ធនាគារ ABA ទទួលបានពានរង្វាន់ពី JP Morgan សម្រាប់ដំណើរការទូទាត់ជាប្រាក់ដុល្លារ
12/Nov/2020
ធនាគារ ABA ជាធនាគារពាណិជ្ជនាំមុខរបស់កម្ពុជា និងជាបុត្រសម្ព័ន្ធរបស់ធនាគារជាតិកាណាដា បានទទួលពានរង្វាន់ទទួលស្គាល់គុណភាពឆ្នាំ 2020 (Quality Recognition Award 2020) ពីធនាគារ JP Morgan Chase Bank N.A សម្រាប់ឧត្តមភាពប្រតិបត្តិការរបស់ខ្លួនក្នុងដំណើរការផ្ទេរប្រាក់អន្តរជាតិ និងការទូទាត់អន្តរជាតិជាប្រាក់ដុល្លារ។
ពានរង្វាន់នេះត្រូវបានប្រគល់ជូនធនាគារផ្អែកលើគុណភាព និងភាពត្រឹមត្រូវរបស់សារនៃការទូទាត់តាម MT103 SWIFT ឆ្លងកាត់ JP Morgan។ ធនាគារ ABA បានដំណើរការ 99.56% នៃការផ្ទេរប្រាក់ជាប្រាក់ដុល្លាររបស់ខ្លួន និងការទូទាត់បែបពាណិជ្ជកម្មដោយស្វ័យប្រវត្តិតាមរយៈ JP Morgan ដោយប្រើប្រព័ន្ធដំណើរការឆ្លងកាត់ត្រង់ផ្ទាល់ (STP)។
ប្រព័ន្ធដំណើរការឆ្លងកាត់ត្រង់ផ្ទាល់ (STP) គឺជាដំណើរការទូទាត់ស្វ័យប្រវត្តិដោយគ្មានការអន្តរាគមន៍ផ្ទាល់ដៃដែលបង្កើនល្បឿនដំណើរការ កាត់បន្ថយកំហុសនៃដំណើរការ (routing errors) និងកាត់បន្ថយប្រតិបត្តិការ និងចំណាយប្រតិបត្តិការ។ ធនាគារ ABA បានដំណើរការលើសពីស្តង់ដារប្រតិបត្តិការប្រព័ន្ធដំណើរការឆ្លងកាត់ត្រង់ផ្ទាល់ (STP) និងមានគុណវុឌ្ឍទទួលបានពានរង្វាន់នេះដែលទទួលស្គាល់ថា ស្ទើរតែប្រតិបត្តិការទាំងអស់របស់ធនាគារគឺគ្មានបញ្ហាជាមួយនឹងចំនួនកំណត់ការប្រគល់ត្រឡប់ និងការបដិសេធ ដោយប្រតិបត្តិតាមលក្ខណៈវិនិច្ឆ័យភាពត្រឹមត្រូវដ៏តឹងរ៉ឹងបំផុតរបស់ពិភពលោក។
ធនាគារ ABA ក្លាយជាធនាគារកម្ពុជាដំបូងបង្អស់ដែលទទួលបានពានរង្វាន់ពី JP Morgan។ នេះឆ្លុះបញ្ចាំងពីទំនុកចិត្តលើប្រតិបត្តិការអន្តរជាតិរបស់ធនាគារ និងបញ្ជាក់ពីកេរ្តិ៍ឈ្មោះអន្តរជាតិដ៏ល្អរបស់ធនាគារផងដែរ។
លោកស្រី ស៊ីម ស៊ួងសន្តិភាព ប្រធាននាយកដ្ឋានប្រតិបត្តិការអន្តរជាតិរបស់ធនាគារ ABA មានប្រសាសន៍ថា៖ "យើងពិតជាមានមោទនភាព និងសេចក្តីរីករាយដែលក្លាយជាធនាគារដំបូងបង្អស់នៅកម្ពុជាដែលទទួលបានពានរង្វាន់នេះពី JP Morgan។ នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះគុណភាពខ្ពស់នៃប្រតិបត្តិការ និងការប្រតិបត្តិតាមស្តង់ដាររបស់ធនាគារមានឈ្មោះល្បីល្បាញទូទាំងពិភពលោក។ អតិថិជនរបស់យើងអាចមានទំនុកចិត្តថា ការផ្ទេរប្រាក់ ឬការទូទាត់អន្តរជាតិរបស់ពួកគេតាមរយៈធនាគារ ABA ជាប្រាក់ដុល្លារ នឹងត្រូវប្រគល់ទៅដល់អ្នកទទួលរបស់ពួកគេនៅទូទាំងពិភពលោក បានរហ័ស និងគ្មានហានិភ័យ។"
JP Morgan ធ្វើការប្រគល់ពានរង្វាន់ទទួលស្គាល់គុណភាព (Quality Recognition Award) ទូទាំងសកលលោកចាប់តាំងពីឆ្នាំ 1997។ ពានរង្វាន់នេះត្រូវបានប្រគល់ជូនធនាគារដែលមានសមត្ថភាពដំណើរការយ៉ាងហោចណាស់ 90% នៃប្រតិបត្តិការដោយប្រើប្រព័ន្ធដំណើរការឆ្លងកាត់ត្រង់ផ្ទាល់ (STP) ដែលទទួលស្គាល់សមត្ថភាពគុណភាពខ្ពស់នៃប្រតិបត្តិការផ្ទេរប្រាក់។