កសាងអនាគតកាន់តែប្រសើរ៖ ការជួសជុលកែលម្អសាលារៀនក្នុងខេត្តតាកែវ របស់ធនាគារ ABA
16/Jul/2025
ស្ថិតនៅតំបន់មួយដ៏ស្ងប់ស្ងាត់ចម្ងាយប្រមាណជា 30នាទី ពីទីប្រជុំជនខេត្តតាកែវ សាលាបឋមសិក្សា សន្លុង បានឈរជើងជាសសរគ្រឹះនៃការអប់រំ សម្រាប់សហគមជាយូរលង់ណាស់មកហើយ។ ជាមួយសិស្សានុសិស្សសរុបចំនួន 545នាក់ សាលារៀននេះបានបម្រើគ្រួសារជាច្រើនជំនាន់ ទោះបីជា អគារសាលាមានអាយុកាលច្រើនឆ្នាំ និងធនធាននៅមានកម្រិតនៅឡើយក៏ដោយ។
ដូចទៅនឹងសាលារដ្ឋក្នុងតំបន់ដាច់ស្រយាលដទៃទៀតដែរ សាលារៀននេះបានប្រឈមមុខនឹង ការខូចខាតទៅតាមពេលវេលា។ ជញ្ជាំងរងការប្រេះបែក ដោយសារអាកាសធាតុ បង្អួចនិងទ្វារ ត្រូវការជួសជុល ស្ថានភាពក្នុងថ្នាក់ខ្វះខ្យល់ចេញចូលសមស្រប និងទីធ្លារខាងក្រៅមិនមានផាសុកភាពគ្រប់គ្រាន់សម្រាប់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូឡើយ។ យ៉ាងណាមិញ ស្ថានភាពក៏បានប្រែប្រួល និងបរិយាកាសចាប់ផ្តើមមានភាពរស់រវើក។
ការចាប់ផ្តើមថ្មី
ដោយស្វែងយល់ផលប៉ះពាល់នៃផលវិបាកទាំងនេះទៅលើសិស្សានុសិស្ស ធនាគារ ABA បាននាំមុខ និងបង្កើតគំនិតផ្តួចផ្តើមនៃគម្រោងជួលជុលកែលម្អសាលារៀនឡើងវិញ។ ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ សាលារៀនក៏ទទួលបានការជួសជុល ជាបន្តបន្ទាប់ ក្នុងគោលបំណងបង្កើនបរិយាកាសសិក្សារបស់សិស្ស។ អគារមួយខ្នងដែរលមានថ្នាក់រៀនចំនួន 5បន្ទប់ ត្រូវបានលាបពណ៌ថ្មី ដំបូល និងបង្អួចបាក់បែកក៏ត្រូវបានផ្លាស់ប្តូរ ហើយកង្ហារពិតាន បានដំឡើងដើម្បីផ្តល់ខ្យល់ត្រជាក់ពេលមេឃក្តៅ។
នៅក្នុងបរិវេណសាលា មានបន្ថែមនូវបង់អង្គុយសម្រាប់សិស្សសម្រាកពីម៉ោងសិក្សា អំពូលសូឡាបានតម្លើងដើម្បីបង្កើនសុវត្ថិភាពនិងបំភ្លឺទីធ្លា និងធុងសំរាមសម្រាប់គ្រប់គ្រងកាកសំណល់ និងអនាម័យឲ្យកាន់តែប្រសើរក្នុងទីធ្លាសាលា។
កុមារី វាសនា រស្មី ដែលជាសិស្សថា្នក់ទី 2 បានសម្តែងការអរគុណរបស់ខ្លួន “ពេលមេឃក្តៅ ខ្ញុំបែកញើសពិបាកក្នុងការយកចិត្តទុកដាក់រៀន។ ប៉ុន្តែ នៅពេលមេឃភ្លៀង ទឹកភ្លៀងបានសាចពីបង្អួចបាក់បែក ដែលនាំឲ្យទទឹកសៀវភៅ។ អរគុណដល់ ABA ឥឡូវខ្ញុំ និងមិត្តរួមថ្នាក់ អាចអង្គុយរៀនក្នុងថ្នាក់ដោយផាសុខភាព។”
ការសាទរលើសមិទ្ធផលរួមគ្នា
នៅថ្ងៃទី12 ខែកក្កដា ឆ្នាំ 2025 ពិធីប្រគល់អំណោយសប្បុរសបានប្រព្រឹត្តឡើងនៅបរិវេណសាលារៀន ក្រោមវត្តមានលោក នុត បុរ៉ា អនុប្រធានមន្ទីរអប់រំខេត្តតាកែវ ព្រមទាំងបុគ្គលិកសាខាធនាគារ លោកនាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដែលទទួលបានអ្នកចូលរួមសរុបប្រមាណ 150 នាក់។
ក្រៅពីកម្មវិធីផ្លូវការ ក្នុងថ្ងៃនោះដែរក៏មានបញ្ចូលនូវពេលវេលាសម្រាប់ការងារសង្គមផងដែរ។ ជាពិសេសសិស្សានុសិស្ស បានដើរតួយ៉ាងសំខាន់ក្នុងសកម្មភាពមួយចំនួនដូចជា ការលាបពណ៌បង្អួច និងពាក្យស្លោក ដើម្បីដាក់លំអរថ្នាក់រៀន។ សកម្មភាពដាំកូនឈើ និងផ្កាដើម្បីបង្កើនសម្រស់ បៃតងក្នុងបរិវេណសាលា។
សកម្មភាពទាំងនេះមិនត្រឹមតែជាកិច្ចការប៉ុណ្ណោះទេ វាជាឱកាសដល់សិស្សក្នុងការបង្កើនទំនួលខុសត្រូវ ការធ្វើការជាក្រុម និងទំនាក់ទំនងរវាងគ្នានឹងគ្នា។ នេះជាមធ្យោបាយដ៏ល្អមួយសម្រាប់សិស្ស ដែលពួកគេអាចរៀនសូត្របានលើសពីចំណេះវិជ្ជាក្នុងថ្នាក់រៀន។
បុគ្គលិក ក៏បានរួមចំណែកជាមួយសិស្សានុសិស្ស ក្នុងសកម្មភាពទាំងនេះផងដែរ រូមមានការ លាបពណ៌ សម្អាតទីធ្លា និងដាំកូនឈើ។ កិច្ចខិតខំប្រឹងប្រែងរួមនេះ បានឆ្លុះបញ្ជាំងអំពីស្មារតីនៃគម្រោង ដែលផ្តោតទៅលើការចូលរួមពីសហគម និងការលើកកម្ពស់ការអប់រំ។ សិស្សានុសិស្សក៏ទទួលបានសម្ភារៈសិក្សាមួយចំនួនសម្រាប់ការសិក្សារបស់ពួកគេ ដើម្បីជាការលើកទឹកចិត្តក្នុងការចូលរួមក្នុងសកម្មភាពនេះផងដែរ។
លោក មាស ខេមរា ប្រធានសាខាធនាគារ ខេត្តតាកែវ បានបញ្ចេញមតិក្នុងកម្មវិធី “ថ្ងៃនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីផ្តល់នូវការអប់រំដែលមានគុណភាព។ ការអភិវឌ្ឍចំពោះសាលាបឋមសិក្សាសន្លុង មានគោលបំណងផ្តល់នូវបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងប្រក្រតី ដល់សិស្សបន្ថែមក្នុងការរៀនសូត្រ និងរីកចម្រើន។ យើងខ្ញុំ ពីធនាគារ ABA មានមោទនភាពដែលបានរួមចំណែកក្នុងគម្រោងដែលផ្តល់ផលប្រយោជន៍ផ្ទាល់ដល់យុវជនជំនាន់ក្រោយ។”
ពីការកែលម្អរសាលារៀនមួយ ទៅសាលារៀនមួយទៀត គម្រោងនីមួយៗ នៅតែបន្តឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ ABA ក្នុងការបង្កើតសហគមប្រកបដោយភាពរឹងមាំ និងអត់ធន់។ តាមរយៈការវិនិយោគលើការអប់រំនៅថ្នាក់មូលដ្ឋាន ABA មិនត្រឹមតែបង្កើនហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែប្រសើរឡើងនោះទេ ប៉ុន្តែក៏បញ្ជាក់ឡើងវិញនូវការប្តេជ្ញាផ្នែកទំនួលខុសត្រូវសង្គម ឆ្ពោះទៅរកប្រទេសកម្ពុជាដែលមានអនាគតភ្លឺស្វាង។







