មុខងារ ណាវី របស់ ABA ឈ្នះពាន បច្ចេកវិទ្យានវានុវត្តន៍ប្រចាំឆ្នាំ សម្រាប់ការកែប្រែបទពិសោធបម្រើសេវាអតិថិជន
26/Oct/2026
ធនាគារ ABA បានឈ្នះពាន បច្ចេកវិទ្យានវានុវត្តន៍ប្រចាំឆ្នាំ - សេវាហិរញ្ញវត្ថុ នៅក្នុងកម្មវិធី Asian Innovation Excellence Awards 2026 ដោយទទួលស្គាល់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការពង្រឹងសេវាហិរញ្ញវត្ថុតាមរយៈបច្ចេកវិទ្យា និងនវានុវត្តន៍។
ពានរង្វាន់នេះ បានទទួលស្គាល់មុខងារ ណាវី ដែលជា AI ជំនួយការនិមិត្មសម្រាប់សេវាធនាគាររបស់ ABA និងបានដាក់បញ្ចូលទៅក្នុងអេកូស៊ីស្ទែមឌីជីថលរបស់ធនាគារ ABA ដើម្បីបង្កើនភាពងាយស្រួលសម្រាប់ការប្រើប្រាស់សេវាធនាគារ។
លើសពីមុខងារឆ្លើយតបស្វ័យប្រវត្តរបស់ Chatbot ទូទៅ ណាវីបានជួយណែនាំអតិថិជន ស្វែងរកព័ត៌មាន ទទួលបានការឆ្លើយតបពាក់ព័ន្ធនឹងសេវាធនាគារ ព្រមទាំងស្វែងរកសេវាឌីជីថលយ៉ាងងាយស្រួល តាមរយៈផ្លែតហ្វមដែលអាចឆ្លើយតបបានច្រើនភាសា និងអាចរកបាននៅលើបណ្តាញទំនាក់ទំនងនានារបស់ ABA ដោយកាត់បន្ថយនូវតម្រូវការទាក់ទងទៅក្រុមការងារផ្នែកបម្រើសេវាអតិថិជនដោយផ្ទាល់។ អតិថិជនអាចប្រើប្រាស់មុខងារ ណាវី បានតាមរយៈ ABA Mobile ដោយគ្រាន់តែបើកចូលកម្មវិធី និងចុចប៊ូតុង ណាវី។ ណាវី ក៏មាននៅក្នុងវិបសាយផ្លូវការរបស់ធនាគារ www.ababank.com ផងដែរ។ អតិថិជនអាចសួរសំណួរជាភាសាណាមួយ ដើម្បីទទួលបានការឆ្លើយតបអំពីចម្ងល់ពាក់ព័ន្ធនឹងសេវាធនាគារ។
បង្កើតឡើងសម្រាប់បរិបទនៅកម្ពុជា ណាវី អាចឆ្លើយតបជាភាសាខ្មែរយ៉ាងស្ទាត់ជំនាញ និងប្រើបច្ចេកវិទ្យាសម្គាល់សំឡេង ដែលធ្វើឲ្យការទទួលបានជំនួយធនាគារតាមរយៈ AI កាន់តែមានភាពងាយស្រួល សម្រាប់អតិថិជនខ្មែរ។
ជាលទ្ធផល ណាវី ទទួលបានអត្រាជោគជ័យ 98% ក្នុងការឆ្លើយតបសំណួររបស់អតិថិជន ដែលគូសបញ្ជាក់ ពីសមត្ថភាពខ្ពស់ក្នុងការផ្តល់ព័ត៌មាន និងដោះស្រាយចម្ងល់របស់អតិថិជនប្រកបដោយប្រសិទ្ធភាព។
លោក Bekzod Ruzmetov នាយកស្រាវជ្រាវឌីជីថល ទិន្នន័យ និងបញ្ញានិម្មិតនៃធនាគារ ABA មានប្រសាសន៍ក្នុងឱកាសនេះថា “វិធីសាស្ត្ររបស់យើងចំពោះនវានុវត្តន៍ ចាប់ផ្ដើមដោយយកអតិថិជនដាក់ក្នុងគោលគំនិត។ ដំណោះស្រាយនីមួយៗដែលយើងខ្ញុំអភិវឌ្ឍ ត្រូវបានជំរុញដោយគោលដៅដ៏សាមញ្ញមួយ ពោលគឺធ្វើយ៉ាងណាឲ្យសេវាធនាគារកាន់តែងាយស្រួល ងាយយល់ ងាយទទួលបានកាន់តែទូលំទូលាយ ព្រមទាំងឆ្លើយតបនឹងតម្រូវការដែលបន្ដកើនឡើងជាលំដាប់របស់អតិថិជន និងអាជីវកម្មដែលយើងខ្ញុំបម្រើជូន។ ខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជនគ្រប់រូបសម្រាប់ទំនុកចិត្ត និងការបន្ដគាំទ្រជារៀងរហូតមក និងសូមអរគុណជាអនេកដល់ក្រុមការងារពេញដោយសមត្ថភាព និងការប្ដេជ្ញាចិត្តខ្ពស់របស់យើង ដែលបានប្រែក្លាយគំនិតច្នៃប្រឌិត ទៅជាការកែលម្អដ៏មានអត្ថន័យ ដើម្បីពង្រឹងបទពិសោធសេវាធនាគាររបស់អតិថិជន” ។
ពានរង្វាន់នេះ គឺជាសមិទ្ធផលដ៏សំខាន់ថ្មីមួយទៀតនៅក្នុងដំណើរការឌីជីថលនវានុវត្តន៍របស់ ABA ដែលពង្រឹងការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការរួមបញ្ចូលបច្ចេកវិទ្យា AI ជាមួយនឹងដំណោះស្រាយដែលឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក ដែលធ្វើឲ្យសេវាធនាគារកាន់តែងាយស្រួល ងាយទទួលបាន និងឆ្លើយតបជូនអតិថិជនយ៉ាងឆាប់រហ័សនៅទូទាំងប្រទេសកម្ពុជា។




