ធនាគារ ABA ត្រូវបានទទួលស្គាល់ជា “ធនាគារឆ្នើម នៅកម្ពុជាឆ្នាំ 2021” ពីទស្សនាវដ្តី Global Finance

05/Apr/2021

Best​ Bank​ in​ Cambodia​ 2021 KH

​ធនាគារ​ ABA​ ជា​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ​កា​ណា​ដា​ ត្រូវ​បាន​ទទួលស្គាល់​ជា​ “​ធនាគារ​ឆ្នើម​នៅ​កម្ពុជា​ឆ្នាំ​ 2021”​ ពី​ទស្សនាវដ្តី​ Global​ Finance​ ដែល​ជា​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​ល្បីល្បាញ​លំដាប់​ពិភពលោក​។​ ការ​ទទួលស្គាល់​នេះ​ទទួល​បាន​ប្រាំពីរ​ឆ្នាំ​ជាប់​គ្នា​ពី​ទស្សនាវដ្តី​ Global​ Finance​។​

ពានរង្វាន់​លំដាប់​កំពូល​មួយ​នេះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ធនាគារ​ ABA​ សម្រាប់​ការ​យកចិត្តទុកដាក់​យ៉ាង​ប្រុង​ប្រយ័ត្ន​ចំពោះ​តម្រូវការ​អតិថិជន​របស់​ខ្លួន​ និង​សម្រេច​បាន​លទ្ធផល​កាន់តែ​ប្រសើរ​ជា​រៀង​រាល់​ឆ្នាំ​ ខណៈ​ពេល​ដែល​កសាង​គ្រឹះ​សម្រាប់​ភាព​ជោគជ័យ​នា​ពេល​អនាគត​ ទោះបីជា​មានការ​រីក​រាលដាល​វីរុស​សកល​ក៏​ដោយ​។​

​ក្នុង​ការ​ជ្រើសរើស​ធនាគារ​កំពូលៗ​ និពន្ធ​នាយក​របស់​ទស្សនាវដ្តី​ Global​ Finance​ ធ្វើការ​សម្រេចចិត្ត​ផ្អែក​លើ​ការ​ប្រឹក្សា​យ៉ាង​ល្អិតល្អន់​ជាមួយនឹង​អ្នកវិភាគ​ទូ​ទាំង​ពិភពលោក​ បាន​វាយតម្លៃ​ធនាគារ​  ABA​ នៅ​ក្នុង​លក្ខ​ខ​ន្តិ​ក​វត្ថុ​វិស័យ​ផ្សេងៗ​ជា​ច្រើន​ រួម​មាន​ កំណើន​ទ្រព្យសកម្ម​ និង​ប្រាក់​ចំណេញ​  ការ​ពង្រីក​ភូមិសាស្ត្រ​អាជីវកម្ម​ នវានុវត្តន៍​ផលិតផល​ ព្រមទាំង​លក្ខ​ខ​ន្តិ​ក​ប្រធាន​វិស័យ​ រួម​មាន​ យោបល់​របស់​អ្នកវិភាគ​សម​ធន​ អ្នកវិភាគ​ចំណាត់ថ្នាក់​ឥណទាន​ និង​អ្នក​ផ្សេងៗ​ទៀត​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​។​

ក្នុង​ចំណោម​លទ្ធផល​សម្រេច​ផ្សេងៗ​ ទស្សនាវដ្តី​ Global​ Finance​ បាន​កត់សម្គាល់​នូវ​លទ្ធផល​សម្រេច​របស់​ធនាគារ​ ABA​ ក្នុង​ឆ្នាំ​ 2020​ ដែល​ជួយ​ឲ្យ​ធនាគារ​ទទួល​បាន​ប្រសិទ្ធ​នាម​ជា​ធនាគារ​ឆ្នើម​នេះ​៖

  • ដាក់​ឲ្យ​ដំណើរការ​បណ្តាញ​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​។​ ដោយ​មា​នទី​តាំងនៅ​តំបន់​មាន​ចរាចរណ៍​មមាញឹក​ ទីតាំង​ទាំងនេះ​អនុញ្ញាត​ឲ្យ​អតិថិជន​ ABA​ អាច​ដាក់​ និង​ដក​សាច់ប្រាក់​ និង​ដាក់​មូល​ប្ប​ទា​នប​ត្រ​ចេញ​ដោយ​ធនាគារ​ណាមួយ​នៅ​កម្ពុជា​ និង​ចំណេញ​ពេលវេលា​ដោយ​មិនបាច់​អញ្ជើញ​ទៅ​កាន់​សាខា​។​ 
  • ​ដាក់​ឲ្យ​ដំណើរការ​មុខងារ​មាន​ប្រយោជន៍​ថ្មីៗ​ជា​ច្រើន​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ រួម​មាន​ កម្ចី​ភ្លាមៗ​ សេវា​ផ្ទេរ​ប្រាក់​ក្នុង​ប្រទេស​ និង​ក្រៅប្រទេស​ជា​ច្រើន​ សេវា​ផ្ទេរ​ប្រាក់​ Visa​ Direct​  និង​គណនី​មាន​លេខ​ពិសេស​។​
  • ​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ PayWay​ Mobile​ ដែល​អនុញ្ញាត​ឲ្យ​អាជីវកម្ម​គ្រប់​ប្រភេទ​អាច​ទទួល​ការ​ទូទាត់​បែប​ឌី​ជី​ថ​ល​ជា​ប្រាក់​ដុល្លារ​ និង​ប្រាក់​រៀល​ពី​អតិថិជន​របស់​ខ្លួន​ដោយ​បង្កើត​កូដ​ QR​ នៅ​លើ​ទូរស័ព្ទ​។​ 
  • ​ដាក់​ចេញ​នូវ​ម៉ាស៊ីន​ស្វ័​យ​សេវា​ជា​ច្រើន​ រួម​មាន​ម៉ាស៊ីន​ដក​ដាក់​ប្រាក់​ ម៉ាស៊ីន​ដាក់​ប្រាក់​ និង​ម៉ាស៊ីន​ដាក់​មូល​ប្ប​ទា​នប​ត្រ​។​
  • ជំរុញ​បណ្តាញ​ទទួល​ទូទាត់​តាម​កូដ​ QR​ ទូ​ទាំង​ប្រទេស​។​ ត្រឹម​ចុងឆ្នាំ​ 2020​ ពាណិជ្ជករ​ជាង​ 60,000​ ទទួល​ការ​ទូទាត់​មិន​ប្រើ​សាច់ប្រាក់​តាម​រយៈ​មុខងារ​ ABA​ PAY​ នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​។​

​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​៖​ “​យើងខ្ញុំ​មាន​កិត្តិយស​ដែល​ទទួល​បាន​ពាន​ ”​ធនាគារ​ឆ្នើម​នៅ​កម្ពុជា​ ឆ្នាំ​ 2021”​ ពី​ទស្សនាវដ្តី​ Global​ Finance​ បន្ទាប់​ពី​ឆ្នាំ​ដែល​ពោរពេញ​ដោយ​បញ្ហា​ប្រឈម​បង្ក​ឡើង​ដោយ​ការ​រីក​រាលដាល​វីរុស​។​”​ លោក​ Askhat​ Azhikhanov​ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​៖​ “​នេះ​ជា​ការ​បញ្ជាក់​ពី​គុណភាព​សេវាកម្ម​របស់​ធនាគារ​យើងខ្ញុំ​ និង​ជំរុញ​ឲ្យ​យើងខ្ញុំ​បន្ត​អភិវឌ្ឍ​ផលិតផល​ និង​ដំណោះស្រាយ​ប្រកបដោយ​នវានុវត្តន៍​ និង​ភាព​ប្រកួតប្រជែង​សម្រាប់​អតិថិជន​របស់​ធនាគារ​ដែល​យើងខ្ញុំ​តែង​តែង​ព្យាយាម​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ទៀត​។​”

​លោក​ Joseph​ D.​ Giarraputo​ នាយក​បោះផ្សាយ​ និង​និពន្ធ​នាយក​របស់​ Global​ Finance​ មាន​ប្រសាសន៍​ថា​ “​ធនាគារ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​ទូ​ទាំង​ពិភពលោក​។​ ធនាគារ​ទទួល​ពានរង្វាន់​ឆ្នើម​ ដូច​ជា​ធនាគារ​ ABA​ ជា​ធនាគារ​មួយ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​ធនាគារ​នាំមុខ​ក្នុង​ការ​ស្តារ​កំណើន​ និង​បង្ហាញផ្លូវ​ឆ្ពោះទៅ​មុខ​។​ ការ​វាយតម្លៃ​ឆ្នាំ​នេះ​កាន់តែ​មាន​សារៈសំខាន់​ និង​មាន​តម្លៃ​ជាង​ពេល​ណាៗ​ក្នុង​ប្រវត្តិសាស្ត្រ​ 28​ ឆ្នាំ​ បើ​គិត​ពី​លក្ខខណ្ឌ​សេដ្ឋកិច្ច​មិន​ធ្លាប់​មាន​ពី​មុន​ដែល​បង្ក​ដោយ​ការ​រីក​រាលដាល​វីរុស​សកល​។​”

អំពី​ទស្សនាវដ្តី​ Global​ Finance
Global​ Finance​ គឺជា​ទស្សនាវដ្តី​ចេញផ្សាយ​ប្រចាំខែ​ ដែល​បង្កើត​ឡើង​តាំងពី​ឆ្នាំ​ 1987​ និង​មាន​ចរាចរណ៍​ចំនួន​ 50,000​ ច្បាប់​ និង​មាន​អ្នក​អាន​នៅ​ 189​ ប្រទេស​។​ អ្នក​អាន​ទស្សនាវដ្តី​ Global​ Finance​ រួម​មាន​ មន្ត្រីជាន់ខ្ពស់​ផ្នែក​សាជីវកម្ម​ និង​ហិរញ្ញវត្ថុ​ដែល​ទទួលខុសត្រូវ​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​នានា​ទាក់ទង​នឹង​ការ​វិនិយោគ​ និង​យុទ្ធសាស្ត្រ​នៅ​ក្នុង​ក្រុមហ៊ុនចម្រុះ​ជាតិ​សាសន៍​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​។​ វិ​ប​សាយ​របស់​ទស្សនាវដ្តី​ GFMag.com​ ផ្តល់​ការ​វិភាគ​ និង​អត្ថបទ​ដែល​ជា​កេរ្តិ៍​មរតក​ពី​បទ​ពិសោធ​ជាង​ 34​ ឆ្នាំ​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សា​ហិរញ្ញវត្ថុ​អន្តរជាតិ​។​ ទស្សនាវដ្តី​ Global​ Finance​ មាន​ការិយាល័យ​កណ្តាល​នៅ​តី​ក្រុង​ញ៉ូ​វ​យ៉​ក​ ដែល​មាន​ការិយាល័យ​នៅ​ជុំវិញ​ពិភពលោក​។​ ជា​រៀង​រាល់​ឆ្នាំ​ Global​ Finance​ បាន​ធ្វើការ​ជ្រើសរើស​ធនាគារ​ និង​ស្ថាប័នហិរញ្ញវត្ថុ​ដែល​ល្អ​បំផុត​នៅ​ទូ​ទាំង​ពិភពលោក​។​ ពានរង្វាន់​ទាំងនេះ​ត្រូវ​បាន​ទទួលស្គាល់​ និង​មាន​ជឿ​ទុកចិត្ត​តាម​ឧត្តមភាព​ស្តង់ដារ​របស់​សហគមន៍​ហិរញ្ញវត្ថុ​សកល​។​