​ធនាគារ​ ABA​ ទទួល​បាន​ពានរង្វាន់​ “​ធនាគារ​ឆ្នើម​នៅ​កម្ពុជា​ ឆ្នាំ​ 2021”​ ពី​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​ Euromoney

19/Jul/2021

Best​ Bank​ in​ Cambodia​ 2021 kh

ABA​ ដែល​ជា​បុត្រ​សម្ពន្ធ​ធនាគារជាតិ​កា​ណា​ដា​ បាន​ទទួល​ពានរង្វាន់​  “​ធនាគារ​ឆ្នើម​នៅ​កម្ពុជា​ ឆ្នាំ​ 2021”​ ពី​ Euromoney​ ដែល​ជា​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​ដ៏​ល្បី​មួយ​របស់​ពិភពលោក​។​ ពាន​ឆ្នាំ​ 2021​ ជា​កិត្តិនាម​ឆ្នាំ​ទី​ប្រាំបី​ជាប់ៗ​គ្នា​ដែល​ ABA​ ទទួល​បាន​ពី​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​មួយ​នេះ​។​

​ពានរង្វាន់​នេះ​សបញ្ជាក់​ពី​ភាព​ឈានមុខ​របស់​ ABA​ ក្នុង​វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ​កម្ពុជា​។​ គណៈវិនិច្ឆ័យ​បាន​លើក​ឡើង​ពី​អត្ថប្រយោជន៍​ដែល​ ABA​ ផ្ដោត​លើ​ធនាគារ​ឌី​ជី​ថ​ល​ និង​ធនាគារ​អន​ឡាញ​របស់​ខ្លួន​។​ ក្នុង​ចំណោម​ចំណុច​ផ្សេងៗ​ទៀត​ អ្នកជំនាញ​ក៏​បាន​ស្ញប់ស្ញែង​លើ​៖

  • ​ការ​បន្ត​អភិវឌ្ឍ​ផលិតផល​សេវា​ធនាគារ​រូប​វន្ត​សំខាន់ៗ​របស់​ ABA​ គឺ​កម្មវិធី​ ABA​ Mobile
  • ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​មុខងារ​ គណនី​រហ័ស​ សម្រាប់​អ្នក​ដែល​មិន​ទាន់​ជា​អតិថិជន
  • ការ​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ PayWay​ Mobile​ និង​
  • ការ​កែប្រែ​ប្រព័ន្ធ​ធនាគារ​អន​ឡាញ​សម្រាប់​អាជីវកម្ម​។​

​អំឡុង​រាយការណ៍​ ធនាគារ​ក៏​បាន​ដាក់​ដំណើរការ​ដោយ​ជោគជ័យ​នូវ​បណ្តាញ​ស្វ័​យ​សេវា​ថ្មី​ គឺ​ ABA​ 24/7​។​ ទីតាំង​ទាំងនេះ​ស្ថិត​នៅ​តំបន់​មាន​ចរាចរណ៍​មមាញឹក​ក្នុង​ទីក្រុង​សំខាន់ៗ​ ដែល​អតិថិជន​អាច​ចូល​ប្រើប្រាស់​គណនី​របស់​ខ្លួន​បាន​គ្រប់ពេល​ តាម​រយៈ​ ម៉ាស៊ីន​ដក​ប្រាក់​ ម៉ាស៊ីន​ដក​-​ដាក់​ប្រាក់​ និង​ម៉ាស៊ីន​ដាក់​មូល​ប្ប​ទា​នប​ត្រ​។​

​ដូចដែល​ Euromoney​ បាន​លើក​ឡើង​ក្នុង​អត្ថបទ​របស់​ខ្លួន​៖​ “​ ABA​ ឈ្នះ​ពានរង្វាន់​សម្រាប់​កម្ពុជា​ ជាមួយ​ទំនុក​ចិត្តរឹង​មាំ​ និង​ផ្អែក​លើ​តួលេខ​សំខាន់ៗ​ជា​ច្រើន​ ដូច​ជា​ទ្រព្យសកម្ម​សរុប​កើន​ 40%​ ក្នុង​ឆ្នាំ​ 2020​ សម្រេច​ដល់​ 6.1​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​,​ បញ្ញើ​កើន​ 43%​ សម្រេច​ដល់​ 4.9​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​,​ និង​កម្ចី​ដុល​កើន​ 39%​ សម្រេច​ដល់​ 3.8​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​។​

“​នៅ​កម្ពុជា​ ABA​ ជា​អ្នកត្រួសត្រាយ​ផ្នែក​ឌី​ជី​ថ​ល​ ហើយ​កូ​វី​ដ​ បាន​បន្ថែម​សមត្ថភាព​ដល់​ធនាគារ​ទូ​ទាំង​ពិភពលោក​ដែល​ខ្លាំង​ខាង​ឌី​ជី​ថ​ល​។​ ABA​ Mobile​ មានមុខ​ងារ​ជា​ច្រើន​ ដូច​មុខងារ​ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​ ហុងកុង​ ឬ​សិង្ហ​បុរី​ ហើយ​ ABA​ ពិតជា​ឆ្លាត​ ដែល​បន្ថែម​ភាសា​ចិន​ក្នុង​កម្មវិធី​នេះ​។​ ABA​ ក៏​បាន​ដើរ​លើ​ផ្លូវ​ពាណិជ្ជកម្ម​អេ​ឡិ​ក​ត្រូ​និក​ដ៏​ត្រឹមត្រូវ​ ជាមួយ​ PayWay​ របស់​ខ្លួន​ និង​ដំណើរការ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ធនាគារ​អន​ឡាញ​សម្រាប់​អាជីវកម្ម​។​”

​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​៖​ “​ពានរង្វាន់​ Euromoney​ បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ​របស់​យើង​ជា​ធនាគារ​ឆ្នើម​សម្រាប់​អតិថិជន​។​ យើង​កំពុង​ប្រើប្រាស់​សមត្ថភាព​ឌី​ជី​ថ​ល​ដ៏​ទំនើប​ដើម្បី​គាំទ្រ​ដល់​អតិថិជន​អំឡុង​ពេល​រីក​រាលដាល​នៃ​វីរុស​ ព្រោះ​យើង​យល់​ច្បាស់​អំពី​សារៈសំខាន់​នៃ​វត្តមាន​ភាព​ និង​ជាទី​ពឹង​នៃ​សេវា​ធនាគារ​គ្រប់ពេលវេលា​។​ ដូច្នេះ​ យើង​បាន​បន្ត​វិនិយោគ​លើ​កម្មវិធី​នានា​,​ ប្រព័ន្ធ​ធនាគារ​អន​ឡាញ​,​ ហើយ​បណ្តាញ​ស្វ័​យ​សេវា​ ABA​ 24/7​ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ដើម្បី​បម្រើសេវា​ជូន​មូលដ្ឋាន​អតិថិជន​កាន់តែ​ទូលំទូលាយ​។​”

​លោក​ Azhikhanov​ បាន​បន្ថែម​ថា​៖​ “​យើង​សូម​ថ្លែងអំណរគុណ​ដល់​អតិថិជន​របស់​យើង​ដែល​ជឿ​ទុកចិត្ត​មក​លើ​រាល់​អ្វី​ដែល​យើង​ធ្វើ​ និង​ផ្តល់​ជូន​។​”

ក្នុង​នាម​ធនាគារ​កម្ពុជា​ឈានមុខ​ ABA​ ផ្តល់​ហិរញ្ញវត្ថុ​ឌី​ជី​ថ​លន​វា​នុ​វត្ត​ និង​ងាយស្រួល​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​,​ អាជីវកម្ម​ខ្នាត​តូច​,​ និង​រូបវន្តបុគ្គល​។​ គិត​ត្រឹម​ថ្ងៃ​ទី​ 30​ មិថុនា​ 2021​ ABA​ គ្រប់គ្រង​ទ្រព្យសកម្ម​សរុប​ 6.9​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​។​

អំពី​កម្មវិធី​ពានរង្វាន់​ឧត្តមភាព​របស់​ Euromoney៖
ពានរង្វាន់​ឧត្តមភាព​ប្រចាំឆ្នាំ​របស់​ទស្សនាវដ្តី​ Euromoney​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ 1992​ ហើយ​ជា​និយាម​សកល​សម្រាប់​វិស័យ​ធនាគារ​។​ ពានរង្វាន់​ប្រចាំឆ្នាំ​ទាំងនេះ​ គ្របដណ្ដប់​លើ​ផលិតផល​សកល​ជាង​ 20​ ប្រភេទ​ ពានរង្វាន់​លំដាប់​ថ្នាក់ឧត្តម​ប្រចាំ​តំបន់​ និង​ធនាគារ​ឆ្នើម​នៅ​បណ្ដា​ប្រទេស​ប្រមាណ​ 100​ ប្រទេស​ទូ​ទាំង​ពិភពលោក​។​ សេចក្តីសម្រេច​ផ្ដល់​ពានរង្វាន់​របស់​ទស្សនាវដ្ដី​ Euromoney​ ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​អ្នក​សារព័ត៌មាន​ជាន់ខ្ពស់​ ដែល​ដឹកនាំ​ដោយ​និពន្ធ​នាយក​របស់​ទស្សនាវដ្ដី​ Euromoney​ បន្ទាប់​ពី​ទទួល​បានការ​ដាក់​ជូន​ព័ត៌មាន​លម្អិត​ពី​សំណាក់​អ្នកចូលរួម​នៃ​ទីផ្សារ​នេះ​ បូក​រួម​ជាមួយ​ការ​ធ្វើការ​ស្រាវជ្រាវ​មួយ​ឆ្នាំ​ពេញ​នៅ​ក្នុង​វិស័យ​ធនាគារ​ និង​ទីផ្សារ​មូលធន​នៅ​ក្នុង​តំបន់​ដោយ​និពន្ធ​នាយក​ អ្នក​សារព័ត៌មាន​ និង​ក្រុម​ស្រាវជ្រាវ​។​