សាខា ចោមចៅ 2 ឥឡូវបើកបម្រើសេវា 12/7
30/Aug/2021

ដើម្បីឆ្លើយតបតាមកំណើននៃតម្រូវការសេវាធនាគារប្រកបដោយភាពងាយស្រួល និងគុណភាពខ្ពស់នៅតំបន់ចោមចៅនៃរាជធានីភ្នំពេញ ថ្ងៃនេះ ធនាគារ ABA សូមប្រកាសជាផ្លូវការអំពីការដំឡើងសាខាចោមចៅ 2 ទៅជាសាខាប្រតិបត្តិ 12/7។
ដោយស្ថិតនៅតាមបណ្ដោយមហាវិថី វេងស្រេង ចន្លោះតំបន់មមាញឹកនៃសង្កាត់ចោមចៅ និងស្ទឹងមានជ័យ សាខានេះ មានផ្នែកធនាគារស្វ័យសេវា ដែលបំពាក់ម៉ាស៊ីន ATM, ម៉ាស៊ីនដាក់ប្រាក់, ម៉ាស៊ីនដក-ដាក់ប្រាក់, និងម៉ាស៊ីនដាក់មូលប្បទានបត្រ ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងអញ្ជើញចូលប្រើប្រាស់បានគ្រប់ពេលវេលា។
បន្ថែមលើនេះទៀត សាខាមានចំណតធំទូលាយ, កន្លែងរង់ចាំ, និងបុគ្គលិកប្រចាំការមានវិជ្ជាជីវៈ ដើម្បីឆ្លើយតប និងសម្រួលរាល់សំណើ ឬចម្ងល់ផ្សេងៗរបស់អតិថិជន រួមមានបញ្ជរបង់ពន្ធដាច់ដោយឡែក ដើម្បីផ្ដល់សេវាគ្រប់គ្រាន់ និងកាន់តែលឿនរហ័ស។
លោក លី ម៉ាលីស ប្រធានសាខាចោមចៅ 2 មានប្រសាសន៍ថា “នៅសាខានេះ យើងទទួលបានកំណើនប្រតិបត្តិការ និងអតិថិជនកាន់តែច្រើនឡើងៗ ដោយសារកំណើនសកម្មភាពអាជីវកម្មនៅក្នុងតំបន់ដ៏មមាញឹកនេះ។ ដោយធ្វើការពង្រីកបន្ថែមម៉ោងបម្រើសេវាប្រចាំថ្ងៃ ដល់ 12 ម៉ោង រួមទាំងសៅរ៍អាទិត្យ សាខានេះនឹងលើកទឹកចិត្តឲ្យអតិថិជនអញ្ជើញមកទទួលឬប្រើប្រាស់សេវាអំឡុងក្រោយម៉ោងការងារ និងអនុវត្តតាមវិធានការរក្សាគម្លាតសុវត្ថិភាព ក៏ដូចជាតម្រូវតាមអតិថិជនដែលរវល់ក្នុងកិច្ចការងារអំឡុងម៉ោងធ្វើការទូទៅ។”
សាខាចោមចៅ 2 ដែលមានអាសយដ្ឋាន អគារលេខ 01-03 មហាវិថីវេងស្រេង ភូមិត្រពាំងថ្លឹង 4 សង្កាត់ចោមចៅ 1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឥឡូវនេះ បើមប្រើសេវាជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 8 ព្រឹក ដល់ 8យប់។ ទីតាំងអាចរកមើលតាមផែនទីត្រង់នេះ។
គិតត្រឹមថ្ងៃទី 31 ខែសីហា ឆ្នាំ 2021 ធនាគារ មានសាខា 79 និង ទីតាំងស្វ័យសេវា ABA 24/7 ចំនួន 10 កំពុងបម្រើអតិថិជនទូទាំងប្រទេស។

