ABA​ ទទួល​បាន​ចំណាត់ថ្នាក់​លេខ​ 1​ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​ឆ្នើម​ ក្រោម​គម្រោង​ធានា​ឥណទាន​របស់​ CGCC

29/Jan/2026

aba cgcc 2026 khaba cgcc 2026 kh
aba cgcc 2026 kh dtaba cgcc 2026 kh dt
aba cgcc 2026 kh dt-2aba cgcc 2026 kh dt-2
aba cgcc 2026 dt kh 3aba cgcc 2026 dt kh 3

ធនាគារ​ ABA​ ទទួល​បាន​ពានរង្វាន់​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​ឆ្នើម​ ចំណាត់ថ្នាក់​លេខ​1​ ប្រចាំឆ្នាំ​ 2025​ ក្រោម​គម្រោង​ធានា​ឥណទាន​របស់​ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ (CGCC)​ ដែល​បញ្ជាក់​ឡើង​វិញ​នូវ​ការ​នាំមុខ​របស់​ខ្លួន​ក្នុង​ការ​គាំទ្រ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ទូ​ទាំង​ប្រទេស​។​

​ពិធី​ប្រគល់​ពានរង្វាន់​នេះ​ បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​ 27​ ខែមករា​ ជា​ផ្នែក​មួយ​នៃ​ការ​អបអរ​ខួប​ 5​ឆ្នាំ​របស់​ CGCC​។​ ពិធី​នេះ​ ទទួល​បានការ​អញ្ជើញ​ចូលរួម​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ថ្នាក់ដឹកនាំ​មក​ពី​ស្ថាប័នរដ្ឋ​ គ្រឹះស្ថាន​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​ ព្រមទាំង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត​។​

​សមិទ្ធផល​នេះ​ កើតឡើង​ចេញពី​ការ​ទទួលស្គាល់​ជា​បន្តបន្ទាប់​របស់​ ABA​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ ក្នុង​ការ​សម្របសម្រួល​ចំណែក​គួរ​ឲ្យ​កត់សម្គាល់​នៃ​គណនី​មានការ​ធានា​ ដោយ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ និង​លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​។​ តាម​រយៈ​ការ​អនុញ្ញាត​ឲ្យ​សហគ្រាស​នានា​ អាច​ទទួល​បាន​ប្រាក់​កម្ចី​ដែល​មានការ​ធានា​ឥណទាន​ ABA​ បាន​រួមចំណែក​ដល់​កំណើន​ និង​ស្ថិរភាព​នៃ​សេដ្ឋកិច្ច​កម្ពុជា​។​

​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​រវាង​ ABA​ និង​ CGCC​ លើ​គម្រោង​ធានា​ឥណទាន​ចំនួន​ 2​ កាលពី​ឆ្នាំ​ 2025​ កន្លង​ទៅ​ បាន​ពង្រឹង​លើ​ភាព​ជោគជ័យ​នេះ​បន្ថែម​។​ គម្រោង​ទាំងនេះ​ អនុញ្ញាត​ឲ្យ​ ABA​ ពង្រីក​ការ​ផ្ដល់​ហិរញ្ញប្បទាន​ដល់​អាជីវកម្ម​ ក្រុមហ៊ុននាំចេញ​អង្ករ​ និង​រោង​ម៉ាស៊ីនកិនស្រូវ​ ដែល​ខ្វះ​ទ្រព្យ​ធានា​ សម្រាប់​ជា​ទុន​បង្វិល​ និង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​នៅ​លើ​ទីផ្សារ​អន្តរជាតិ​។​

​តាម​រយៈ​លទ្ធផល​ដ៏​រឹង​មាំ​ក្រោម​គម្រោង​ធានា​ឥណទាន​ទាំងនេះ​ ABA​ បន្ត​ពង្រឹងសមត្ថភាព​របស់​ សហគ្រិន​ ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​រួមចំណែក​ដល់​ការ​រីក​ចម្រើន​យូរអង្វែង​របស់​កម្ពុជា​ -​ ពង្រឹង​ជំហរ​របស់​ខ្លួន​ជា​ស្ថាប័ន​នាំមុខ​ ជាទី​ទុកចិត្ត​នៅ​ក្នុង​វិស័យ​ធនាគារ​។