វិធីជៀសផុតពីការឆបោកអនឡាញ!
14/Jan/2020
ធនាគារ ABA សូមជម្រាបជូនដល់អតិថិជន សូមមានការប្រុងប្រយ័ត្នបន្ថែមចំពោះអុីមែល ឬក៏សារខ្លីៗណាមួយ ដែលអះអាងថាបានផ្ញើចេញពីធនាគារ ABA មិនថាវាមានលក្ខណៈដូចជាសាររបស់ធនាគារពិតៗក៏ដោយ។ សូមបញ្ជាក់ថា ធនាគារយើងខ្ញុំមិនដែលឲ្យបុគ្គលិក ឬអ្នកតំណាងណាម្នាក់ទៅទាក់ទងសុំព័ត៌មានគណនី ឬព័ត៌មានកាតពីអតិថិជនឡើយ។
ជនឆបោកតែងព្យាយាមក្លែងបន្លំធ្វើយ៉ាងណាឲ្យមើលទៅ ឬស្តាប់ទៅដូចជាខ្លួនគេជាអ្នកតំណាងមកពីធនាគារ ABA ប៉ុន្តែអ្នកអាចដឹងបានយ៉ាងងាយ ដោយធ្វើការកាត់សម្គាល់លើជនទុច្ចរិតទាំងនោះដូចខាងក្រោម (សូមមើលគំរូអុីមែលឆបោកខាងក្រោម)៖
- សម្គាល់មើលអុីមែលដែលពួកគេប្រើ ដើម្បីទាក់ទងមក៖ ជួនកាល អុីមែលដែលជនក្លែងបន្លំប្រើ វាមានភាពខុសគ្នាពីអុីមែលពិតតែអក្សរមួយប៉ុណ្ណោះ។ ចងចាំថា ធនាគារយើងខ្ញុំមិនដែលប្រើប្រាស់អុីមែលដែលមានអាសយដ្ឋាន ababakn.com, advancebankasia.com, ababankofasla.com, advancebankofasia.com, ababnkofasla.com, accountant.com, ababcambodia.org, ababankonline.com, ababkonline.com, ababnk.com, abacamb.com, advancedbankasia.com ឬអាសយដ្ឋានអុីមែលស្រដៀងៗនេះឡើយ ហើយធនាគារ ABA ក៏មិនដែលស្នើឲ្យភាគីទី៣ណាផ្សេងទៀត ទាក់ទងអតិថិជនដើម្បីទៅទទួលយករង្វាន់ បណ្តាំមរតក និងអំណោយនានានោះទេ។ អុីមែលផ្លូវការរបស់យើងគឺត្រូវចេញពីអាសយដ្ឋាន [email protected] តែប៉ុណ្ណោះ!
- ខ្លឹមសារនៃអុីមែលដែលចាប់ផ្តើមជាមួយនឹងការបំភ័យ ឬជំរុញអ្នកឲ្យចុចលើលីង ឬដោនឡូដឯកសារភ្ជាប់។
- អ្នកផ្ញើអុីមែលសរសេរឈ្មោះអ្នកមិនត្រឹមត្រូវ ឬមិនបានលើកឡើងពីឈ្មោះអ្នកចំជាដើម។
- ហត្ថលេខារបស់អុីមែលមានភ្ជាប់ជាមួយលីងដែលមិនពាក់ព័ន្ធជាមួយ ABA។
សកម្មភាពបែបនេះ ជាញឹកញយត្រូវបានប្រើដោយជនទុច្ចរិត ដើម្បីបញ្ចុះបញ្ចូលជនរងគ្រោះឲ្យផ្តល់ព័ត៌មានដល់ពួកគេ ដូចជា កាត ឬលេខគណនីធនាគារ លេខសម្ងាត់ និងព័ត៌មានលំអិត ដែលគេអាចប្រើបានដើម្បីធ្វើការក្លែងបន្លំ។ សូមចងចាំថា ធនាគារ ABA មិនដែលផ្ញើអុីមែល សារខ្លីៗ ឬលីងវិបសាយទៅអ្នក ដើម្បីស្នើឲ្យអ្នកបញ្ចូលលេខកាតរបស់ខ្លួន លេខសម្ងាត់របស់ធនាគារអនឡាញ ឬព័ត៌មានសម្ងាត់ដទៃៗទៀតឡើយ។
ប្រសិនបើអ្នកទទួលបានអុីមែល ឬសារបន្លំថាមកពីធនាគារ ABA ដែលគួរឲ្យសង្ស័យ ហើយអ្នកមិនអាចផ្ទៀងផ្ទាត់បាននោះ សូមរាយការណ៍មកយើងខ្ញុំជាបន្ទាន់តាមរយៈ info(at)ababank.com។ ប្រសិនបើអ្នកគិតថា អ្នកប្រហែលបានក្លាយជាជនរងគ្រោះចំពោះការលួចបន្លំ ឬការក្លែងបន្លំណាមួយហើយនោះ សូមទូរស័ព្ទមកកាន់យើងខ្ញុំជាបន្ទាន់តាមលេខរយៈ +855 23 225 333។
ដោយការគោរព
ធនាគារ ABA