ABA គាំទ្រកម្មវិធីជប់លៀងសប្បុរសធម៌ (Gala Dinner) របស់ AmCham ក្នុងនាមជា Diamond Sponsor
06/Mar/2023
ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំបំផុតមួយនៅកម្ពុជា1 មានមោទនភាព បានក្លាយជា Diamond Sponsor នៃមហាសន្និបាតប្រចាំឆ្នាំ 2023 & កម្មវិធីជប់លៀងសប្បុរសធម៌របស់សភាពាណិជ្ជកម្មអាមេរិក (AmCham)។ កម្មវិធីនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី 1 ខែមីនា ឆ្នាំ 2023 កន្លងទៅ នៅរាជធានីភ្នំពេញ។
មហាសន្និបាតប្រចាំឆ្នាំ (AGM) 2023 នេះ ត្រូវបានផ្តល់កិត្តិយសថ្លែងសុន្ទរកថាគន្លឹះដោយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។ AGM 2023 បានសង្ខេប និងរំលឹកឡើងវិញនូវជំហានជោគជ័យនានាដែល AmCham សម្រេចបានក្នុងរយៈពេលពេញមួយឆ្នាំ 2022 រួមទាំងការប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលថ្មីផងដែរ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លែងសុន្ទរកថាគន្លឹះក្នុងកម្មវិធីជប់លៀងសប្បុរសធម៌ (Gala Dinner)។ កម្មវិធីជួបជុំអាហារពេលល្ងាចនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការប្រមូលមកវិញនូវបេតិកភណ្ឌជាតិ ដែលបានបាត់ក្នុងដំណាក់កាលដែលប្រទេសជាតិបានជួបវិបត្តិសង្គ្រាមស៊ីវិល និងប្រមូលថវិកាសម្រាប់ជួយដល់ មូលនិធិបេតិកភណ្ឌកម្ពុជាផងដែរ។
ស្របតាមគោលការណ៍ទំនួលខុសត្រូវសង្គម ABA ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសហគមន៍។ យើងខ្ញុំសង្ឃឹមថា ការគាំទ្ររបស់យើងក្នុងកម្មវិធីទាំងពីរនេះ នឹងរួមចំណែកអភិវឌ្ឍបន្ថែមដល់សកម្មភាពរបស់ AmCham ហើយនឹងជួយសម្រួលការងារដ៏មានតម្លៃរបស់ មូលនិធិបេតិកភណ្ឌកម្ពុជា។
មូលនិធិបេតិកភណ្ឌកម្ពុជា ត្រូវបានបង្កើតឡើងក្រោមភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុក្នុងបុព្វហេតុប្រមូលមកវិញនូវបេតិកភណ្ឌជាតិ និងរូបចម្លាក់នានាដែលបានបាត់បង់មកកាន់ប្រទេសកម្ពុជា។
1 ABA ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជននិងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា។