បង្កើនការគាំទ្រចំពោះនវានុវត្តន៍ ABA ធ្វើជា Gold Sponsor នៃកម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី 3
07/Dec/2023
ធនាគារ ABA មានមោទនភាព សូមប្រកាសពីការចូលរួមឧបត្ថម្ភក្នុងនាមជា Gold Sponsor នៃកម្មវិធីនវានុវត្តន៍បញ្ច្រាស (RI) ដើម្បីពង្រឹងនវានុវត្តន៍ជុំវិញទិដ្ឋភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ។
កម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី 3 គឺជាកម្មវិធីពន្លឿនអាជីវកម្មមួយដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងត្រូវបានបង្កើតឡើងក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមនានានៅក្នុងវិស័យ បច្ចេកវិទ្យាហិរញ្ញវត្ថុ និងវិស័យពាក់ព័ន្ធ។ ដៃគូ និងអ្នកឧបត្ថម្ភក្នុងកម្មវិធីនេះ ធ្វើការលើកឡើងពីបញ្ហ្រា្បឈម ឬគោលគំនិតរបស់ខ្លួនជាចំណោទបញ្ហា ហើយបេក្ខជនចូលរួមត្រូវស្វែងរកដំណោះស្រាយដែលអាចឆ្លើយតបទៅនឹងចំណោទបញ្ហាទាំងនោះ ប្រកបដោយប្រសិទ្ធភាព និងភាពច្នៃប្រឌិត។
ថ្ងៃបទបង្ហាញឆ្ពោះទៅមុខ ដែលជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី 3 បានប្រព្រឹត្តទៅនៅថ្ងៃទី30 ខែវិច្ឆិកា 2023 នៅរាជធានីភ្នំពេញ និងត្រូវបានអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
មានវត្តមាននៅក្នុងថ្ងៃបទបង្ហាញឆ្ពោះទៅមុខ លោកស្រី ធាម រមណីយ នាយិកាទំនាក់ទំនងគូភាគី - ប្រធានគ្រប់គ្រងតំបន់របស់ ABA បានថ្លែងសុន្ទរកថាស្វាគមន៍ និងប្រគល់វិញ្ញាបនបត្រដល់ក្រុមដែលជាម្ចាស់ជ័យលាភីនៃ កម្មវិធីនវានុវត្តន៍បញ្ច្រាស។
ក្នុងចំណោមក្រុមធុរកិច្ចថ្មីទាំង 10 ដែលបានធ្វើបទបង្ហាញពីគំរូអាជីវកម្មរបស់ខ្លួន មានក្រុមចំនួន 3 បានទទួលជ័យលាភីក្នុងកម្មវិធីនេះ ដោយបង្ហាញពីភាពច្នៃប្រឌិតពិសេស មានភាពជាក់ស្ដែង និងលទ្ធភាពជោគជ័យ។
ធនាគារ ABA សូមអបអរដល់បេក្ខជនចូលរួមទាំងអស់ និងសូមសម្តែងការសាទរចំពោះការសហការជាបន្តបន្ទាប់ជាមួយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”។ កម្មវិធីនវានុវត្តន៍បញ្ច្រាស បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញការផ្លាស់ប្តូរជាវិជ្ជមាន និងជំរុញវប្បធម៌នៃនវានុវត្តន៍នៅក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ។