ABA ឧបត្ថម្ភវេទិកាសហគ្រិនកំពូលឆ្នាំ 2025 ដើម្បីលើកកម្ពស់សហគ្រិនស្ត្រីនៅកម្ពុជា
28/Nov/2025
ABA ដែលជាធនាគារពាណិជ្ជធំជាងគេរបស់កម្ពុជា មានមោទនភាពបានក្លាយជា Platinum Sponsor ក្នុងវេទិកាសហគ្រិនកំពូល ឆ្នាំ 2025 ដែលជាកម្មវិធីថ្នាក់តំបន់ដ៏សំខាន់មួយ ត្រូវបានសហការរៀបចំដោយបណ្តាញសហគ្រិនស្ត្រីកម្ពុជា (CamWen) និងបណ្តាញសហគ្រិនស្ត្រីអាស៊ាន (AWEN)។
ដោយត្រូវបានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី21 ខែវិច្ឆិកា ឆ្នាំ 2025 កន្លងទៅ វេទិកានេះ មានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី 1 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្អស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំធុរកិច្ច តំណាងក្រសួងនានា គ្រឹះស្ថានហិរញ្ញវត្ថុ ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍជាច្រើនរូបមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន។
ក្រោមប្រធានបទ “ពិភពលោករីកចម្រើននៅពេលលយើងសហការគ្នា: ជំរុញធុរកិច្ច, ឌីជីថល, និងនវានុវត្តន៍នៅក្នុងអាស៊ាន” វេទិកានេះបានឆ្លុះបញ្ចាំងអំពីតួនាទីដ៏សំខាន់នៃសហគ្រិនភាពរបស់ស្ត្រី បានពង្រឹងកិច្ចសហការក្នុងតំបន់ ព្រមទាំងបានរំលេចឲ្យឃើញពីសារៈសំខាន់នៃនវានុវត្តន៍ឌីជីថល ក្នុងនាមជាចលករជំរុញកំណើន។
លោកស្រី ធាម រមណីយ អគ្គនាយិការងប្រតិបត្តិ និងជានាយិកា ទំនាក់ទំនង គូភាគី - ប្រធាន គ្រប់គ្រង តំបន់នៃធនាគារ ABA មានកិត្តិយសក្នុងការចែករំលែកទៅលើការបង្កើតទំនាក់ទំនងឆ្លងប្រទេសក្នុងតំបន់ នាយុគសម័យឌីជីថល។ បន្ថែមពីនេះទៀត ABA ក៏បានរៀបចំបញ្ជរ បង្ហាញអំពីផលិតផល និងសេវាកម្មរបស់ខ្លួន ជាពិសេសទៅលើដំណោះស្រាយប្រាក់កម្ចីសម្រាប់ធុរកិច្ច និងសហគ្រាសធុនតូច និងមធ្យម (SME)។
តាមរយៈការបង្កើនលទ្ធភាពក្នុងការទទួលបានហិរញ្ញវត្ថុ និងគាំទ្រសហគ្រាសក្នុងស្រុក ABA ជឿជាក់ថា សហគ្រិនភាពនឹងបន្តពង្រឹងវឌ្ឍនភាពសេដ្ឋកិច្ច អនាគតនៃធុរកិច្ច និងធ្វើឲ្យកម្ពុជាក្លាយជាតួអង្គប្រកបដោយថាមវន្តមួយនៅក្នុងសេដ្ឋកិច្ចតំបន់។






