ធនាគារ ABA សាខាទឹកថ្លា ពង្រីកបន្ថែមគ្រឿងបរិក្ខារ និងម៉ោងបម្រើសេវាសម្រាប់អតិថិជន
18/Nov/2019
ធនាគារ ABA បានពង្រីកប្រតិបត្តិការនៅសាខាទឹកថ្លា ជាមួយការបន្ថែមគ្រឿងបរិក្ខារ និងម៉ោងបម្រើសេវា 12 ម៉ោងក្នុងមួយថ្ងៃ និងពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការសេវាធនាគារ ABA ក្នុងតំបន់នេះ។
លោក Proeung Rithy នាយកសាខាទឹកថ្លា បានលើកឡើងថា៖ “ចំនួនអតិថិជនប្រចាំសាខារបស់យើង មានការកើនឡើងច្រើន ហើយមានប្រតិបត្តិការរាប់រយពាន់ត្រូវបានធ្វើឡើងជារៀងរាល់ថ្ងៃ។ ដោយមើលឃើញពីកំណើន និងការរង់ចាំប្រើប្រាស់សេវាកម្មច្រើនបែបនេះ ទើបយើងធ្វើការកែសម្រួល, បន្ថែមគ្រឿងបរិក្ខារបម្រើសេវា ក៏ដូចជាដាក់បុគ្គលិកបន្ថែម ដើម្បីបង្កើនប្រសិទ្ធភាពការងារ ខណៈគុណភាពសេវាកម្មនៅតែរក្សាឲ្យបានល្អ និងមានស្តង់ដារដដែល។ យើងពិតជារីករាយណាស់ ដែលឥឡូវនេះ យើងអាចផ្តល់សេវាកម្ម ជូនដល់អតិថិជនបានយ៉ាងងាយស្រួលថែមមួយកំរិតទៀត”។
ជាមួយនឹងការបន្ថែមបេឡាករ និងបុគ្គលិកបម្រើអតិថិជន, ម៉ាស៊ីនដក/ដាក់ប្រាក់ ក៏ដូចជាម៉ោងបម្រើសេវាចាប់ពី 8ព្រឹក ដល់ 8យប់ និងពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ធ្វើឲ្យសាខាទឹកថ្លាត្រៀមខ្លួនរួចរាល់ ក្នុងការផ្ដល់សេវាបានគ្រប់គ្រាន់ជូនដល់អតិថិជនទៅតាមតម្រូវការរបស់ពួកគាត់។
សាខាទឹកថ្លា មានទីតាំងស្ថិតនៅអគារ #A39-A41 មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដើម្បីទាក់ទងសាខានេះ សូមទូរស័ព្ទមក 098 203 849។