ធនាគារ ABA ផ្តល់ជំនួយស្បៀង បណ្តោះអាសន្នជូន 100 គ្រួសារ
23/Apr/2020
នាថ្ងៃទី 23 មេសា 2020 ធនាគារ ABA បាននាំយកស្បៀងអាហារបណ្តោះអាសន្នជូន 100 គ្រួសារដែលជួបបញ្ហាខ្វះខាតដោយសារឥទ្ធិពលនៃវីរុសកូវីដ 19។ គ្រួសារទាំងនេះរស់នៅក្នុងសហគមន៍ព្រែកអញ្ចាញ ភូមិត្រពាំងអញ្ចាញ នៅតាមជាយក្រុងនៃរាជធានីភ្នំពេញ ហើយពួកគាត់ភាគច្រើនជាអ្នកបម្រើការងារក្នុងវិស័យកាត់ដេរ និងសំណង់ ដែលទទួលរងផលប៉ះពាល់យ៉ាងដំណំដោយសារការធ្លាក់ចុះសេដ្ឋកិច្ចនេះ។
ដោយមានគំនិតផ្តួចផ្តើមនេះនៅក្នុងគម្រោងជំនួយគ្រោះអាសន្នរបស់អង្គការ ស៊ីប៊ីអិន កម្ពុជា (CBN Cambodia) ដែលជាអង្គការចុះបញ្ជីអន្តរជាតិមិនរកប្រាក់ចំណូល ការបរិច្ចាគរបស់ធនាគារ ABA រួមចំណែកដល់ការគាំទ្រដល់គ្រួសារមានប្រាក់ចំណូលទាបដែលបានបាត់បង់ប្រភពប្រាក់ចំណូលចម្បងរបស់ខ្លួន ដោយសារតែការបិទបណ្តោះអាសន្ននូវកន្លែងការងាររបស់ពួកគាត់ ឬការកាត់បន្ថយកម្លាំងពលកម្មនោះ។ តាមរយៈគំនិតផ្តួចផ្តើមនេះ គ្រួសារនីមួយៗទទួលបានស្បៀងអាហារបណ្តោះអាសន្ន ដូចជាអង្ករ ត្រីកំប៉ុង និងមីកញ្ចប់។ គ្រួសារនីមួយៗក៏ទទួលបានដបទឹកអាកុលលាងដៃដើម្បីធ្វើឲ្យអនាម័យ និងសុខុមាលភាពទូទៅរបស់ពួកគាត់មានភាពប្រសើរឡើងផងដែរ។
“ការរីករាលដាលនៃវីរុសកូវីដ 19 មានផលប៉ះពាល់ដល់អ្នកគ្រប់គ្នា មិនថាតិច ឬច្រើននោះទេ។ ផលប៉ះពាល់នៃវីរុសកូវីដ 19 នេះមកលើប្រជាពលរដ្ឋខ្លះមានភាពធ្ងន់ធ្ងរខ្លាំងជាងប្រជាពលរដ្ឋផ្សេងទៀត ហើយនេះជាទំនួលខុសត្រូវរបស់យើងក្នុងការគាំទ្របងប្អូនដែលកំពុងតែមានការខ្វះខាត។ ដោយសារបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ព្រែកអញ្ចាញ ភាគច្រើនជាអ្នកធ្វើការនៅតាមរោងចក្រកាត់ដេរ និងការដ្ឋានសំណង់ ដូចនេះ ពួកគាត់ភាគច្រើនទទួលរងផលប៉ះពាល់បណ្តាលមកពីការបាត់បង់ការងារ អំឡុងពេលការឆ្លងរីករាលដាលនៃវីរុសដ៏គួរឲ្យខ្លាចនេះ។” នេះជាប្រសាសន៍របស់លោក វ៉ែន វិចិត្រផល ប្រធានសាខាចោមចៅ។
លោកក៏បានបន្ថែមទៀតថា “តាមរយៈការចូលរួមក្នុងគម្រោងនេះ យើងនៅធនាគារ ABA មានបំណងចូលរួមចំណែកពិតប្រាកដដល់សហគមន៍ក្នុងស្រុក ក្នុងគ្រាលំបាកនេះ។“
អង្គការ ស៊ីប៊ីអិន កម្ពុជា (CBN Cambodia) បានផ្តល់ជំនួយសប្បុរសធម៌នៅតាមខេត្តផ្សេងៗជាច្រើន ចាប់តាំងពីឆ្នាំ 1998។ អង្គការនេះបាននឹងកំពុងធ្វើការជាមួយនឹងសហគមន៍ព្រែកអញ្ចាញ ក្នុងអំឡុងពេលពីរឆ្នាំចុងក្រោយនេះ ដោយផ្តល់ការគាំទ្រដល់គ្រួសារក្រីក្រ ព្រមទាំងបើកសាលារៀនមួយសម្រាប់ក្មេងៗចំនួន 40 នាក់ទៀតផង។ គម្រោងជំនួយគ្រោះអាសន្នបណ្តាលមកពីវីរុសកូវីដ 19 ជាការឆ្លើយតបភ្លាមៗ បន្ទាប់ពីបានមើលឃើញនូវគ្រោះថ្នាក់បណ្តាលមកពីការឆ្លងរីករាលដាលនៃវីរុសកូវីដ 19 ចំពោះជីវភាពរស់នៅរបស់អ្នកភូមិរស់នៅទីនោះ។
លោក អ៊ុំ ញ្ញាណពិសិដ្ឋ នាយកប្រចាំប្រទេសរបស់អង្គការ ស៊ីប៊ីអិន កម្ពុជា (CBN Cambodia) មានប្រសាសន៍ថា “តំណាងឲ្យអង្គការ ស៊ីប៊ីអិន កម្ពុជា (CBN Cambodia) ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ ABA ដែលលះបង់ និងផ្តល់ការឧបត្ថម្ភដល់គ្រួសារដែលកំពុងតែទទួលរងផលប៉ះពាល់បណ្តាលមកពីវិបត្តិនៃវីរុសកូវីដ 19 ។ នេះជាការបង្ហាញនូវសេចក្តីស្រលាញ់ និងការគាំទ្រដល់គ្រួសារកម្ពុជាក្នុងគ្រាលំបាក ហើយយើងជឿជាក់ថា អ្វីៗនឹងត្រលប់មកកាន់ភាពប្រក្រតីវិញ នាពេលឆាប់ៗនេះ។”