ក្នុងទិសដៅលើកកម្ពស់ សហគ្រាសធុនតូច និងមធ្យម ធនាគារ ABA បានឧបត្ថម្ភ កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី3

19/Mar/2024

ABA DPA Cohort 3 KHABA DPA Cohort 3 KH
ABA DPA Cohort 3 KH-1ABA DPA Cohort 3 KH-1
ABA DPA Cohort 3 KH-2ABA DPA Cohort 3 KH-2
ABA DPA Cohort 3 KH-3ABA DPA Cohort 3 KH-3

ABA ដែលជាធនាគារពាណិជ្ជធំជាងគេ និងជាអ្នកផ្ដល់សេវាធនាគារឌីជីថលឈានមុខគេនៅកម្ពុជា បានក្លាយជា Diamond Sponsor នៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី3 (DPA) របស់មជ្ឍមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" ។

DPA គឺជាកម្មវិធីពន្លឿនអាជីវកម្មមួយ ដែលមានរយៈពេល 16 សប្ដាហ៍ និងត្រូវបានរៀបចំឡើង ដើម្បីគាំទ្រធុរកិច្ចឌីជីថលថ្មីៗដែលអាចផ្ដល់នូវថ្នាលឌីជីថលប្រកបដោយនវានុវត្តន៍ (ការអនុវត្តបែបថ្មី) សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ហើយចាប់ផ្ដើមអនុវត្តធុរកិច្ចបែបឌីជីថល ទៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។

ពិធីសម្ពោធបើកដំណើរការនៃ កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវទី 3 បានប្រព្រឹត្តទៅកាលពីថ្ងៃទី 18 ខែមីនា ឆ្នាំ 2024នៅការិយាល័យនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ភ្ញៀវកិត្តិយស និងអ្នកចូលរួមជាច្រើនរូបទៀត។

នៅក្នុងពិធីសម្ពោធនោះផ្ទាល់ លោកស្រី ធាម រមណីយ នាយិកាទំនាក់ទំនងគូភាគី - ប្រធានគ្រប់គ្រងតំបន់ ABA បានថ្លែងសុន្ទរកថាបើកកម្មវិធី ដោយរំលេចនូវការប្ដេជ្ញាចិត្តរបស់ធនាគារ ក្នុងការគាំទ្រនវានុវត្តន៍ និងសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា។

លោកស្រីបានមានប្រសាសន៍ថា “នៅធនាគារ ABA យើងខ្ញុំជឿជាក់លើដំណើរវឌ្ឍនភាពនៃការរួមបញ្ចូលគ្នារវាងនវានុវត្តន៍ និងសហគ្រិនភាព។ ការឧបត្ថម្ភគាំទ្ររបស់យើងខ្ញុំសម្រាប់ កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី3 បញ្ជាក់ពីការយកចិត្តទុកដាក់របស់ធនាគារយើងខ្ញុំ ក្នុងការគាំទ្រធុរកិច្ចថ្មីៗនៅកម្ពុជា ដែលអាចផ្ដល់មធ្យោបាយ និងពង្រឹងសមត្ថភាពសម្រាប់ MSMEs ក្នុងការទទួលយកឌីជីថលូបនីយកម្ម។ យើងខ្ញុំមានជំនឿជឿជាក់ថា កម្មវិធីនេះនឹងបណ្តុះនូវដំណោះស្រាយល្អៗ និងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា”។

តាមរយៈការឧបត្ថម្ភក្នុងកម្មវិធីនេះ សម្រាប់រដូវកាលទី 3 ABA បង្ហាញពីការប្ដេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការជំរុញប្រព័ន្ធអេកូធុរកិច្ចថ្មីដែលកំពុងរីកចម្រើននៅកម្ពុជា។

ការគាំទ្រដល់ធុរកិច្ចនវានុវត្តទាំងនេះទៀតសោត ABA ដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងជំរុញវប្បធម៌នៃការច្នៃប្រឌិតនៅក្នុងប្រទេស។