ពង្រឹងនវានុវត្តជនជំនាន់ក្រោយ តាមរយៈកម្មវិធី Turing Hackathon 2024
21/Oct/2024
ក្នុងនាមជាគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខគេ ABA មានកិត្តិយសក្លាយជាអ្នកឧបត្ថម្ភផ្តាច់មុខ នៃកម្មវិធី Turing Hackathon រដូវកាលទី 7 ។
រៀបចំឡើងដោយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (TSC) កម្មវិធីរយៈពេល 5 ថ្ងៃ ដ៏មមាញឹកនេះ មានគោលបំណងដើរតួជាវេទិកាសម្រាប់ សិស្សនិស្សិត យុវជន នវានុវត្តជន និងធុរកិច្ចថ្មី ចូលរួមបំផុសគំនិតអាជីវកម្មឌីជីថល ដែលស្របនឹងតម្រូវការទីផ្សារ និងសង្គមដែលកំពុងខ្វះខាត។
កម្មវិធី Hackathon ឆ្នាំនេះ បានផ្តោតលើប្រធានបទសំខាន់ៗចំនួនបី ដូចជា ការធ្វើដំណើរ និងទេសចរណ៍ ការកម្សាន និងការរស់នៅ និងប្រព័ន្ធបច្ចេកវិទ្យាជំនួយអាជីវកម្ម។ បេក្ខជនទោលនីមួយៗ នឹងបង្កើតជាក្រុម ផ្អែកទៅលើប្រធានបទដែលពួកគេបានជ្រើសរើស។
នៅថ្ងៃទី 20 ខែតុលា ឆ្នាំ 2024 កម្មវិធី Hackathon បានបញ្ចប់ទៅជាមួយ ការបង្ហាញជាសាធារណៈ (Demo Day) និងពិធីប្រគល់រង្វាន់ដល់ជ័យលភី ដែលមានការទន្ទឹងរង់ចាំជាច្រើន។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកស្រី ហ៊ាន ឡូរីដា នាយករងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៅការិយាល័យកណ្តាលរបស់មជ្ឈមណ្ឌលផ្ទាល់។
លោក ឃី ឧត្តម អ្នកឯកទេសដំណោះស្រាយសេវាទូទាត់នៃធនាគារ ABA មានកិត្តិយសក្នុងការថ្លែងសុន្ទរកថាចំណាប់អារម្មណ៍ ព្រមទាំងបានចូលរួមជាគណៈកម្មាការទៅលើក្រុមប្រកួតផ្តាច់ព្រ័ត្រ។
លោក ឃី ឧត្តម មានប្រសាសន៍ថា “នៅធនាគារ ABA យើងខ្ញុំជឿជាក់ថាកម្មវិធីដូច Turing Hackathon មានសារៈសំខាន់ក្នុងការបណ្តុះបណ្តាលនវានុវត្តជន និងសហគ្រិនជំនាន់ក្រោយ។ យើងខ្ញុំ មានមោទនភាពណាស់ ដែលបានរួមចំណែកក្នុងចលនាដែលលើកទឹកចិត្តយុវជន ក្នុងការជំរុញលើសពីអ្វីដែលអាចធ្វើទៅបាន។”
ក្នុងកម្មវិធីនេះ ABA បានរួមចំណែកយ៉ាងសកម្ម ដោយផ្តល់បទបង្ហាញលើប្រធានបទសេវាកម្ម e-Merchant ដើម្បីជាព័ត៌មាន ដល់អ្នកចូលរួមទាំងអស់ ទៅលើដំណោះស្រាយដែលធនគារអាចជួយដល់ប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។
ABA នៅតែបន្តប្តេជ្ញាចិត្តគាំទ្រការផ្តួចផ្តើមដែលបណ្តុះគំនិតថ្មីៗ ដែលរួមចំណែកដល់ ការអភិវឌ្ឍជំនាញ និងវឌ្ឍនភាពឌីជីថល។