ជំរុញចំណេះដឹងផ្នែកហិរញ្ញវត្ដុ: ABA ឧបត្ថម្ភថវិកាចំនួន 5,000 ដុល្លារ ជូនសារមន្ទីរ ស.ស.រ សម្រាប់សិស្សានុសិស្សសិក្សាស្វែងយល់ដោយឥតគិតថ្លៃ
31/Jul/2024
ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា1 មានមោទនភាពបានឧបត្ថម្ភថវិកាចំនួន 5,000 ដុល្លារ ជូនសារមន្ទីរព្រះស្រីឦសានវរ្ម័ន (ស.ស.រ) តាមរយៈ “កម្មវិធីបណ្តុះបណ្តាលចំណេះដឹងវិស័យ ធនាគារ និងសេដ្ឋកិច្ច” របស់សមាគមធនាគារនៅកម្ពុជា (ABC)។
ការសហការនេះ មានគោលបំណងផ្តល់ឱកាសដល់សិស្សានុសិស្សបានចូលសិក្សាស្វែងយល់ អំពីការតាំងពិព័រណ៍អចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍ទៅលើវត្ថុបុរាណរូបិយវត្ថុ ទីតាំងអន្តរកម្មដ៏ទំនើបបំពាក់ដោយភាពយន្តឯកសារ និងការយល់ដឹងបន្ថែមពីអ្នកជំនាញ ដើម្បីបង្កើនចំណេះដឹងទៅលើប្រវត្តិរូបិយវត្ថុជាង ២ពាន់ឆ្នាំ របស់កម្ពុជា។ សិស្សានុសិស្សអាចប្រែក្លាយបទពិសោធន៍ពីការសិក្សាស្វែងយល់នៃវប្បធម៌របស់ខ្លួននេះ ទៅជាឱកាសដ៏មានតម្លៃក្នុងការសិក្សា និងស្រាវជ្រាវ។
នៅថ្ងៃទី31 ខែកក្កដា ឆ្នាំ2024 សមាគមធនាគារនៅកម្ពុជា (ABC) និងសារមន្ទីរ ស.ស.រ. បានរៀបចំទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិស្សចំនួន 250នាក់ និងក្រុមការងារ ABA ដើម្បីយល់ដឹងបន្ថែមពី ប្រព័ន្ធហិរញ្ញវត្ដុ ប្រវត្តរូបិយវត្ថុ និងដំណើរវិវត្តនៃរូបិយប័ណ្ណរបស់ប្រទេសកម្ពុជាដ៏មានតម្លៃ។
លោក Igor Zimarev នាយកទីផ្សារ និង កិច្ចការ CSR នៃធនាគារ ABA មានប្រសាសន៍ថា “ការយល់ដឹងអំពីប្រវត្តសាស្ត្ររបស់ប្រទេសខ្លួន ជាពិសេសនៅក្នុងវិស័យហិរញ្ញវត្ដុ ពិតជាសំខាន់ណាស់។ តាមរយៈការឧបត្ថម្ភនេះ យើងខ្ញុំសង្ឃឹមថាសិស្សានុសិស្សនឹងអាចស្វែងយល់កាន់តែច្បាស់និងស៊ីជម្រៅទៅលើប្រវត្តរូបិយវត្ថុរបស់ខ្លួន។”
លោកក៏បានបន្ថែមថា “យើងខ្ញុំ ក៏សូមថ្លែងអំណគុណដល់ធនាគារជាតិកម្ពុជា ដែលបានដើរតួយ៉ាងសំខាន់ក្នុងការអភិរក្ស និងបង្កើតសារមន្ទីរដ៏អស្ចារ្យនេះឡើងម្រាប់កូនចៅជំនាន់ក្រោយ ហើយក៏អរគុណដល់សមាគមធនាគារនៅកម្ពុជា ដែលបានផ្តួចផ្តើមគំនិតបង្កើតកម្មវិធីនេះឡើងសម្រាប់សិស្សានុសិស្សក្នុងការទទួលបានបទពិសោធន៍ថ្មី។”
ធនាគារ ABA នៅតែបន្តគាំទ្រ ក្នុងការជំរុញយុវជនកម្ពុជា និងលើកទឹកចិត្តឲ្យយល់ដឹងកាន់តែច្បាស់ទៅលើវប្បធម៌រូបិយប័ណ្ណរបស់ពួកគេ។ ការផ្តួចផ្តើមផ្នែកអប់រំ ផ្តោតទៅលើចំណេះដឹងផ្នែកហិរញ្ញវត្ដុ ស្របទៅតាមគោលការណ៍ទំនួលខុសត្រូវសង្គម របស់ធនាគារ ក្នុងការកសាងសហគមន៍មួយដែលរឹងមាំ និងពោរពេញដោយបណ្តុំបរិយាប័ន្នហិរញ្ញវត្ដុ។
យើងខ្ញុំក៏លើកទឹកចិត្តអ្នកទាំងអស់គ្នា ទៅទស្សនា សារមន្ទីរ ស.ស.រ. និងចូលរួមដំណើរដ៏មានន័យនេះ។
1ABA គឺជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជាគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 ដល់ 2023 របស់ធនាគារជាតិនៃកម្ពុជា។







