ABA គាំទ្រវឌ្ឍនភាពពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា ដោយចូលរួមជា Gold Sponsor នៃវេទិកាពាណិជ្ជកម្មឌីជីថល និងពិព័រណ៍អនឡាញលើកទី3
16/Sep/2026
ធនាគារ ABA មានមោទនភាពដែលបានចូលរួមជាអ្នកឧបត្ថម្ភ Gold Sponsor សម្រាប់វេទិកាពាណិជ្ជកម្មឌីជីថល និងពិព័រណ៍អនឡាញលើកទី3 របស់ក្រសួងពាណិជ្ជកម្ម ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រវឌ្ឍនភាពឌីជីថលនៅកម្ពុជា និងការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេស។
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី11 ដល់ 13 ខែកញ្ញា ឆ្នាំ 2026 នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កម្មវិធីនេះបានប្រមូលផ្តុំស្ថាប័នរដ្ឋាភិបាល អាជីវកម្ម និងថ្នាក់ដឹកនាំក្នុងវិស័យនានា ដើម្បីស្វែងរកឱកាសថ្មីៗនៅក្នុងវិស័យពាណិជ្ជកម្មឌីជីថល និងពង្រឹងតួនាទីរបស់កម្ពុជាក្នុងអេកូស៊ីស្ទែមពាណិជ្ជកម្មឌីជីថលទាំងក្នុងតំបន់ និងសកលលោក ខណៈដែលកម្ពុជាកំពុងឈានទៅសម្រេចចក្ខុវិស័យ 2030។
ជាផ្នែកមួយនៃកម្មវិធីនេះ លោកស្រី ធាម រមណីយ អគ្គនាយិការងប្រតិបត្តិ និងជានាយិកាទំនាក់ទំនងគូភាគីរបស់ធនាគារ ABA បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាស្ដីពី «ការពង្រឹងភាពប្រកួតប្រជែងរបស់អាជីវកម្មដឹកនាំដោយស្ត្រីក្នុងយុគសម័យឌីជីថល៖ ពីគោលនយោបាយ និងហិរញ្ញវត្ថុ ដល់បច្ចេកវិទ្យា និងការពង្រីកទីផ្សារ»។ កិច្ចពិភាក្សានេះ បានផ្តោតលើរបៀបដែលកិច្ចសហការរវាងវិស័យនានាអាចជួយសហគ្រិនស្ត្រីឲ្យប្រើប្រាស់ឧបករណ៍ឌីជីថល លទ្ធភាពទទួលបានហិរញ្ញប្បទាន និងពង្រីកវិសាលភាពទីផ្សារកាន់តែទូលំទូលាយ។
នៅថ្ងៃទីពីរនៃពិព័រណ៍នេះ លោក ឃី ឧត្តម ប្រធានសេវាទូទាត់នៃធនាគារ ABA បានចូលរួមជាគណៈកម្មការក្នុងកម្មវិធីប្រកួតប្រជែងជាក្រុម CambodiaTrade Product Hackathon។ កម្មវិធីប្រកួតដែលរៀបចំឡើងក្រោមប្រធានបទ «ផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ពិភពលោក» នេះ បានបង្ហាញពីគំនិតច្នៃប្រឌិតជាច្រើនក្នុងការលើកកម្ពស់ផលិតផល និងអាជីវកម្មកម្ពុជាតាម រយៈផ្លែតហ្វមឌីជីថល។
នៅក្នុងកម្មវីធីរយៈពេល 3ថ្ងៃនេះ ABA បានរៀបចំបញ្ជររបស់ខ្លួន ដើម្បីទទួលស្វាគមន៍អ្នកចូលរួម ដោយពួកគាត់អាចស្វែងយល់បន្ថែមអំពីផលិតផល និងសេវាកម្មដ៏សម្បូររបស់ធនាគារ ព្រមទាំងជ្រាបពីកិច្ចការដែល ABA បានធ្វើ ដើម្បីបន្តគាំទ្ររូបវន្ដបុគ្គល និងអាជីវកម្មក្នុងដំណើរឌីជីថលរបស់ពួកគាត់។
តាមរយៈការឧបត្ថម្ភ និងការចូលរួមយ៉ាងសកម្មរបស់ខ្លួន ABA នៅតែបន្តប្តេជ្ញាចិត្តជំរុញនវានុវត្តន៍ បរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រកំណើនឌីជីថលប្រកបដោយចីរភាពនៅកម្ពុជា។









