​កែប្រែ​បរិយាកាស​សិក្សា​៖​ ABA​ ជួសជុល​កែ​លម្អ​ឡើង​វិញ​ អនុ​វិទ្យាល័យ​សម្តេចឪ​ ក្នុង​ខេត្ត​ព្រះ​សីហ​នុ​

03/Jun/2026

aba samdach ov high school khaba samdach ov high school kh
aba samdach ov high school kh-2aba samdach ov high school kh-2
aba samdach ov high school kh-3aba samdach ov high school kh-3
aba samdach ov high school kh-4aba samdach ov high school kh-4
aba samdach ov high school kh-5aba samdach ov high school kh-5
aba samdach ov high school kh-6aba samdach ov high school kh-6

ស្ថិត​នៅ​តំបន់​ដ៏​មមាញឹក​ដែល​ជា​បេះដូង​នៃ​ខេត្ត​ព្រះ​សីហ​នុ​ អនុ​វិទ្យាល័យ​សម្តេចឪ​ បាន​ឈរ​យ៉ាង​រឹង​មាំ​ ជាទី​ផ្តល់​ចំណេះដឹង​ដល់​សិស្សានុសិស្ស​ជា​ច្រើន​ជំនាន់​រហូត​មក​ដល់​បច្ចុប្បន្ន​។​ ថ្នាក់រៀន​របស់​សាលា​ បាន​ទទួល​ស្វាគមន៍​សិស្សានុសិស្ស​ពី​គ្រប់​មជ្ឈដ្ឋាន​ ដើម្បី​ចូល​មក​សិក្សា​រៀនសូត្រ​។​ ទោះជា​យ៉ាងនេះ​ក្ដី​ ដោយសារ​កត្តា​ពេលវេលា​ អគារសិក្សា​នេះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ទៅ​តាម​អាយុកាល​របស់​ខ្លួន​ -​ ជញ្ជាំង​ចាស់​ស្លក់​ពណ៌​ ថ្នាំ​ពណ៌​របក​ ហើយ​បរិយាកាស​សិក្សា​ក៏​មិនសូវ​អំណោយផល​ សម្រាប់​សិស្សានុសិស្ស​ និង​លោកគ្រូ​អ្នកគ្រូ​។​

​នៅ​ក្នុង​ខែឧសភា​នេះ​ អគារ​ និង​ថ្នាក់រៀន​ទាំងនេះ​ បាន​ផ្លាស់​ប្ដូរ​មុខមាត់​ថ្មី​។​ ក្រោម​ការ​គាំទ្រ​ពី​ធនាគារ​ ABA​ អគារសិក្សា​ ចំនួន​ 2​ ខ្នង​ ដែល​មាន​សរុប​ 11​ បន្ទប់រៀន​ ត្រូវ​បាន​ជួសជុល​កែ​លម្អ​ និង​លាបថ្នាំ​ថ្មី​ទាំងស្រុង​។​ ដំបូល​ អគារ​ត្រូវ​បាន​បាញ់ថ្នាំ​ថ្មី​ ខណៈ​បង្អួច​ និង​ទ្វារ​ក៏​ត្រូវ​បាន​លាប​ពណ៌​ថ្មី​ ធ្វើ​ឲ្យ​បរិយាកាស​សាលារៀន​មាន​សភាព​ថ្មី​ឡើង​វិញ​។​ ដ្បិត​ការ​កែប្រែ​នេះ​មើលទៅ​សាមញ្ញ​ ប៉ុន្តែ​បាន​ផ្តល់​ប្រយោជន៍​ជា​ច្រើន​ រួម​មាន​ជញ្ជាំង​ថ្មី​ស្អាត​ បរិយាកាស​មាន​ផាសុកភាព​ និង​បរិស្ថាន​ស្រស់ស្រាយ​ដែល​ជា​ចំណែក​មួយ​ជួយ​ឲ្យ​សិស្សានុសិស្ស​បាន​រៀនសូត្រ​រីក​ចម្រើន​តទៅ​មុខ​។​

​លី​ ប៊ុ​ន​ហ៊ា​ង​ សិស្សានុសិស្ស​ នៃ​អនុ​វិទ្យាល័យ​សម្តេចឪ​ បាន​លើក​ឡើង​ថា​ “​កាលពីមុន​ ថ្នាក់រៀន​ចាស់​ទ្រុឌទ្រោម​ ជញ្ជាំង​របក​ថ្នាំ​ ធ្វើ​ឲ្យ​ពួក​ខ្ញុំ​ពិបាក​រៀន​។​ ប៉ុន្តែ​បន្ទាប់​ពី​ការ​ជួសជុល​រួចរាល់​ ឥឡូវ​ ថ្នាក់រៀន​ថ្មី​ ស្រួល​អង្គុយ​រៀន​ជាង​មុន​ ធ្វើ​ឲ្យ​ខ្ញុំ​ និង​មិត្តភក្តិ​អាច​ផ្តោតអារម្មណ៍​ក្នុង​ការ​រៀនសូត្រ​បាន​ល្អ​ជាង​មុន​”​ ។​

​នៅ​ថ្ងៃ​ទី​28​ ខែឧសភា​ ពិធី​ប្រគល់​អំណោយ​ជូន​ អនុ​វិទ្យាល័យ​សម្ដេចឪ​ បាន​ប្រព្រឹត្ត​ទៅ​ ក្រោម​អធិបតីភាព​ លោក​ សា​មុត​ សុធា​រិ​ទ្ធ​ អភិបាលរង​នៃ​គណ​:​អភិបាលខេត្ត​ព្រះ​សីហ​នុ​ ព្រមទាំង​បុគ្គលិក​សាខា​ធនាគារ​ ABA​ នាយក​សាលា​ លោកគ្រូ​អ្នកគ្រូ​ និង​សិស្សានុសិស្ស​ សរុប​ប្រមាណ​ 170​ នាក់​។​

​ក្រៅពី​កម្មវិធី​ផ្លូវការ​ សិស្សានុសិស្ស​ និង​ក្រុមការងារ​ ABA​ ក៏​បាន​ចូលរួម​សកម្មភាព​សង្គម​ផង​ដែរ​ ដូច​ជា​ការ​គូរគំនូរ​លើ​ជញ្ជាំង​ និង​សម្អាត​បរិវេណ​សាលា​ ដើម្បី​លើកកម្ពស់​ស្មារតី​ទទួលខុសត្រូវ​ និង​ការ​ចូលរួម​ក្នុង​សហគមន៍​។​ ជា​ការ​លើកទឹកចិត្ត​បន្ថែម​ សិស្ស​ម្នាក់ៗ​ក៏​ទទួល​បាន​សម្ភារ​សិក្សា​ មួយ​ចំនួន​ ដើម្បី​គាំទ្រ​ដល់​ការ​សិក្សា​របស់​ពួក​គាត់​ផង​ដែរ​។​

​លោក​ ព្រាប​ សុភាព​ នាយក​គ្រប់គ្រង​តំបន់​ (​ភាគ​ខាងលិច​)​ នៃ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​ការ​អប់រំ​ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ ព្រោះ​ការ​អប់រំ​ បង្កើត​ធនធានមនុស្ស​ ដែល​ត្រូវការ​ចាំបាច់​ដើម្បី​ប្រទេស​យើង​រីក​ចម្រើន​ទៅ​មុខ​។​ ហើយ​ការ​អប់រំ​អាច​រីក​ចម្រើន​បាន​ លុះត្រាតែ​សិស្សានុសិស្ស​មាន​អារម្មណ៍​សុវត្ថិភាព​ និង​ទទួល​បានការ​លើកទឹកចិត្ត​ពី​បរិយាកាស​ជុំវិញ​ខ្លួន​”​។​

​លោក​ក៏​បាន​បន្ថែម​ថា​ “​ការ​ជួស​ជុស​កែ​លម្អ​ឡើង​វិញ​នៃ​អនុ​វិទ្យាល័យ​សម្តេចឪ​នេះ​ គឺជា​ការ​វិនិយោគ​ដ៏​មាន​សារៈសំខាន់​ក្នុង​ការ​បង្កើត​បរិយាកាស​សិក្សា​ដែល​កក់ក្តៅ​ និង​អំណោយផល​ ដើម្បី​ផ្តល់​មូលដ្ឋាន​រឹង​មាំ​ដល់​យុវជន​ជំនាន់​ក្រោយ​ អាច​ទទួល​បាន​ភាព​ជោគជ័យ​បន្ត​ទៅ​ថ្ងៃ​អនាគត​”​។​

​តាម​រយៈ​គម្រោង​ជួសជុល​កែ​លម្អ​សាលារៀន​ជា​បន្តបន្ទាប់​ គំនិត​ផ្តួចផ្តើម​នេះ​ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ ប្តេជ្ញា​ចិត្ត​ដ៏​ទូលំទូលាយ​របស់​ធនាគារ​ ABA​ ក្នុង​សកម្មភាព​ជួយ​កិច្ចការ​សង្គម​។​ តាម​រយៈ​ការ​បង្កើន​លទ្ធភាព​ទទួល​បានការ​អប់រំ​មានគុណ​ភាព​ ABA​ បន្ត​គាំទ្រ​យុវជន​កម្ពុជា​ ដើម្បី​ធានា​ថា​ សិស្សានុសិស្ស​គ្រប់​រូប​មានឱកាស​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ឲ្យ​សម្រេច​បាន​នូវ​ សក្តានុពល​ពេញលេញ​។​