ទស្សនាវដ្តី Euromoney ប្រសិទ្ធនាម ABA ជាធនាគារដ៏ឆ្នើមបំផុតប្រចាំឆ្នាំ2017
14/Jul/2017
ធនាគារ ABA សមាជិកពេញសិទ្ធិនៃសម្ព័ន្ធធនាគារជាតិកាណាដាត្រូវបានប្រសិទ្ធនាមជា”ធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ 2017” ពីទស្សនាវដ្តីហិរញ្ញវត្ថុលំដាប់ពិភពលោកគឺ Euromoney។ ពានរង្វាន់នេះជាជ័យលាភីដែល ABA ទទួលបានរយៈពេលបួនឆ្នាំជាប់ៗគ្នាពីស្ថាប័នដ៏ល្បីមួយនេះ។
ឆ្នាំនេះផ្ទាល់ ការកត់សម្គាល់របស់ Euromoney ទៅលើ ABA ដោយផ្តល់ពានរង្វាន់ជាធនាគារដ៏ឆ្នើមប្រចាំឆ្នាំក្នុងប្រទេសកម្ពុជា គឺផ្អែកទៅលើភាពរីកចម្រើននៃដំណើរការ អភិវឌ្ឍដ៏មានសក្តានុពលក្នុងការពង្រីកបណ្តាញសាខាក្នុងរយៈពេលមួយឆ្នាំពេញ និងការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងគុណភាពជាលក្ខណៈស្តង់ដារសម្រាប់បម្រើជូនដល់អតិថិជនតាមរយៈគោលការណ៍យុទ្ធសាស្ត្រនៃការផ្តល់ជូនដល់អតិថិជននូវដំណោះស្រាយធនាគារតាមបែបឌីជីថល។ លក្ខខណ្ឌ ទាំងនេះហើយដែលអនុញ្ញាតឲ្យធនាគារអាចផ្តល់ជូនសេវាកម្មនិងផលិតផលចម្រុះ និងការពង្រីកមូលដ្ឋានអតិថិជនដែលចេះតែបន្តប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស។
ថ្លែងក្នុងឱកាសនៃការទទួលពានរង្វាន់នេះ លោក Askhat Azhikhanov នាយកប្រតិបត្តិ របស់ធនាគារ ABA បានមានប្រសាសន៍ថា៖“ យើងមានកិត្តិយសក្នុងការទទួលបាននូវពានរង្វាន់ដ៏អស្ចារ្យនេះបួនឆ្នាំជាប់ៗគ្នាពីស្ថាប័នអន្តរជាតិនេះ។ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលចំពោះអតិថិជនយើងទាំងអស់ដែលបានជឿទុកចិត្ត និងសូមអរគុណដល់បុគ្គលិករបស់យើងទាំងអស់ផងដែរដែលខិតខំអនុវត្តការងារយ៉ាងសកម្ម។ នៅធនាគារ ABA យើងមានឆន្ទៈមោះមុតក្នុងការធ្វើជាដៃគូយូរអង្វែងរបស់អតិថិជនយើង ហើយយើងក៏ជាដៃគូដែលនាំមកនូវការអភិវឌ្ឍដោយចីរភាពចំពោះសេដ្ឋកិច្ចកម្ពុជាផងដែរ។ ជ័យលាភីនេះសបញ្ជាក់ឲ្យឃើញពីគំរូអាជីវកម្មដែលមានលក្ខណៈចម្រុះ ក្នុងការជួយឲ្យយើងសម្រេចបាននូវគោលដៅនេះ។”
ស្ថិតក្នុងឱកាសនៃការផ្តល់ពានរង្វាន់នេះដល់ធនាគារ ABA ស្ថាប័ន Euromoney បានលើកឡើងថា៖ “ដោយទទួលបានភាពរីកចម្រើនយ៉ាងសម្បើមក្នុងរយៈប៉ុន្នានឆ្នាំចុងក្រោយនេះ ចំណាត់ថ្នាក់របស់ធនាគារ ABA ពិតជាល្អបំផុត ដោយបានផ្សារភ្ជាប់ដល់ការអភិវឌ្ឍនៃសេដ្ឋកិច្ចរបស់កម្ពុជា។ ជាក់ស្តែងប្រាក់ចំណេញបានកើនឡើង 81.4% ក្នុងឆ្នាំ 2016 ទ្រព្យសកម្មសរុបបានកើនដល់ 1 ពាន់លានដុល្លារ ជាមួយនឹងកំណើននៃកម្ចីមាន 63% និងកំណើនប្រាក់សន្សំមាន 31% ។ហើយចំណេញក្រោយពីការវិនិយោគទុនមាន25%។គួរឲ្យកត់សម្គាល់ដែលថា ធនាគារ ABA មានសក្តានុពលយ៉ាងខ្លាំងក្នុងការជំរុញមានការអភិវឌ្ឍនៃបច្ចេកវិទ្យាធនាគារ។ សេវាស្វ័យធនាគាររបស់ ABA មានការរីកចម្រើនយ៉ាងខ្លាំង ហើយកម្មវិធីធនាគារតាមទូរស័ព្ទទទួលបានការពេញនិយមជាងគេបំផុតក្នុងប្រទេសកម្ពុជា។”
ការជ្រើសរើសធនាគារដែលឆ្នើមផ្តោតលើ ប្រតិបត្តិការរយៈពេល 12 ខែចុងក្រោយ ហើយដាក់សំណើរដោយធនាគារក្នុងប្រទេសនីមួយៗ។ Euromoney ប្រើប្រាស់ព័ត៌មានដើម្បីសម្រាំងយកធនាគារ 3 លេចធ្លោជាងគេតំណាងប្រទេសនីមួយៗ បន្ទាប់មកគណៈវិនិច្ឆ័យសម្រេចជ្រើសយកអ្នកឈ្នះពានរង្វាន់។ដោយអនុវត្តតាមប្រពៃណីកន្លងមក ពិធីអបអរសាទរអ្នកទទួលបានពានរង្វាន់ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ត្រូវបានរៀបចំឡើងនៅក្នុងសណ្ឋាគារ ប្រណីត Shangri-La Hotel នៅទីក្រុងហុងកុងដែលជា ផ្នែកមួយក្នុងរាត្រីសមោសរសម្រាប់ការប្រគល់ពានរង្វាន់ឆ្នើមប្រចាំឆ្នាំដែលរៀបចំដោយក្រុមហ៊ុនទស្សនាវដ្តីនេះ។
ប៉ុន្មានឆ្នាំកន្លងទៅនេះ ធនាគារ ABA បានឈ្នះពានរង្វាន់ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិជាច្រើន។ស្ថាប័នទាំងនោះរួមមានទស្សនាវដ្តី The Banker ដែលបានផ្តល់កិត្តិនាមជូន ABA ជា “ធនាគារឆ្នើមបំផុតប្រចាំឆ្នាំក្នុងប្រទេសកម្ពុជា” ក្នុងឆ្នាំ 2014 និង 2016 មិនត្រឹមតែប៉ុណ្ណោះទស្សនាវដ្តីហិរញ្ញវត្ថុ Global Finance បានប្រសិទ្ធនាម ABA ជា “ធនាគារឆ្នើមបំផុតក្នុងប្រទេសកម្ពុជា” បីឆ្នាំជាប់ៗគ្នាក្នុងឆ្នាំ 2015, 2016 និង2017 ផងដែរ។
អំពីពានរង្វាន់ឆ្នើម Euromoney៖
អស់ប្រមាណជាង 50ឆ្នាំ ទស្សនាវដ្ដី Euromoney គឺជាទស្សនាវដ្ដីឈានមុខគេដែលផ្តោតសំខាន់លើកំណើននៃស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។ អស់រយៈពេល 12ខែ កន្លងទៅនេះស្ថាប័ននេះផ្តោតលើកិច្ចសម្ភាសន៍នានាដែលរួមមាននាយកប្រតិបត្តិធនាគារប្រមាណ 100នាក់ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលជាច្រើននាក់ទូទាំងពិភពលោក។ ពានរង្វាន់ឆ្នើម Euromoney គឺជាពានរង្វាន់ដ៏សំខាន់សម្រាប់ធនាគារ និងធនាគារិកដែលយកចិត្តទុកដាក់ចំពោះគុណតម្លៃនេះ។ពានរង្វាន់ដ៏អស្ចារ្យនេះត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ 1992 ហើយជាប្រភេទដំបូងបំផុតសម្រាប់វិស័យធនាគារជាលក្ខណៈអន្តរជាតិ។ ដោយឡែកឆ្នាំនេះផ្ទាល់ Euromoney បានទទួលពាក្យចូលរួមសរុប 1,500 ធនាគារ ក្នុងការស្នើឲ្យវាយតម្លៃដើម្បីផ្ដល់ពានរង្វាន់ដែលមានពានលំដាប់ពិភពលោក 20 ប្រភេទ ពានថ្នាក់តំបន់ចំនួន 50 និងពាន់ធនាគារឆ្នើមប្រមាណជិត 100 ប្រទេសទូទាំងពិភពលោក។



