​កិច្ច​ប្រឹងប្រែង​ផ្នែក​គ្រោះ​មហន្តរាយ​៖​ ABA​ និង​កាកបាទក្រហមកម្ពុជា​ ប្រគល់​អំណោយ​មនុស្សធម៌​ ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ចំនួន​ 55​ គ្រួសារ​ ក្នុងស្រុក​ត្រាំកក់​

24/Oct/2024

aba crc takeo khaba crc takeo kh
aba crc takeo kh-2aba crc takeo kh-2
aba crc takeo kh-3aba crc takeo kh-3
aba crc takeo kh-4aba crc takeo kh-4
aba crc takeo kh-6aba crc takeo kh-6
aba crc takeo kh-5aba crc takeo kh-5
aba crc takeo kh-7aba crc takeo kh-7

អំឡុង​ពេល​រដូវវស្សា​នេះ​ ក្នុងស្រុក​ត្រាំកក់​ ខេត្តតាកែវ​ រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​មហន្តរាយ​នានា​ ដូច​ជា​ ព្យុះ​ខ្យល់​កន្ត្រាក់​ និង​ទឹកជំនន់​យ៉ាងដំណំ​។​ ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​សហគមន៍​នេះ​ ដែល​ភាគច្រើន​កំពុង​មាន​ជីវភាព​លំបាក​ស្រាប់​ហើយ​ នឹង​ត្រូវ​រងបន្ទុក​ផល​ប៉ះពាល់​កាន់តែ​ធ្ងន់​បន្ថែម​ទៀត​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​។​ ​

ជា​ការ​ឆ្លើយ​តប​បន្ទាន់​ទៅ​នឹង​បញ្ហា​ប្រឈម​ទាំងនេះ​ ធនាគារ​ ABA​ បាន​បន្ថែម​ការ​ជួយ​ឧបត្ថម្ភ​របស់​ខ្លួន​ ដោយ​នាំ​យក​អំណោយ​មនុស្សធម៌​ ជូន​ដល់​គ្រួសារ​រង​គ្រោះ​ តាម​រយៈ​កាកបាទក្រហមកម្ពុជា​ សាខា​ខេត្តតាកែវ​។​ ​

ដោយ​បាន​មើលឃើញ​ពី​ភាព​ចាំបាច់​ ដែល​ប្រជាពលរដ្ឋ​រង​គ្រោះ​ ត្រូវការ​ជំនួយ​បន្ទាន់​ កាលពី​ថ្ងៃ​ទី​ 22​ ខែតុលា​ ឆ្នាំ​ 2024​ កម្មវិធី​ប្រគល់​អំណោយ​មនុស្សធម៌​ បាន​រៀបចំ​ឡើង​នៅ​ វត្ត​គុ​ស​ ស្រុក​ត្រាំកក់​ ក្រោម​អធិបតីភាព​ ឯកឧត្តម​ វ៉ី​ សំណាង​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ ខេត្តតាកែវ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តតាកែវ​។​ កម្មវិធី​នេះ​ ក៏​មានការ​ចូលរួម​ពី​សំណាក់​ សមាជិក​ សមាជិកា​ គណៈកម្មាធិការ​សាខា​ លោក​អភិបាលស្រុក​ត្រាំកក់​ មន្ត្រី​ពាក់ព័ន្ធ​តាម​មូលដ្ឋាន​សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តតាកែវ​ រួម​ជាមួយ​ក្រុមការងារ​ របស់​ធនាគារ​ ABA​ ពី​សាខា​ស្រុក​ត្រាំកក់​ និង​ខេត្តតាកែវ​ផង​។

​ឯកឧត្តម​ វ៉ី​ សំណាង​ មាន​ប្រសាសន៍​ថា​៖​ “​កម្មវិធី​ថ្ងៃនេះ​ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​សហការ​រវាង​ស្ថាប័នរដ្ឋ​ និង​វិស័យ​ឯកជន​។​ តាង​នាម​ឲ្យ​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់​ និង​ប្រជាពលរដ្ឋ​ខេត្តតាកែវ​ យើង​សូម​ថ្លែង​ អំណរ​គុណ​ដល់​ធនាគារ​ ABA​ សម្រាប់​ការ​បរិច្ចាគ​ដ៏​សប្បុរសធម៌​ ជូន​គ្រួសារ​រង​គ្រោះ​ ដែល​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​ធម្មជាតិ​។​” ​

ប្រជាពលរដ្ឋ​ចំនួន​ 55​ គ្រួសារ​ បាន​ទទួល​កញ្ចប់​អំណោយ​ (​ឃី​ដ​)​ ដែល​រួម​មាន​ស្បៀងអាហារ​ និង​សម្ភារៈ​ ប្រើប្រាស់​ ដូច​ជា​ អង្ករ​ មី​ ទី​ក​ត្រី​ ទឹកស៊ីអ៊ីវ​ ក្រណាត់​តង់​ មុង​ និង​ភួយ​ ជាដើម​។​ ឃី​ដ​ទាំងនេះ​ រៀបចំ​ឡើង​ដើម្បី​បំពេញតម្រូវការ​បន្ទាន់​របស់​ប្រជាពលរដ្ឋ​ ដោយ​ធានា​ថា​ពួក​គេ​មាន​ធនធាន​ប្រើប្រាស់​ចាំបាច់​ ដើម្បី​ជម្នះ​បញ្ហា​នានា​អំឡុង​ពេលវេលា​លំបាក​នេះ​។

​លោក​ មាស​ ខេមរា​ ប្រធាន​សាខា​ ABA​ ខេត្តតាកែវ​ មាន​ប្រសាសន៍​ថា​ “​នៅ​ធនាគារ​ ABA​ យើងខ្ញុំ​តែងតែ​ត្រៀមខ្លួន​ជា​និច្ច​ ក្នុង​ការ​ជួយ​ដល់​ក្រុម​គ្រួសារ​រង​គ្រោះ​ ជា​ពិសេស​ក្នុង​គ្រា​មាន​អាសន្ន​។​ ក្នុង​នាម​ជា​ដៃគូរ​សហការ​យូរអង្វែង​ជាមួយ​កាកបាទក្រហមកម្ពុជា​ កម្មវិធី​នេះ​ បាន​អនុញ្ញាត​ឲ្យ​យើងខ្ញុំ​បន្ត​ផ្តល់​ការ​គាំទ្រ​យ៉ាង​ជាប់លាប់​ ជូន​ដល់​សហគមន៍​។​”

​កន្លង​ជា​ច្រើន​ឆ្នាំ​មកនេះ​ ធនាគារ​ ABA​ តែងតែ​រួមចំណែក​វិភាគទាន​សប្បុរសធម៌​ជូន​ដល់​កាកបាទក្រហមកម្ពុជា​។​ ជាក់ស្តែង​ កាលពី​អំឡុង​ខែឧសភា​កន្លង​ទៅ​ ABA​ បាន​បរិច្ចាគ​ថវិកា​ចំនួន​ 100,000​ ដុល្លារ​អា​មេ​រិ​ក​ ជូន​ដល់​កាកបាទក្រហមកម្ពុជា​ ថ្នាក់​ជាតិ​ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​បម្រើ​សកម្មភាព​មនុស្សធម៌​ទូ​ទាំង​ប្រទេស​។

​សម​ស្រប​ទៅ​នឹង​គោលការណ៍​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ខ្លួន​ ធនាគារ​ ABA​ បន្ត​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​ ក្នុង​កិច្ចការ​ពង្រឹង​សហគមន៍​ រយៈ​ជំនួយ​សង្គ្រោះ​ពេល​មាន​គ្រោះ​មហន្តរាយ​ ការងារ​សុខភាព​ និង​សេវា​សុខុមាលភាព​សង្គម​ ក្នុង​ន័យ​ធានា​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​មាន​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​។​