ជំរុញ​សេដ្ឋកិច្ច​បៃតង​៖​ ធនាគារ​ ABA​ សហការ​ជាមួយ​ក្រុមហ៊ុន​ ZO​ Motors​ (Cambodia)

06/Dec/2024

aba mou zo khaba mou zo kh
aba mou zo kh-1aba mou zo kh-1
aba mou zo kh-2aba mou zo kh-2
aba mou zo kh-3aba mou zo kh-3

ធនាគារ​ ABA​ ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា​ និង​ជា​ធនាគារ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ឈានមុខ​គេ​ បាន​ប្រកា​សភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ តាម​រយៈ​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ ជាមួយ​ ZO​ Motors​ (Cambodia)​ ដែល​ជា​ក្រុមហ៊ុន​ផលិត​ និង​ចែកចាយ​រថយន្ត​ដឹក​ទំនិញ​ពាណិជ្ជកម្ម​ មិន​បញ្ចេញ​ឧស្ម័ន​ និង​ស្ថានីយ៍​សាក​ថ្ម​រថយន្ដ​អគ្គិសនី​ របស់​ប្រទេស​ជប៉ុន​។

​ ​ ​ភាព​ជា​ដៃគូ​នេះ​ មាន​គោលបំណង​ផ្តល់​ជូន​ ZO​ Motors​ នូវ​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប​របស់​ ABA​ ដូច​ជា​ អ្នកគ្រប់គ្រង​ទំនាក់ទំនង​ផ្នែក​ភាសា​ចិន​ និង​ជប៉ុន​ សេវា​បើកប្រាក់​បៀវត្ស​ សម្រាប់​បុគ្គលិក​ក្រុមហ៊ុន​ និង​កម្មករ​-​កម្មការិនី​រោងចក្រ​ សេវា​គ្រប់គ្រង​សាច់ប្រាក់​និង​សេវាកម្ម​ជា​ច្រើន​ទៀត​។​ ABA​ ក៏​នឹង​ភ្ជាប់​ KHQR​ នៅ​តាម​ស្ថានីយ៍​សាក​ថ្ម​យានយន្ត​របស់​ ZO​ Motors​ ទូ​ទាំង​ប្រទេស​ ដើម្បី​បម្រើ​ការ​ទូទាត់​ឲ្យ​កាន់តែ​រលូន​ និង​មាន​ភាព​ងាយស្រួល​។​ ​ ​

បន្ថែម​ពី​នេះ​ទៀត​ ធនាគារ​នឹង​គាំទ្រ​ ZO​ Motors,​ អតិថិជន​ និង​អ្នក​ផ្គត់ផ្គង់​របស់​ខ្លួន​ ជាមួយនឹង​សេវា​កម្ចី​ និង​សេវា​ផ្តាច់​កម្ចី​ សម្រាប់​តម្រូវការ​ចាំបាច់​នានា​ ដើម្បី​ភាព​រីក​ចម្រើន​។

​ ​ ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​5​ ខែធ្នូ​ ឆ្នាំ​ 2024​ ក្រោម​វត្តមាន​របស់​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ ABA​ និង​ លោក​ Zhao​ Wenbo​ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ZO​ Motors​ (Cambodia)​ ព្រមទាំង​ក្រុមការងារ​របស់​ស្ថាប័ន​ទាំង​ពីរ​ នៅ​ការិយាល័យ​កណ្តាល​របស់​ធនាគារ​ ABA​។

​ ​ ​តាម​រយៈ​ការ​ប្រើប្រាស់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​របស់​ ABA​ ក្រុមហ៊ុន​ ZO​ Motors​ អាច​បង្កើន​ការ​ផលិត​ និង​ចែកចាយ​រថយន្ត​អគ្គិសនី​ដឹក​ទំនិញ​ពាណិជ្ជកម្ម​ ជំរុញ​ការ​ផ្លាស់​ប្តូរ​ពី​ការ​ប្រើប្រាស់​យានជំនិះ​ដែល​ប្រើ​ប្រេងឥន្ធនៈ​ ទៅ​ជា​បច្ចេកវិទ្យា​អគ្គិសនី​ និង​លើកកម្ពស់​សេដ្ឋកិច្ច​បៃតង​ក្នុង​ប្រទេស​។

​ ​ ​អត្ថប្រយោជន៍​ទាំងនេះ​ នឹង​បំពេញតម្រូវការ​ដែល​បន្ដ​កើនឡើង​សម្រាប់​មធ្យោបាយ​ធ្វើ​ដំណើរ​ ដើរ​ដោយ​ថាមពល​ស្អាត​ និង​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ភាគី​ទាំង​សងខាង​ ក្នុង​ការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​ផ្តោត​លើ​និរន្តរភាព​ និង​ជំរុញ​វឌ្ឍនភាព​សេដ្ឋកិច្ច​បៃតង​នៅ​កម្ពុជា​។​ ​ ​

លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​នៅ​ធនាគារ​ ABA​ យើងខ្ញុំ​មាន​សេចក្តី​រីករាយ​ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ដែល​មានគំនិត​វែង​ឆ្ងាយ​ សម្លឹង​ឆ្ពោះទៅ​អនាគត​ដូច​ជា​ក្រុមហ៊ុន​ ZO​ Motors​ ដែល​ការ​ប្ដេជ្ញា​ផលិត​រថយន្ត​អគ្គិសនី​ពាណិជ្ជកម្ម​ ដែល​មិន​បញ្ចេញ​ឧស្ម័ន​ បង្ហាញ​ពី​នវានុវត្តន៍​ និង​ទំនួល​ខុស​ត្រូវ​លើ​បរិស្ថាន​។

​ ​ ​លោក​ក៏​បាន​បន្ត​ថា​ “​ភាព​ជា​ដៃគូ​របស់​យើងខ្ញុំ​ ជាមួយ​ ZO​ Motors​ មាន​ន័យ​លើស​ពី​កិច្ចព្រមព្រៀង​អាជីវកម្ម​ទៅ​ទៀត​ ពោល​គឺ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​ក្នុង​ការ​បង្កើត​អនាគត​ប្រកបដោយ​និរន្តរភាព​។​ យើងខ្ញុំ​ជឿជាក់​ថា​ កិច្ចសហការ​នេះ​ នឹង​ផ្តល់​ផលប្រយោជន៍​ដល់​អតិថិជន​ និង​រួមចំណែក​ដល​ការ​សម្រេច​គោលដៅ​បរិស្ថាន​របស់​ជាតិ​យើង​។​”​ ​ ​

លោក​ Zhao​ Wenbo​ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ZO​ Motors​ (Cambodia)​ បាន​លើក​ឡើង​ថា​ “​នៅ​ក្នុង​វិស័យ​ថាមពល​ ក្រុមហ៊ុន​ ZO​ Motors​ បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​បេស​កម្ម​របស់​ខ្លួន​ ក្នុង​ការ​កែប្រែ​កម្ពុជា​ ឆ្ពោះទៅ​កាន់​និរន្តរភាព​។​ ZO​ Motors​ (Cambodia)​ បាន​ប្រកាស​ដាក់​ដំណើរការ​គម្រោង​ ‘​រយ​ស្ថានីយ​ និង​ពាន់​ស្ថានីយ​’​ ។​ ក្នុងអំឡុងពេល​ពីរ​ឆ្នាំ​បន្ទាប់​ យើងខ្ញុំ​មាន​គោលបំណង​សម្រេច​តំឡើង​ស្ថានីយ៍​សាក​ថ្ម​រថយន្ដ​អគ្គិសនី​ នៅ​តាម​បណ្តាញ​ដឹក​ជញ្ជូន​ និង​ទីក្រុង​សំខាន់ៗ​ ឲ្យ​កាន់តែ​ទូលំទូលាយ​។​”​ ​ ​

លោក​ក៏​បាន​បន្ត​ថា​ “​ភាព​ជា​ដៃគូ​នេះ​ តំណាង​ឲ្យ​ទំនុកចិត្ត​ ផលប្រយោជន៍​ និង​មហិច្ឆតា​រួម​។​ ជំនាញការ​ និង​វិធីសាស្ត្រ​សម្លឹង​ឆ្ពោះទៅ​អនាគត​របស់​ធនាគារ​ ABA​ ស្រប​ទាំងស្រុង​នឹង​ចក្ខុវិស័យ​របស់​ ZO​ Motors​។​ យើង​រួម​គ្នា​ សិក្សា​ស្វែង​យល់​ពី​យុទ្ធសាស្ត្រ​ថ្មីៗ​សម្រាប់​កំណើន​ហិរញ្ញវត្ថុ​ និង​បង្កើត​គំរូ​អាជីវកម្ម​ប្រកបដោយ​និរន្តរភាព​ សម្រាប់​អនាគត​ខាង​មុខ​។​”​ ​ ​

អំពី​ ABA
ABA​ គឺជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​ គិត​លើ​ទ្រព្យសកម្ម​សរុប​ ប្រាក់​បញ្ញើ​ ប្រាក់​កម្ចី​ និង​ប្រាក់​ចំណេញ​ យោង​តាម​របាយការណ៍​ត្រួតពិនិត្យ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ឆ្នាំ​ 2021-2023​។​ ធនាគារ​ ABA​ មាន​ 99​ សាខា​,​ ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ ចំនួន​ 46​កន្លែង​,​ ម៉ាស៊ីន​ស្វ័​យ​សេវា​ជាង​ 1,700​ នៅ​ទូ​ទាំង​ប្រទេស​,​ សេវា​ធនាគារ​អន​ឡាញ​ និង​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​ទំនើប​ បាន​ធ្វើ​ឲ្យ​ធនាគារ​ ABA​ បម្រើសេវា​អតិថិជន​ជាង​ 4​ លាន​នាក់​ ជាមួយ​ដែល​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​សម្បូរ​បែប​។​ ​ ​

អំពី​ ZO​ Motors
​ ZO​ Motors​ (Cambodia)​ គឺជា​ក្រុមហ៊ុន​ដំឡើង​ និង​ចែកចាយ​រថយន្ត​អគ្គិសនី​ប្រភេទ​ដឹក​ទំនិញ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។​ ZO​ Motors​ (Cambodia)​ ផ្តោត​លើ​រថយន្ត​ពាណិជ្ជកម្ម​ដើរ​ដោយ​ថាមពល​ថ្ម​ ដោយ​រួម​បញ្ចូល​នវានុវត្តន៍​បច្ចេកវិទ្យា​ខ្ពស់​ ដូច​ជា​កា​រត​ភ្ជាប់​ឆ្លាត​វៃ​ និង​ការ​បើកបរ​ដោយ​ស្វ័យប្រវត្តិ​។​ ដោយ​មានការ​គាំទ្រ​ពី​ដើមទុន​អន្តរជាតិ​ យើង​មាន​មោទនភាព​ក្នុង​ការ​សហការ​ជាមួយ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ និង​បច្ចេកវិទ្យា​រថយន្ត​ពាណិជ្ជកម្ម​ថាមពល​ថ្មី​អន្តរជាតិ​កំពូលៗ​ ដែល​ជា​សក្ខីភាព​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​ឧត្តមភាព​។