ABA គូសបញ្ជាក់ឡើងវិញនូវការគាំទ្រដល់ បេសកកម្មវះកាត់ឥតគិតថ្លៃ របស់អង្គការស្នាមញញឹមកម្ពុជា
25/Mar/2026
ក្នុងនាមជាដៃគូសហការយូរអង្វែងរបស់អង្គការស្នាមញញឹមកម្ពុជា ធនាគារ ABA មានមោទនភាពដែលបានចូលរួមជាអ្នកឧបត្ថម្ភ Platinum Sponsor នៃបេសកកម្មផ្ដល់ការវះកាត់ឥតគិតថ្លៃសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបបូរមាត់ឆែប ក្រអូមឆែប និងពិការភាពមុខមាត់ផ្សេងៗ។ ជាមួយការរួម ចំណែកជាថវិកាចំនួន 20,000 ដុល្លារអាមេរិក ABA មានគោលបំណងគាំទ្របេសកកម្ម របស់ អង្គការស្នាមញញឹមកម្ពុជា ពេញមួយឆ្នាំ 2026 ដើម្បីកែប្រែការរស់នៅ និងនាំមកនូវស្នាមញញឹមថ្មី ធ្វើឲ្យជីវិតកាន់តែប្រសើរ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូបទូទាំងប្រទេស។
បេសកកម្មថ្មីៗនេះ បានរៀបចំឡើងនៅ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយមានក្រុមអ្នកជំនាញ ផ្នែកវេជ្ជសាស្ត្រ - រួមមានអ្នកស្ម័គ្រចិត្ត និងគ្រូពេទ្យវះកាត់ពីប្រទេសចិន និងហុងកុង - ដែលបាន ចំណាយពេលវេលា និងចំណេះជំនាញរបស់ខ្លួន ដើម្បីពិនិត្យ និងព្យាបាលអ្នកជំងឺដែលមានមាត់ឆែប ក្រអូមឆែប និងពិការភាពមុខមាត់ផ្សេងៗដោយឥតគិតថ្លៃ។ ក្រុមការងារបានផ្តល់ការវះកាត់ព្យាបាល ដល់អ្នកជំងឺចំនួន 26 នាក់ដោយជោគជ័យ ដោយបានកែប្រែការរស់នៅរបស់អ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគាត់បានយ៉ាងប្រសើរ។
បន្ថែមពីលើយុទ្ធនាការនេះ ក្រុមការងារ ABA ក៏បានចូលរួមក្នុងព្រឹត្តិការណ៍ “ដើរដើម្បីស្នាមញញឹម”។ ក្រុមការងារមកពីសាខាខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ចំនួន 90 នាក់ បានចូលរួម ដោយសាទរភាពជោគជ័យ និងបង្ហាញសាមគ្គីភាពចំពោះបេសកកម្មដ៏មានសារៈសំខាន់នេះ។
លោក យិន ចិន្តាភក្តី នាយកសាខាធនាគារ ABA ខេត្តសៀមរាប មានប្រសាសន៍ “ABA តែងតែដើរតួជាអ្នកគាំទ្ររបស់អង្គការស្នាមញញឹមកម្ពុជា មិនថាតាមរយៈការចូលរួមកម្មវិធីប្រចាំឆ្នាំ, ការប្រកាសផ្សព្វផ្សាយរកអ្នកជំងឺដែលមានតម្រូវការវះកាត់នៅលើអ៊ីនធឺណិត ឬការឧបត្ថម្ភគាំទ្រដល់បេសកកម្មនានារបស់អង្គការ។ ការរួមចំណែកនេះ មានអត្ថន័យលើសពីការឧបត្ថម្ភជាថវិកា ពោលគឺជាការគូសបញ្ជាក់ពីការប្តេជ្ញារបស់យើងខ្ញុំ ក្នុងការធានានូវស្នាមញញឹមថ្មីជូនបងប្អូនប្រជាពលរដ្ឋឲ្យបានច្រើន តាមដែលអាចធ្វើបាន”។
លោក Chan Kok Choy នាយកប្រតិបត្តិនៃអង្គការស្នាមញញឹមកម្ពុជា មានប្រសាសន៍ថា “ចាប់តាំងពីឆ្នាំ2002 អង្គការស្នាមញញឹមកម្ពុជា បានបង្កើតការយល់ដឹងអំពីលទ្ធភាពទទួលបានការព្យាបាលសម្រាប់អ្នកជំងឺដែលមានឆែបមុខមាត់។ ចាប់តាំងពីពេលនោះមក យើងបានធ្វើការព្យាបាលជូនបងប្អូនដែលមានបញ្ហានេះ ដោយភាគច្រើនជាករណីដែលនៅជាប់គាំងមិនទាន់ទទួលបានការព្យាបាលត្រឹមត្រូវ/រួចរាល់។ មកទល់បច្ចុប្បន្ន អ្វីដែលយើងកំពុងជួបប្រទះគឺជាករណីថ្មី ដែលភាគច្រើន កើតលើទារកទើបនឹងកើត ហើយចំនួនករណីកំពុងថយចុះបន្តិចម្តងៗ។ យើងខ្ញុំសូមកោតសរសើរចំពោះអ្នកឧបត្ថម្ភសាជីវកម្ម ដែលមានការយកចិត្តទុកដាក់ខ្លាំងលើកិច្ចការសង្គម ដូចជាធនាគារ ABA សម្រាប់ការបន្តគាំទ្ររបស់ពួកគាត់ ហើយយើងកំពុងពង្រីកសកម្មភាពរបស់យើង ដើម្បីបន្ថែមការព្យាបាលពិការភាពមុខមាត់ផ្សេងៗទៀត ដូចជាឆែបស្លឹកត្រចៀក, ការព្យាបាលមាត់ធ្មេញ និងការព្យាបាលការនិយាយ សម្រាប់អ្នកជំងឺឆែប ការរលាក និងករណីពាក់ព័ន្ធ។”
ABA នឹងបន្តគាំទ្រ អង្គការស្នាមញញឹមកម្ពុជា ក្នុងការវិនិយោគទៅលើគំនិតផ្តួចផ្តើមដែលស្ដារឡើងវិញនូវក្តីសង្ឃឹម និងលើកកម្ពស់សុខុមាលភាពសហគមន៍។






