ABA ចូលរួមក្នុងវេទិកាដ៏មានកិត្យានុភាព J.P. Morgan Payments Forum – ASEAN
02/Mar/2023
ABA មានមោទកភាព ដែលត្រូវបានអញ្ជើញចូលរួមក្នុងវេទិកា J.P. Morgan Payments Forum – ASEAN ក្នុងនាមជាធនាគារឈានមុខក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី 21-22 ខែកុម្ភៈ ឆ្នាំ 2023 កន្លងទៅ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
លោក Zhiger Atchabarov នាយកប្រតិបត្តិការ និងជាតំណាងរបស់ ABA ចូលរួមវេទិកានាឱកាសនោះ បានអធិប្បាយអំពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះថា “វេទិកា J.P. Morgan Payments Forum – ASEAN គឺជាវេទិកាដ៏សំខាន់មួយ ដែលប្រជុំទៅដោយតួអង្គ (ក្រុមហ៊ុន) សំខាន់ៗនៅក្នុងវិស័យទូទាត់ប្រាក់ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍថ្មីៗ បញ្ហាប្រឈម និងឱកាសធុរកិច្ចនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ យើងខ្ញុំមានកិត្តិយស ដែលត្រូវបានអញ្ជើញឲ្យចូលរួម និងចែករំលែកចំណេះដឹង និងបទពិសោធរបស់យើងនៅក្នុងវេទិកានេះ"។
ការចូលរួមរបស់ ABA នៅក្នុងព្រឹត្តិការណ៍នេះ ឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់ធនាគារ ក្នុងការនាំយកនវានុវត្តន៍ និងឧត្តមភាពទៅក្នុងវិស័យហិរញ្ញវត្ថុ។ ក្នុងនាមជាធនាគារដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលទទួលបានពានរង្វាន់ ទទួលស្គាល់គុណភាព (Elite Quality Recognition Award) ពី J.P. Morgan ធនាគារ ABA បានបង្ហាញអំពីឆន្ទៈ ក្នុងការផ្ដល់សេវាហិរញ្ញវត្ថុ ប្រកបដោយគុណភាពខ្ពស់ជូនដល់អតិថិជនរបស់ខ្លួន។
លោក Atchabarov បានមានប្រសាសន៍បន្ដទៀតថា “យើងខ្ញុំមានមោទកភាពក្រៃលែង ដែលបានតំណាងឲ្យប្រទេសកម្ពុជា និងបានបង្ហាញអំពីសមិទ្ធផល ជំហានជោគជ័យ និងការរួមចំណែករបស់ ABA ទៅក្នុងវិស័យហិរញ្ញវត្ថុ នៅក្នុងព្រឹត្តិការណ៍នេះ”។
លោកបានបន្ថែមថា "យើងនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយនវានុវត្តន៍ និងងាយស្រួលជូនអតិថិជនរបស់យើង ហើយយើងត្រៀមរួចជាស្រេចក្នុងការបន្តភាពជាដៃគូជាមួយ J.P. Morgan និងឧស្សាហកម្មឈានមុខដទៃទៀត ដើម្បីជំរុញកំណើន និងការអភិវឌ្ឍនៃវិស័យទូទាត់ប្រាក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន)។"
មុនចូលរួមវេទិកា J.P. Morgan Payments Forum – ASEAN នេះ ABA ធ្លាប់បានទទួលពានរង្វាន់ ទទួលស្គាល់គុណភាព (Elite Quality Recognition Award) ពី J.P. Morgan ចំនួនបីលើករួចមកហើយ។ ពានរង្វាន់នេះ សាទរលើសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់របស់ ABA លើការរក្សាបាននូវប្រតិបត្តិការផ្ទេរប្រាក់ ដែលមានគុណភាពខ្ពស់ និងការគ្រប់គ្រង នៅក្នុងប្រព័ន្ធដំណើរការឆ្លងកាត់ត្រង់ផ្ទាល់ MT103 (straight-through processing ដែលហៅកាត់ថា STP) ក្នុងកម្រិត 99.69% សម្រាប់ការផ្ទេរប្រាក់ និងការទូទាត់អន្តរជាតិ ជាដុល្លារអាមេរិកក្នុងឆ្នាំ 2022។
ABA គឺជាធនាគារពាណិជ្ជធំបំផុតមួយនៅកម្ពុជា ដែលមានផ្ដល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុពេញលេញជូនដល់រូបវន្ដបុគ្គល និងបណ្ដាអាជីវកម្មនានា។ ជាមួយដំណោះស្រាយឌីជីថលនវានុវត្ត និងវិធីសាស្ត្រផ្តោតសំខាន់លើអតិថិជន ABA ប្ដេជ្ញាជួយដល់អតិថិជនរបស់ខ្លួន សម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគាត់។