ក្រុមហ៊ុន កូកា-កូឡាកម្ពុជា ជ្រើសរើស ABA ជាធនាគារបង្គោល
28/Jun/2019

ធនាគារ ABA ដែលជាសមាជិកសម្ពន្ធធនាគារជាតិកាណាដា សូមប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (“CBC”) ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិផ្តាច់មុខ ក្នុងការផលិតនិងចែកចាយភេសជ្ជៈ កូកា-កូឡា បានជ្រើសរើសធនាគារ ABA ធ្វើជាធនាគារដៃគូបង្គោលរបស់ខ្លួន។ បន្ទាប់ពីបានធ្វើការសិក្សាយ៉ាងជាក់លាក់ ក្រុមហ៊ុន CBC បានកំណត់ថាធនាគារ ABA គឺជាធនាគារដ៏ស័ក្តិសមបំផុត ដែលមានលទ្ធភាពបំពេញតាមតម្រូវការក្នុងអាជីវកម្មរបស់ខ្លួន។
ធនាគារ ABA ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនក្រុមហ៊ុន CBC នូវសេវា និងដំណោះស្រាយផ្នែកសេវាធនាគារយ៉ាងពេញលេញ ដើម្បីគាំទ្រដល់ប្រតិបត្តិការ និងការរីកចម្រើនផ្នែកអាជីវកម្មរបស់ក្រុមហ៊ុន។ សេវាសំខាន់ៗដែលធនាគារ ABA នឹងផ្តល់ជូនដល់ក្រុមហ៊ុន CBC រួមមាន សេវាធនាគារអនឡាញសម្រាប់អាជីវកម្មឈានមុខគេ (“iBanking for Business”) ដែលមានលទ្ធភាពអាចភ្ជាប់ជាមួយនឹងប្រព័ន្ធរបស់ក្រុមហ៊ុនយ៉ាងមានប្រសិទ្ធភាព សម្រាប់ការប្រមូលប្រាក់ ការទូទាត់ និងការដាក់បញ្ចូលទៅក្នុងប្រព័ន្ធអេកូរបស់ ABA ក៏ដូចជាការផ្តល់សិទ្ធិដល់អ្នកទូទាត់, រួមជាមួយ សេវាប្រមូលការទូទាត់តាមបណ្តាញសាខា និងតាមប្រព័ន្ធឌីជីថលយ៉ាងទូលំទូលាយរបស់ ABA ដែលផ្ដល់លទ្ធភាពក្នុងការផ្តល់នូវគំរូរំហូរហិរញ្ញវត្ថុដើម្បីបង្កើតតម្លៃសម្រាប់ដៃគូនិងភាគីពាក់ព័ន្ធក្នុងការទូទាត់និងទំនាក់ទំនងផ្នែកពាណិជ្ជកម្ម។
សាជីវកម្មធំៗជាច្រើននៅក្នុងវិស័យទំនិញប្រើប្រាស់ (FMCG) មានការប្រឈមជាមួយនឹងបញ្ហាការប្រមូលសាច់ប្រាក់ពីអ្នកចែកចាយ អ្នកលក់ដុំ និងអ្នកលក់រាយនៅតាមតំបន់ ដោយសារតែសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាអាស្រ័យលើការប្រើប្រាស់សាច់ប្រាក់។ ដើម្បីដោះស្រាយបញ្ហានេះ ធនាគារ ABA នឹងធ្វើការជាមួយក្រុមហ៊ុន CBC ដើម្បីអនុវត្តការប្រមូលប្រាក់ដោយប្រើគណនីនិម្មិត តាមបញ្ជរធនាគារ ម៉ាស៊ីនដាក់ប្រាក់ ម៉ាស៊ីនដក/ដាក់ប្រាក់ ATM និងសេវាផ្សេងៗទៀត។ ធនាគារជឿថា ហេដ្ឋារចនាសម្ពន្ធបច្ចុប្បន្នរបស់ខ្លួននឹងជួយក្រុមហ៊ុន CBC បានយ៉ាងល្អក្នុងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យពីការប្រមូលការទូទាត់ជាសាច់ប្រាក់ បង្កើនរំហូរសាច់ប្រាក់ និងតុល្យភាពប្រចាំថ្ងៃជាអតិបរមាជាមួយធនាគារ។
“នៅក្រុមហ៊ុន CBC យើងចង់ឈានមុខគេខាងនិន្នាការនៃការអភិវឌ្ឍផ្នែកឌីជីថល និងអាជីវកម្មអនឡាញពេញទូទាំងប្រទេសកម្ពុជា ដោយធ្វើឲ្យប្រាកដថាដំណើរការនៃការទូទាត់រវាងក្រុមហ៊ុន CBC ជាមួយនឹងអ្នកផ្គត់ផ្គង់ និងជាមួយអតិថិជនរបស់យើង ដំណើរការប្រកបដោយប្រសិទ្ធភាព និងមានភាពរលូន ដើម្បីបង្កើនផលិតភាពដៃគូអាជីវកម្មរបស់យើង។ ដៃគូជាយុទ្ធសាស្ត្រថ្មីរបស់យើងជាមួយ ABA ដែលជាធនាគារឈានមុខគេបំផុតផ្នែកនវានុវត្ត រំពឹងថានឹងផ្តល់ឲ្យយើងនូវបច្ចេកវិទ្យាចុងក្រោយខាងផ្នែកសេវាធនាគារឌីជីថល ដែលនឹងជួយជំរុញការធ្វើអាជីវកម្មរបស់យើង ឲ្យបានឈានមុខនៅទូទាំងប្រទេសកម្ពុជា។ យើងពិតជារីករាយណាស់ដែលបានចាប់ដៃគូជាមួយធនាគារ ABA និងទន្ទឹងរង់ចាំភាពជោគជ័យនាពេលអនាគតជាមួយគ្នា” នេះបើតាមប្រសាសន៍របស់លោក David Wigglesworth ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន CBC។
ក្រុមហ៊ុន CBC នឹងទទួលបានអត្ថប្រយោជន៍បន្ថែមពីការប្រើប្រាស់សេវា iBanking for Business សម្រាប់ការទូទាត់ប្រាក់របស់ខ្លួនទៅកាន់អ្នកលក់ អ្នកផ្គត់ផ្គង់ និងអ្នកពាក់ព័ន្ធទាំងក្នុងនិងក្រៅប្រទេស។ នេះរាប់បញ្ចូលទាំងសេវាទូទាត់ប្រាក់ខែដល់បុគ្គលិក បង់វិក្កយបត្រផ្សេងៗ និងប្រតិបត្តិការទូទៅរវាងគណនីធនាគារ និងជាមួយគណនីការបូបឌីជីថល (e-wallet) ផ្សេងៗទៀត។
នាយកប្រតិបត្តិរបស់ធនាគារ ABA លោក Askhat Azhikhanov បានមានប្រសាសន៍ថា “កូកា-កូឡាគឺជាម៉ាកអន្តរជាតិដែលមានផ្លាកសញ្ញាអាជីវកម្មនៅទូទាំងពិភពលោក។ យើងពិតជាមានមោទនភាពណាស់ ដែលក្រុមហ៊ុន CBC ជាក្រុមហ៊ុនតំណាងឲ្យក្រុមហ៊ុនកូកា-កូឡានៅក្នុងប្រទេសកម្ពុជា បានជ្រើសរើសធនាគារ ABA ជាធនាគារបង្គោលរបស់ក្រុមហ៊ុន។ ជាមួយនឹងជំនាញនិងធនធានមានស្រាប់នៅនឹងកន្លែង យើងនឹងប្រឹងប្រែងឲ្យបានល្អបំផុត ដើម្បីផ្តល់នូវដំណោះស្រាយផ្នែកគ្រប់គ្រងហិរញ្ញវត្ថុទ្រង់ទ្រាយធំនិងមានប្រសិទ្ធភាពដល់ក្រុមហ៊ុន។”
បំពាក់ដោយហេដ្ឋារចនាសម្ពន្ធរឹងមាំ កម្មវិធីដែលអាចទុកចិត្តបាន និងធនធានប្រកបដោយគុណភាព ធនាគារ ABA ត្រូវបានរៀបចំសម្រាប់ពង្រីកសហប្រតិបត្តិការ និងភាពជាដៃគូជាមួយក្រុមហ៊ុន CBC ដើម្បីសម្រេចឲ្យបាននូវនិរន្តរភាព និងភាពរីកចំរើនក្នុងកិច្ចសហការផ្នែកអាជីវកម្មក្នុងរយៈពេលវែងទៅមុខ។
អំពីក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា (CBC) ដែលជាក្រុមហ៊ុនភេសជ្ជៈគ្មានជាតិស្រវឹង ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ 100% របស់សម្ព័ន្ធក្រុមហ៊ុន Bottling Investments Group (BIG) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ 100% របស់ក្រុមហ៊ុនកូកា-កូឡា មានមោទនភាពក្នុងនាមជាអ្នកផលិត ផ្គត់ផ្គង់ និងអ្នកចែកចាយ ដែលទទួលបានសិទ្ធិផ្ដាច់មុខពីក្រុមហ៊ុន កូកា-កូឡា និងក្រុមហ៊ុន Monster Energy Company ក្នុងប្រទេសកម្ពុជា។
រោងចក្ររបស់ CBC គឺជារោងចក្រថ្មីបំផុតមួយ របស់ក្រុមហ៊ុនកូកា-កូឡា នៅក្នុងតំបន់អាស៊ី។ រោងចក្រនេះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គ្របដណ្ដប់លើផ្ទៃដី 12,5 ហិកតា ហើយមានទំហំធំជាងទីតាំងចាស់រហូតដល់ទៅ 10 ដង។
រោងចក្រថ្មីនេះ បានជួយបង្កើនសមត្ថភាពផ្គត់ផ្គង់ផលិតផល ដែលអាចបំពេញតម្រូវការរបស់អតិថិជន និងអ្នកប្រើប្រាស់ក្នុងស្រុកទាំងនាពេលបច្ចុប្បន្ន និងនាពេលអនាគត ។
អំពីធនាគារ ABA
ធនាគារ ABA គឺជាធនាគារមួយក្នុងចំណោមគ្រឹះស្ថានធនាគារឈានមុខគេនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1996។ មកដល់ពេលនេះ ធនាគារ ABA ផ្តល់ជូនសេវាហិរញ្ញវត្ថុ និងដំណោះស្រាយផ្នែកធនាគារឌីជីថលយ៉ាងពេញលេញជូនដល់អតិថិជន រួមទាំងសហគ្រាសធុនតូចនិងមធ្យម អាជីវកម្មខ្នាតតូចបំផុត និងបុគ្គលជាដើម។
គិតមកដល់ត្រឹមថ្ងៃទី 31 ឧសភា 2019 ទ្រព្យសកម្មរបស់ធនាគារ ABA មានចំនួន 3.36 ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលធ្វើឲ្យខ្លួនក្លាយជាធនាគារធំទីបីនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ 2017 ធនាគារ ABA បានទទួលចំណាត់ថ្នាក់ឥណទានកម្រិត “B” ពី Standard and Poor’s (S&P) Global Ratings។ ហើយក្នុងឆ្នាំ 2018 S&P បានអះអាងជាថ្មីនូវចំណាត់ថ្នាក់ឥណទាននេះជាមួយនឹងទស្សនវិស្ស័យ “វិជ្ជមាន”។
ធនាគារ ABA ក៏បានទទួលពានរង្វាន់ “ធនាគារល្អបំផុតនៅកម្ពុជា” ពីឆ្នាំ 2015 ដល់ឆ្នាំ 2019 ពីទស្សនាវដ្ដីធំៗដូចជា The Banker, Euromoney និង Global Finance។
ម្ចាស់ភាគហ៊ុនដ៏ធំរបស់ធនាគារ ABA គឺធនាគារជាតិកាណាដា (www.nbc.ca) ដែលជាធនាគារធំជាងគេទីប្រាំមួយនៅប្រទេសកាណាដា និងជាធនាគារដែលឈានមុខគេនៅ Quebec ជាកន្លែងដែលធនាគារនេះក្លាយជាជម្រើសដៃគូសម្រាប់សហគ្រិនធុនតូចនិងមធ្យម។

