ABA គាំទ្រសហគ្រិនស្ត្រីតាមរយៈ គម្រោងសហគ្រិននារីសកម្ម (WE Act)
08/Apr/2022
ធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានមុខនៅកម្ពុជា មានមោទនភាពក្នុងការឧបត្ថម្ភកម្មវិធី "ការប្រកួតប្រជែងសហគ្រិនស្ត្រី" ដែលជាគំនិតផ្តួចផ្តើមរបស់ WE Act Cambodia ដែលរៀបចំដោយ Sevea និងការចូលរួមពី Geeks in Cambodia និង iCube ។ កម្មវិធីនេះដំណើរការនៅចន្លោះពីខែធ្នូ ឆ្នាំ2021 ដល់ខែមីនា ឆ្នាំ2022 ដែលប្រព្រឹត្តិទៅ២ជុំ ក្នុងគោលបំណងចូលរួមជាមួយសហគ្រិនស្ត្រីវ័យក្មេង និងនិស្សិតសាកលវិទ្យាល័យស្ត្រី ក្នុងការអភិវឌ្ឍន៍គំនិតអាជីវកម្មរបស់ពួកគេ។ កម្មវិធីឆ្នាំនេះប្រមូលផ្តុំអ្នកចូលរួម 60 នាក់ ដែលមានអាយុចន្លោះពី 18 ទៅ 35 ឆ្នាំ បង្វឹកដោយសហគ្រិនស្ត្រីដែលមានបទពិសោធន៍។
កម្មវិធីបិទបញ្ចប់វគ្គដែលធ្វើឡើងនៅថ្ងៃទី 1 ខែមេសា ឆ្នាំ 2022 នៅសារមន្ទីរ ស.ស.រ ដែលមានការចូលរួមដោយ លោកស្រី ជា សេរី ឧបការីទេសាភិបាល និងអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា និង លោកស្រី គង់ សូរីតា អនុរដ្ឋលេខានៃក្រសួងកិច្ចការនារី។ នៅចុងបញ្ចប់នៃព្រឹត្តិការណ៍នេះ ក្រុមចំនួន ២ ដែលពូកែបង្កើត និងបញ្ចេញគំនិតអាជីវកម្មល្អបំផុតនៅចំពោះមុខគណៈវិនិច្ឆ័យ បានទទួលរង្វាន់ជាសាច់ប្រាក់ពីធនាគារ ABA។
លោកស្រី ជា សេរី បានថ្លែងថា “យើងបានសហការជាមួយក្រសួងកិច្ចការនារី ដើម្បីបង្កើនចំណោះដឹងផ្នែកហិរញ្ញវត្ថុដល់ស្ត្រី ដល់វគ្គបណ្តុះបណ្តាល ដែលជាកម្មវិធីផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ស្ត្រីនៅក្នុងសហគមន៍ ឬសាលារៀន បឋមសិក្សា ឬមធ្យមសិក្សា និងលើកកម្ពស់ភាពជាសហគ្រិន។ វិធានការគាំទ្រផ្សេងៗគួរដោះស្រាយភ្លាមៗ ដើម្បីពង្រឹងជំនាញ និង ទំនាក់ទំនងអាជីវកម្មរបស់ពួកគេ ហើយការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់គឺចាំបាច់”។
តាមរយៈការឧបត្ថម្ភនេះ ABA បន្តបង្ហាញពីការប្តេជ្ញារបស់ខ្លួនក្នុងការរួមចំណែកវិជ្ជមានដល់ប្រទេសកម្ពុជា តាមរយៈការគាំទ្រដល់ការអភិវឌ្ឍន៍ស្មារតីសហគ្រិននៅក្នុងសង្គម ជាពិសេសមានសហគ្រិនស្ត្រី និងអាជីវកម្មដែលដឹកនាំដោយស្ត្រី។
អំពីគម្រោង WE Act
Women Entrepreneurs Act (WE Act) គឺជាគម្រោងរយៈពេលប្រាំឆ្នាំដែលគាំទ្រដល់សហគ្រិនស្ត្រីវ័យក្មេង (YWE) ដើម្បីពង្រឹងជំនាញរបស់ពួកគេ ទំនាក់ទំនងអាជីវកម្ម និងការចូលរួមជាមួយសមាគមពាក់ព័ន្ធ។ គម្រោងនេះឧបត្ថមដោយ USAID និងរៀបចំដោយ Pact Cambodia សហការជាមួយអង្គការជាច្រើន។ គម្រោងនេះផ្តោតលើសហគ្រិនស្ត្រីវ័យក្មេង និងនិស្សិតសាកលវិទ្យាល័យជាស្ត្រី។