន៍​នៅ​តំបន់​ដាច់​ស្រយាល​ តាម​រយៈ​ថ្នាក់​ចំណេះដឹង​ហិរញ្ញវត្ថុ​”​ ក្នុង​គោលបំណង​អភិវឌ្ឍ​ចំណេះដឹង​ និង​ជំនាញ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ទាំងនោះ​ ហើយ​អាច​ឲ្យ​ពួក​គាត់​ពង្រឹង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​គ្រួសារ​ ប្រកបដោយ​ភាព​ឈ្លាសវៃ​ និង​ក្នុង​ឥរិយាបថ​ល្អ​ប្រសើរ​។

​តាម​រយៈ​កម្មវិធី​នេះ​ ABA​ បាន​បង្ហាញ​អំពី​បេសកកម្ម​ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ ក្នុង​ដំណើរការ​ធុរកិច្ច​ ដែល​យកចិត្តទុកដាក់​លើ​អនាគត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ និង​សង្គម​ជាតិ​។​ ABA​ មាន​ប្រវត្តិ​ដ៏​ល្អ​ ក្នុង​ការ​អនុវត្ត​វិធីសាស្ដ្រ​ផ្ដល់​ជូន​តែ​កម្ចី​ណា​ដែល​មាន​ផលិតភាព​ល្អ​ ហើយ​គាំទ្រ​ដល់​វិស័យសេដ្ឋកិច្ច​ពិតប្រាកដ​ និង​យកចិត្តទុកដាក់​ចំពោះ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន​កម្ចី​។​ ការ​ជំពាក់​បំណុល​វ័ណ្ឌ​ ក​ គឺជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ ដែល​ត្រូវការ​ដំណោះស្រាយ​ ស្រប​ទៅ​នឹង​គុណ​តម្លៃ​របស់​ ABA​ ហើយ​ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ធនាគារ​ចូលរួម​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​នេះ​ផង​ដែរ​។​ ​

កម្មវិធី​ ចំណេះដឹង​ហិរញ្ញវត្ថុ​ បាន​ចាប់ផ្ដើម​ដោយ​ការ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ (ToT)​ ចំនួន​ 14​ រូប​ ក្រោម​ការ​គាំទ្រ​ពី​ក្រុមការងារ​ឥណទាន​របស់​ ABA​។​ ការ​បណ្ដុះបណ្ដាល​ដំណាក់កាល​ទី​មួយ​ ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ខែកញ្ញា​ ឆ្នាំ​ 2022​ ដោយ​មាន​ 9​ វគ្គ​ ចូលរួម​ដោយ​ក្រុម​ជនជាតិភាគតិច​ចំនួន​ 4​ ក្រុម​ (​គ្រឹ​ង​,​ ព្រៅ​,​ ទំពួន​ និង​ចា​រ៉ា​យ​)​។​ វគ្គ​បណ្ដុះបណ្ដាល​នេះ​ បាន​ធានា​ឲ្យ​មានការ​ចូលរួម​ និង​ការ​យល់​ដឹង​ជា​អតិបរមា​ ពិសេស​ពី​ស្ដ្រី​ និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ ដែល​ពុំ​សូវ​មានឱកាស​ទទួល​បានការ​រៀនសូត្រ​។​ អ្នកចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​សរុប​មាន​ចំនួន​ 204​ រូប​ ដែល​ក្នុង​នោះ​ជាង​ 50%​ គឺជា​ស្ដ្រី​។

​ការ​បណ្ដុះបណ្ដាល​កន្លង​ទៅ​ បាន​ផ្ដល់​ផល​វិជ្ជមាន​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​។​ ជំនួស​ឲ្យ​ការ​ពឹងផ្អែក​ទាំងស្រុង​លើ​កម្ចី​ដើម្បី​បាន​ប្រាក់​យ៉ាង​ឆាប់រហ័ស​នោះ​ ពួក​គាត់​បាន​រក​ឃើញ​មធ្យោបាយ​សម្រាប់​បង្កើន​ចំណូល​ជា​ច្រើន​ផ្សេង​ទៀត​ និង​ចេះ​អំពី​របៀប​គ្រប់គ្រង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​គាត់​។​ ឥឡូវនេះ​ អ្នក​ភូមិ​ចាប់ផ្តើម​ស្វះ​ស្វែងរក​វិធីសាស្ដ្រ​ដើម្បី​បង្កើន​ចំនូល​ ជា​ជាង​អង្គុយ​រង់ចាំ​ប្រមូល​ផល​តែ​ពី​ដំឡូងឈើ​ និង​ស្វាយចន្ទី​តែ​មួយ​មុខ​។​ គ្រួសារ​ខ្លះ​បាន​ផ្លាស់​ទីលំនៅ​បណ្ដោះអាសន្ន​ ដើម្បី​ធ្វើស្រែ​ប្រវាស់​ និង​ស្វែងរក​ឱកាស​ការងារ​បន្ថែម​។​ ហើយ​អ្នក​ភូមិ​ខ្លះ​ទៀត​ ចាប់ផ្តើម​បង្កបង្កើន​ផល​បន្ថែម​ ដូច​ជា​ដំណាំ​កា​កាវ​ និង​ទុរេន​ជាដើម​។​ ​

ការ​តាំងចិត្ត​របស់​អ្នក​ភូមិ​ដែល​បាន​ចូលរួម​កម្មវិធី​នេះ​ពិតជា​មាន​ខ្ពស់​ ហើយ​ដើម្បី​ឲ្យ​ឆន្ទៈ​នេះ​នៅ​តែ​បន្ដ​ ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ Angkor​ Resources​ Corp.​ គ្រោង​រៀបចំ​បើក​ថ្នាក់​ចំណេះ​ដឹ​ង្ម​ហិរញ្ញវត្ថុ​ដំណាក់កាល​បន្ទាប់​ ក្រោយ​ខែ​ប្រមូល​ផលដំណាំ​រួចរាល់​។​ ​

លោក​ Gordon​ Paterson​ ប្រធាន​អភិវឌ្ឍន៍​គម្រោង​ឯករាជ្យ​ក្នុង​ខេត្តរតនគិរី​មាន​ប្រសាសន៍​ថា​ “​ពី​ដំបូង​ ប្រជាពលរដ្ឋ​ជា​ច្រើន​មិន​បានដឹង​អំពី​សារៈសំខាន់​នៃ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ទេ​។​ ប៉ុន្ដែ​ក្រោយមក​ ពួក​គាត់​បាន​ប្រាប់​គ្រូ​បណ្តុះបណ្តាល​ថា​ អ្នក​ភូមិ​ទាំងឡាយ​បាន​យល់​ជ្រួតជ្រាប​ពី​ខ្លឹមសារ​មេរៀន​ ហើយ​ពួក​គាត់​ពិតជា​សប្បាយចិត្ត​ណាស់​”​។​ ​

លោក​ពន្យល់​បន្ថែម​ថា​ “​ឥឡូវនេះ​ ពួក​គាត់​ស្គាល់​ច្បាស់​អំពី​អនាគត​សហគមន៍​របស់​ពួក​គាត់​ ហើយ​បាន​លើកទឹកចិត្ត​ដល់​គ្រូ​បង្គោល​ ឲ្យ​បន្ដ​វគ្គ​បណ្ដុះបណ្ដាល​ និង​ចែករំលែក​មេរៀន​ ក៏​ដូច​ជា​សារ​គន្លឹះ​សំខាន់ៗ​ទៅ​កាន់​សហគមន៍​ផ្សេង​ទៀត​ ដើម្បី​ឲ្យ​ពួក​គាត់​កាន់តែ​មាន​ភាព​ជឿជាក់​ និង​ទំនុកចិត្ត​ ក្នុង​ការ​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​របស់​គាត់​កាន់តែ​ប្រសើរ​ឡើង​”​។

​​លោក​ ថែ​ បូ​ មាន​វ័យ​ 43​ ឆ្នាំ​ បាន​មាន​ប្រសាសន៍​បន្ទាប់​ពី​វគ្គ​បណ្ដុះបណ្ដាល​នេះ​ថា​ “​ខ្ញុំ​សូម​អរគុណ​ដល់​គ្រូ​បង្គោល​របស់​ធនាគារ​ ABA​ ដែល​ [​បាន​ជួយ​បង្រៀន​ពួក​យើង​ឲ្យ​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​គ្រប់គ្រង​ និង​ចាត់ចែង​លុយកាក់​ ថែម​ទាំង​]​ ផ្ដល់​ឯកសារ​ និង​មេរៀន​ទាំងនេះ​ដល់​ពួក​យើងខ្ញុំ​។​ មុន​វគ្គ​បណ្ដុះបណ្ដាល​ អ្នក​ភូមិ​ក៏​ដូច​ជា​ខ្ញុំ​ផ្ទាល់​ មិន​បាន​យល់​ដឹង​ច្រើន​អំពី​ការ​គ្រប់គ្រង​ចំណូល​ចំណាយ​ប្រចាំ​ថ្ងៃ​ឡើយ​។​ ឥឡូវនេះ​ ពួក​យើង​បានដឹង​អំពី​បញ្ហា​នេះ​ ហើយ​ប្ដេជ្ញា​ស្វែងរក​មធ្យោបាយ​ផ្សេងៗ​ ដើម្បី​បង្កើន​ប្រាក់​ចំណូល​ សម្រាប់​រៀបចំ​ផែនការ​អនាគត​ក្រុម​គ្រួសារ​របស់​យើង​។​ ជា​ថ្មី​ម្ដងទៀត​ ខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ ABA​ ដែល​បាន​មក​ទី​នេះ​ ដើម្បី​ពួក​យើង​”​។​ ​

ដោយ​មើលឃើញ​ពី​លទ្ធផល​ដ៏​ល្អ​ប្រសើរ​នៃ​វគ្គ​បណ្តុះបណ្តាល​ដំណាក់កាល​ដំបូង​នេះ​ ទាំង​ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ Angkor​ Resources​ Corp.​ នឹង​ពង្រីក​កម្មវិធី​នេះ​ទៅ​កាន់​ភូមិ​ស្រុក​ជា​ច្រើន​ទៀត​ ហើយ​បន្ដ​ធ្វើការ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​សម្រាប់​អ្នក​ភូមិ​ដាច់​ស្រយាល​។​ សូចនាករ​មួយ​ ដែល​ធ្វើ​ឲ្យ​កម្មវិធី​អាច​រីក​សុះសាយ​បាន​ឆាប់រហ័ស​នោះ​គឺ​ បន្ទាប់​ពី​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ជុំ​ទី​មួយ​រួច​មក​ គ្រូ​បង្គោល​កំពុង​ផ្សព្វផ្សាយ​កម្មវិធី​នេះ​ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន​ ហើយ​បាន​ចាប់ផ្ដើម​បង្រៀន​វគ្គ​ថ្មី​នៅ​ភូមិ​ក្បែរៗ​នោះ​ ដោយ​ខ្លួន​ពួក​គាត់​ផ្ទាល់​។

​​ស្រប​ជាមួយនឹង​ការ​អនុវត្ត​កម្មវិធី​នេះ​ ABA​ បាន​នឹង​កំពុង​បន្ដ​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​ផ្សេងៗ​ទៀត​លើ​ផ្នែក​ចំណេះ​ដឹ​ង្ម​ និង​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​។​ ក្នុង​ឆ្នាំ​ 2022​ ធនាគារ​បាន​គាំទ្រ​ធនាគារជាតិ​នៃ​កម្ពុជា​ ដើម្បី​អនុវត្ត​គម្រោង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​កុមារ​ ដោយ​បោះ​ពុ​ម្ភ​សៀវភៅ​ហិរញ្ញវត្ថុ​បែប​ត្លុក​ចំនួន​ 5000​ ក្បាល​ ចែក​ជូន​សិស្ស​កម្រិត​បឋម​សិក្សា​។​ ABA​ បាន​ឧបត្ថម្ភ​ សហគ្រិន​ខ្មែរ​ ក្នុង​កម្មវិធី​ ត្រៀមខ្លួន​ដើម្បី​ទទួល​បានការ​វិនិយោគ​ និង​កម្មវិធី​ ការ​ប្រកួតប្រជែង​សហគ្រិន​ស្ត្រី​ ដើម្បី​គាំទ្រ​ដល់​ធុរកិច្ច​ថ្មី​ និង​សហគ្រិន​ស្ដ្រី​ក្នុង​ការ​អភិវឌ្ឍ​គំនិត​អាជីវកម្ម​របស់​ពួក​គេ​។​ ABA​ ក៏​បាន​ឧបត្ថម្ភ​កម្មវិធី​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ​ថ្នាក់​តំបន់​ដូច​ជា​ ទិវា​សន្សំ​អាស៊ាន​ 2022​ និង​វេទិកា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ 40​ និង​ 41​ ផង​ដែរ​៕