សូមប្រយ័ត្នចំពោះ ជនក្លែងបន្លំ

05/Jan/2023

ABA scammer alert 2023 detail kh

អតិថិជន ABA ជាទីគោរព!

ថ្មីៗនេះ យើងខ្ញុំបានកំណត់អត្តសញ្ញាណ ក្រុមតេឡេក្រាម ផ្សេងៗគ្នា​ដែលកំពុងចែកចាយព័ត៌មានពាក់ព័ន្ធនឹងការជួញដូរ គ្រីបតូ ក្នុងប្រទេសកម្ពុជា និងអូសទាញប្រជាពលរដ្ឋជាច្រើនឲ្យចូលជាសមាជិក ដើម្បីពង្រីកបណ្ដាញរបស់ពួកគេ។

យើងខ្ញុំសូមណែនាំអតិថិជនឲ្យបង្កើនការប្រុងប្រយ័ត្នបន្ថែម ចំពោះសកម្មភាពទាំងនេះ ព្រោះថាការជួញដូរ គ្រីបតូ នៅក្នុងប្រទេសកម្ពុជាគឺខុសច្បាប់ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ធ៧ ០១៧ ១០៥៨ ស.ជ.ណ ចុះថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៧ ស្ដីអំពី “ការទប់ស្កាត់ការប្រើប្រាស់ ចរាចរ ទិញ លក់ ទូទាត់ ផ្សព្វផ្សាយរូបិយប័ណ្ណគ្រីបតូ និងទំនិញអេឡិកត្រូនិកស្រដៀងគ្នា ដែលមិនទទួលបានការទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា ក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា”។

ក្រុមទាំងនេះ ក៏បានលើកឡើងអំពីធនាគារ ABA ក្នុងនាមជាធនាគារមួយដែលសមាជិករបស់ពួកគេអាចទូទាត់ ឬផ្ទេរប្រាក់សម្រាប់ការជួញដូរ គ្រីបតូ ដែលនេះមិនមែនជាការពិតទាល់តែសោះ ព្រោះថា ABA មិនដែលគាំទ្រដល់ការសកម្មភាពជួញដូរខុសច្បាប់ណាមួយឡើយ។

ដូច្នេះហើយ ដើម្បីការពារផលប្រយោជន៍អតិថិជនយើង ABA សូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់នូវចំណុចសំខាន់ៗខាងក្រោម៖

  • ABA មិនមានទំនាក់ទំនង ឬចូលរូមជាមូលនិធិផ្សេងៗជាមួយ ការជួញដូរ គ្រីបតូ ឡើយ
  • ប្រតិបត្តិការផ្ទេរ ឬទូទាត់ទៅ/មក រូបិយប័ណ្ណគ្រីបតូ តាមគណនី ABA ទាំងអស់ នឹងត្រូវត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងធ្វើការបង្កក
  • ABA នឹងមិនទទួលខុសត្រូវចំពោះការខាតបង់ទាំងឡាយណា ដែលបណ្ដាលមកពីប្រតិបត្តិការពាក់ព័ន្ធនឹង គ្រីបតូ ឡើយ

ប្រសិនបើលោកអ្នកត្រូវបានគេហៅឲ្យចូលរួម ឬបានចូលក្រុមទាំងនោះដោយចៃដន្យ សូមមេត្តាចាកចេញ (leave) ពីក្រុមនោះឲ្យបានឆាប់តាមដែលអាចធ្វើបាន។ លោកអ្នកក៏អាចរាយការណ៍មកយើងខ្ញុំភ្លាមៗ អំពីសកម្មភាពដែលគួរឲ្យសង្ស័យណាមួយពាក់ព័ន្ធនឹង ការជួញដូរ គ្រីបតូ នេះ តាមរយៈអ៊ីមែល info@remove-this.ababank.com ឬប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ 1 800 203 203 និងតាមលេខទូរស័ព្ទ 098 203 333។

សូមចែករំលែកព័ត៌មាននេះជាមួយគ្រួសារ និងមិត្តភក្ដិរបស់អ្នក ដើម្បីឲ្យពួកគាត់បានដឹង និងការពារខ្លួនពីសកម្មភាពខុសច្បាប់ទាំងនោះ!