វេទិកាស្តីពីអនាគតនៃហិរញ្ញវត្ថុ៖ ធនាគារ ABA គាំទ្រវេទិកាហិរញ្ញវត្ថុអន្តរជាតិ Black Swan Summit 2026 ក្នុងនាមជា Grand Sponsor
17/Nov/2026
ទំព័រថ្មីមួយនៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា បានលេចឡើងយ៉ាងលេចធ្លោនៅរាជធានីភ្នំពេញ ខណៈដែល ធនាគារជាតិនៃកម្ពុជា និង Global Finance & Technology Network (GFTN) បានរៀបចំកិច្ចប្រជុំកំពូល Black Swan Summit Cambodia 2026 ជាលើកដំបូង។ ធនាគារ ABA មានមោទនភាពក្នុងការគាំទ្រព្រឹត្តិការណ៍ដ៏សំខាន់នេះ ក្នុងនាមជា Grand Sponsor។
ប្រារព្ធឡើងនៅថ្ងៃទី 15 និង 16 ខែវិច្ឆិកា ស្របពេលជាមួយនឹង កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Sommet de la Francophonie) វេទិកានេះបានប្រមូលផ្តុំថ្នាក់ដឹកនាំវិស័យហិរញ្ញវត្ថុ អ្នករៀបចំគោលនយោបាយ និងនវានុវត្តជនមកពីតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពិភាក្សាអំពីហិរញ្ញវត្ថុសម្រាប់អនាគត។ ព្រឹត្តិការណ៍នេះបានផ្តល់ជាវេទិកាដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការចូលរួមផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍អន្តរជាតិលើនវានុវត្តន៍ហិរញ្ញវត្ថុ វឌ្ឍនភាពឌីជីថល និងហេដ្ឋារចនាសម្ពន្ធហិរញ្ញវត្ថុ ព្រមទាំងជំរុញកិច្ចសន្ទនារវាងតំបន់អាស៊ីអាគ្នេយ៍ និងសហគមន៍ហ្វ្រង់កូហ្វូន។
ធនាគារ ABA បានចូលរួមចំណែកក្នុងកម្មវិធីតាមរយៈលោក Torsten Kleine Buening នាយកហានិភ័យ និងទីប្រឹក្សាប្រតិបត្តិតាមសម្រាប់នាយកប្រតិបត្តិ ដែលបានចូលរួមវេទិកាពិភាក្សាក្រោមប្រធានបទ “The Trust Layer: Identity, Data and Consumer Protection in Digital Finance”។ ក្នុងឱកាសនោះ លោកបានលើកឡើងអំពីមូលដ្ឋានគ្រឹះនៃទំនុកចិត្ត ដែលចាំបាច់សម្រាប់ការតភ្ជាប់ និងការធ្វើអន្តរប្រតិបត្តិការរវាងប្រព័ន្ធហិរញ្ញវត្ថុផ្សេងៗ ដោយផ្តោតលើការផ្លាស់ប្តូរទិន្នន័យប្រកបដោយសុវត្ថិភាព និងអត្តសញ្ញាណឌីជីថល។
ជាមួយគ្នានេះ ធនាគារ ABA ក៏បានស្វាគមន៍អ្នកចូលរួមមកកាន់ស្តង់របស់ខ្លួន ដើម្បីស្វែងយល់អំពីផលិតផល និងសេវាឌីជីថលសម្រាប់បុគ្គល និងអាជីវកម្ម ដោយបង្ហាញពីរបៀបដែលធនាគារឌីជីថលកំពុងផ្លាស់ប្តូរបទពិសោធន៍ហិរញ្ញវត្ថុប្រចាំថ្ងៃ និងគាំទ្រកំណើនអាជីវកម្មនៅទូទាំងប្រទេសកម្ពុជា។
សម្រាប់ធនាគារ ABA ការគាំទ្រដល់កិច្ចប្រជុំកំពូលនេះ គឺលើសពីការឧបត្ថម្ភ។ វាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការចូលរួមអភិវឌ្ឍប្រព័ន្ធអេកូហិរញ្ញវត្ថុនៅកម្ពុជា លើកកម្ពស់ការផ្លាស់ប្តូរជំនាញ និងចំណេះដឹងអន្តរជាតិ ព្រមទាំងពង្រឹងការតភ្ជាប់រវាងព្រះរាជាណាចក្រកម្ពុជា និងសហគមន៍ហិរញ្ញវត្ថុសកល។
ធនាគារ ABA សូមអបអរសាទរដល់ ធនាគារជាតិនៃកម្ពុជា ចំពោះការរៀបចំកិច្ចប្រជុំកំពូលលើកដំបូងនេះប្រកបដោយជោគជ័យ និងសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការនាំយកវេទិកាសន្ទនាអន្តរជាតិដ៏សំខាន់មួយនេះមកកាន់ប្រទេសកម្ពុជា។







