វិភាគ និងរៀបចំទម្លាប់ចាយវាយកាន់តែប្រសើរ ជាមួយ មុខងារវិភាគ ABA
28/Oct/2025
B2B Cambodia សំណេះសំណាលជាមួយ អ្នកស្រី បាន វឌ្ឍនា អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកផលិតផលកម្មវិធីឌីជីថល នៃធនាគារ ABA ដើម្បីយល់ដឹងអំពីមុខងារវិភាគ នៅក្នុង ABA Mobile ដែលរចនាឡើងសម្រាប់ជួយអតិថិជន តាមដាន វិភាគ និងគ្រប់គ្រងទម្លាប់ចាយវាយឲ្យកាន់តែប្រសើរ។
B2B Cambodia: អ្វីជា មុខងារវិភាគក្នុង ABA Mobile? ហើយអ្នកណាខ្លះ ទទួលបានប្រយោជន៍ពីមុខងារនេះ?
មុខងារវិភាគក្នុង ABA Mobile គឺជាជំនួយការហិរញ្ញវត្ថុផ្ទាល់ខ្លួនដ៏ទំនើបឆ្លាតវៃ ដែលជួយអតិថិជន ABA យល់ដឹងកាន់តែច្បាស់អំពី ការចាយវាយ និងគ្រប់គ្រងចាត់ចែងលុយកាក់របស់ពួកគាត់។ មុខងារនេះ នឹងបែងចែកស្វ័យប្រវត្ត នូវការចំណាយទៅតាមប្រភេទនីមួយៗ បង្ហាញដោយសង្ខេប ការចំណាយទាំងអស់ជាមួយរូបភាពច្បាស់ៗ ពណ៌រស់រវើក ព្រមទាំងជួយឲ្យអ្នកប្រើប្រាស់ ធ្វើការតាមដានចំណូល និងសន្សំបានយ៉ាងងាយស្រួលផងដែរ។
មុខងារនេះ ផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប - រួមមាន សិស្សានុសិស្សរៀនគ្រប់គ្រងលុយកាក់ដែលទទួលបានពីប៉ាម៉ាក់ ក្រុមគ្រួសាររៀបចំផែនការថវិកា ឬម្ចាស់អាជីវកម្មតូចៗតាមដានចំណាយប្រចាំថ្ងៃ។ មុខងារវិភាគ ក៏គាំទ្រកាន់តែទូលំទូលាយនៃគោលដៅពង្រឹងចំណេះដឹង និងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដោយធ្វើឲ្យប្រជាពលរដ្ឋគ្រប់រូបមានទិន្នន័យហិរញ្ញវត្ដុដែលងាយយល់ ស្រួលប្រើប្រាស់ ហើយអាចបើកចូលបានគ្រប់ពេលវេលា។
B2B Cambodia: ហេតុអ្វីបានជា ABA សម្រេចចិត្ត ដាក់ដំណើរការមុខងារថ្មីនេះ?
ABA បានដាក់ដំណើរការមុខងារវិភាគ ដើម្បីជួយឲ្យប្រជាពលរដ្ឋខ្មែរ ទទួលបានការយល់ដឹងផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរ និងធ្វើការសម្រេចចិត្តផ្នែកលុយកាក់បានគ្រប់ជ្រុងជ្រោយ។ កន្លងមក មនុស្សភាគច្រើន កំពុងជួបបញ្ហាលំបាកក្នុងការគ្រប់គ្រងចំណាយ ក៏ដូចជាបញ្ហារៀបចំផែនការសន្សំរបស់ពួកគេ។
វត្តមានរបស់ មុខងារវិភាគ ដោះស្រាយបញ្ហាលំបាកទាំងនេះ ដោយធ្វើឲ្យទិន្នន័យប្រតិបត្តិការ ក្លាយជា ទិន្នន័យខ្លឹម ច្បាស់ៗ។ នេះជាការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការយកចិត្តទុកដាក់លើសុខភាពហិរញ្ញវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុរបស់អតិថិជន ដោយធានាថាអ្វីដែលអតិថិជនទទួលបាន មិនត្រឹមតែសេវាធនាគារឌីជីថលដ៏ងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានឱកាសពង្រឹងសុខុមាលភាពហិរញ្ញវត្ថុរបស់ពួកគេទាំងមូលផងដែរ។ គោលបំណងនេះ ដើរស្របគ្នានឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជាតិយើង ក្នុងការលើកកម្ពស់ចំណេះដឹង និងបរិយាបន្នហិរញ្ញវត្ថុទូទាំងប្រទេស។
B2B Cambodia: មនុស្សភាគច្រើន មានការលំបាក ក្នុងការតាមដានលុយរបស់គាត់ មិនដឹងចេញទៅប្រភពណាខ្លះ។ តើមុខងារវិភាគ នេះផ្ដល់ភាពងាយស្រួលយ៉ាងណាដែរសម្រាប់ពួកគាត់?
មុខងារវិភាគ បែងចែកប្រតិបត្តិការទាំងអស់ ទៅតាមប្រភេទចំណាយនីមួយៗស្វ័យប្រវត្ត ដូចជា អាហារ & ភេសជ្ជៈ, ថ្លៃទឹកភ្លើង & សំរាម ឬយានជំនិះជាដើម - ដោយអ្នកប្រើប្រាស់មិនចាំបាច់ កត់ត្រារាល់ចំណាយម្ដងមួយៗដោយខ្លួនឯងទេ។ ទិន្នន័យទាំងនេះ ប្រាប់ថា លុយចេញទៅណាខ្លះក្នុងខែនីមួយៗ ដោយមានដ្យាក្រាមច្បាស់ៗ និងការប្រៀបធៀបនានា ងាយស្រួលមើល និងដឹងរាល់ការចាយវាយ។ លក្ខខណ្ឌតែមួយគត់ ដើម្បីឲ្យមុខងារនេះផ្ដល់ប្រយោជន៍ខ្ពស់ គឺអតិថិជនត្រូវប្រើ ABA Mobile ឬកាត ABA សម្រាប់រាល់ការទូទាត់នានា ទាំងក្នុងស្រុក និងក្រៅប្រទេស។ ពេលទូទាត់តាម ABA អតិថិជនទទួលបានសុវត្ថិភាពខ្ពស់ និងភាពងាយស្រួល ក្នុងការតាមដានចំណាយរបស់ពួកគាត់ដោយស្វ័យប្រវត្ត ដែលរួមចំណែកដ៏សំខាន់ក្នុងការជំរុញដំណើរដ៏រលូនឆ្ពោះទៅកាន់សេដ្ឋកិច្ចមិនប្រើក្រដាសប្រាក់ ប្រកបដោយតម្លាភាព។
B2B Cambodia: តើអ្នកស្រីអាចផ្ដល់ឧទាហរណ៍បានទេថា តើមុខងារនេះ ជួយសម្រួលដល់ការកំណត់ខ្ទង់ចំណាយ ឬគម្រោងសន្សំយ៉ាងណាខ្លះ?
ឧទាហរណ៍ អ្នកប្រើប្រាស់អាចកំណត់ការចំណាយទៅលើ ការកម្សាន្ដ ឬអាហារប្រចាំខែ។ ប្រសិនបើ ការចំណាយរបស់ពួកគាត់ជិតដល់ចំនួនកំណត់ អេប ABA Mobile នឹងជូនដំណឹងទៅពួកគាត់ភ្លាមៗ។ ការជូនដំណឹងបែបនេះ ជួយដាស់តឿនពីការចាយវាយរបស់ពួកគាត់ និងជួយឲ្យការសន្សំផ្ទាល់ខ្លួនរបស់ពួកគាត់សម្រេចដល់គោលដៅ ដូចជាការសន្សំសម្រាប់ការសិក្សា សម្រាប់តម្រូវការគ្រួសារ ឬសម្រាប់អនាគតជាដើម។ តាមរយៈការសម្រួលពីមុខងារនេះ បន្តិចម្ដងៗ អ្នកប្រើប្រាស់ នឹងចេះចាត់ចែងការចំណាយបានត្រឹមត្រូវ ចេះទុកលុយមួយផ្នែកសម្រាប់សន្សំជាប្រចាំ ដែលទាំងអស់នេះ នឹងជួយជំរុញបន្ថែមនូវគោលដៅថ្នាក់ជាតិ សំដៅពង្រឹងវិន័យក្នុងការរៀបចំផែនការហិរញ្ញវត្ថុកាន់តែប្រសើររបស់ប្រជាពលរដ្ឋ។
B2B Cambodia: ដោយហេតុថា មុខងារនេះ ដំណើរការទិន្នន័យហិរញ្ញវត្ថុសំខាន់ៗរបស់អ្នកប្រើប្រាស់ តើ ABA ធានានូវឯកជនភាព និងសុវត្ថិភាពទិន្នន័យរបស់អតិថិជនដោយរបៀបណា?
សុវត្ថិភាព និងឯកជនភាពរបស់អតិថិជន គឺជាអាទិភាពចម្បងរបស់ ABA។ ទិន្នន័យទាំងអស់ ស្ថិតនៅក្នុងប្រព័ន្ធសុវត្ថិភាពរបស់ធនាគារ និងត្រូវបានការពារដោយបច្ចេកវិទ្យាអ៊ិនគ្រីប ស្របទៅតាមបទប្បញ្ញត្តិសន្តិសុខធនាគាររបស់កម្ពុជា និងអន្តរជាតិ។ ទិន្នន័យហិរញ្ញវត្ថុទាំងអស់ មិនត្រូវបានចែកចាយដល់ភាគីទីបីនោះឡើយ។
ប្រព័ន្ធរបស់យើងខ្ញុំ បានអនុលោមយ៉ាងខ្ជាប់ខ្ជួន និងពេញលេញទៅនឹងស្តង់ដារបទប្បញ្ញត្តិកម្ពុជា លើការការពារទិន្នន័យ និងគាំទ្រការអនុវត្តហិរញ្ញវត្ថុឌីជីថលប្រកបដោយសុវត្ថិភាព ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការបង្កើនទំនុកចិត្តទៅលើវិស័យហិរញ្ញវត្ថុដ៏រឹងមាំ ជាមួយវឌ្ឍនភាពបន្តទៅមុខជាលំដាប់របស់កម្ពុជា។
B2B Cambodia: តើអតិថិជនរបស់ធនាគារ ABA អាចចូលប្រើមុខងារវិភាគបានដោយរបៀបណា?
អ្នកប្រើប្រាស់ ABA Mobile គ្រប់រូប អាចចូលប្រើមុខងារវិភាគ នៅក្នុងអេបផ្ទាល់ - គ្រាន់តែចុចលើប៊ូតុង “វិភាគ” នៅលើអេក្រង់ដើម ឬផ្ទាំងវិចិត្ររបស់ ABA Mobile ពេលនោះ ពួកគាត់អាចមើលឃើញទិន្នន័យសំខាន់ៗ ច្បាស់ៗ ពាក់ព័ន្ធនឹងការចំណាយរបស់ខ្លួន។
មុខងារនេះផងដែរ នឹងដំណើរការស្វ័យប្រវត្ត សម្រាប់ប្រតិបត្តិការជាប្រាក់រៀល និងដុល្លារ ដែលជួយឲ្យអតិថិជនយល់ដឹងកាន់តែប្រសើរ និងអាចគ្រប់គ្រងលុយកាក់របស់ខ្លួនជារូបិយប័ណ្ណណាមួយក៏បាន តាមតម្រូវការ។ B2B Cambodia: មូលហេតុអ្វីបានជា ការបណ្ដុះទម្លាប់របស់មនុស្សម្នាក់ៗក្នុងចាត់ចែងហិរញ្ញវត្ថុបានត្រឹមត្រូវ និងច្បាស់លាស់ មានសារៈសំខាន់? ការចំណាយមានខ្ទង់ច្បាស់លាស់ កត់ត្រាបានត្រឹមត្រូវ និងទម្លាប់សន្សំ គឺជាគន្លឹះនៃស្ថិរភាពហិរញ្ញវត្ថុ យូរអង្វែង។ តាមរយៈការជួយអតិថិជនឲ្យមើលឃើញ និងគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគាត់បានយ៉ាងច្បាស់លាស់ ប្រកបដោយភាពងាយស្រួល គឺ ABA កំពុងគាំទ្រដល់យុទ្ធសាស្ត្រលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុរបស់ប្រទេសយើង និងជំរុញឲ្យមានការ គ្រប់គ្រងលុយកាក់ប្រកបដោយទំនួលខុសត្រូវ។
គោលដៅចម្បងរបស់យើង គឺដើម្បីពង្រឹងសមត្ថភាពរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការគ្រប់គ្រងលុយកាក់ សន្សំជាប្រាក់រៀល និងធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរ ដែលពង្រឹងទាំងសុខុមាលភាព បុគ្គល និងសេដ្ឋកិច្ចជាតិ។
B2B Cambodia: តើអ្នកស្រីបានសម្គាល់ឃើញមានការកែប្រែឥរិយាបថរបស់អ្នកប្រើប្រាស់ ឬទេ ដូចជា សន្សំច្រើន ជាងមុន ឬគ្រប់គ្រងការចំណាយប្រសើរជាងមុន?
ចាស! មានការកែប្រែច្រើន! ឥឡូវ អ្នកប្រើប្រាស់ជាច្រើន តែងចូលមើល មុខងារវិភាគ ដើម្បីមើលចំណាយរបស់ខ្លួនជាប្រចាំ កំណត់កែប្រែខ្ទង់ចំណាយប្រចាំខែ និងចាប់ផ្តើមសន្សំប្រាក់កាន់តែច្បាស់លាស់ មានរបៀបរៀបរយ។ យើងបានសង្កេតឃើញពីសន្ទុះនៃការគ្រប់គ្រងលុយកាក់ប្រកបដោយទំនួលខុសត្រូវ ជាពិសេសក្នុងចំណោមអ្នកជំនាញវ័យក្មេង និងសិស្សានុសិស្សដែលទើប នឹងចាប់ផ្តើមរៀបចំផែនការហិរញ្ញវត្ថុរបស់ខ្លួន។
ការកែប្រែឥរិយាបថទាំងនេះ រួមចំណែកដល់វប្បធម៌នៃការសន្សំកាន់តែរឹងមាំ និងការប្រើប្រាស់សេវា ហិរញ្ញវត្ថុប្រកបដោយភាពឆ្លាតវៃ។
B2B Cambodia: តើអ្នកស្រីអាចរំពឹងថា មុខងារវិភាគនឹងបង្កើនភាពឆ្លាតវៃ ទៅថ្ងៃអនាគតដែរឬទេ?
ចាស! នៅពេលខាងមុខទៀត មុខងារនេះ នឹងរួមបញ្ចូលព័ត៌មានលម្អិតដែលមានលក្ខណៈផ្ទាល់ខ្លួន និងផ្តល់យោបល់ហិរញ្ញវត្ថុ ដោយផ្អែកទៅលើទម្លាប់ចាយវាយ គោលដៅសន្សំ និងបែបផែនរស់នៅរបស់អ្នកប្រើប្រាស់ម្នាក់ៗ។
ឧទាហរណ៍ អ្នកប្រើប្រាស់អាចទទួលបានគន្លឹះ និងមតិយោបល់អំពីវិធីសន្សំជាប្រាក់រៀល ឬការគ្រប់គ្រងការទូទាត់ដែលធ្វើឡើងញឹកញាប់/ដដែលៗឲ្យប្រសើរជាមុន។ តទៅមុខទៀត មុខងារវិភាគ របស់ ABA Mobile នឹងវិវត្តខ្លួនក្លាយជាជំនួយការហិរញ្ញវត្ថុផ្ទាល់ខ្លួន ដែលជួយឲ្យអ្នកប្រើប្រាស់រៀបចំផែនការ សន្សំ និងចំណាយកាន់តែមានប្រសិទ្ធភាព ដែលទាំងអស់នេះ នឹងជួយគាំទ្រដល់ការរីកចម្រើនរបស់អ្នកប្រើប្រាស់ម្នាក់ៗ និងចក្ខុវិស័យរបស់កម្ពុជា ឆ្ពោះទៅរកសហគមន៍ឌីជីថល ប្រកបដោយបរិយាបន្នហិរញ្ញវត្ថុ។





