ABA ចូលរួមក្នុងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ឆ្នាំ2022
28/Oct/2022
ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា1 បានឧបត្ថម្ភក្នុងកម្មវិធី My First STOCK ដែលរៀបចំឡើងដោយផ្សារមូលបត្រកម្ពុជា (CSX) ដើម្បីលើកកម្ពស់ទីផ្សារមូលបត្រ និងផ្ដល់ចំណេះដឹងជាមូលដ្ឋាននៃសេវាកម្មហិរញ្ញវត្ថុ ជូនដល់សាធារណជន។ កម្មវិធីនេះបានក្លាយជាផ្នែកមួយនៃពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ឆ្នាំ2022។
ការសម្ភោធកម្មវិធីជាផ្លូវការ ត្រូវបានប្រព្រឹត្តិទៅនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីថ្ងៃទី 21-23 ខែតុលា និងអញ្ជើញចូលរួម ដោយតំណាង CSX, និយ័តករមូលបត្រកម្ពុជា (SERC) និងភ្ញៀវកិត្តិយស ក៏ដូចជាសាធារណជនយ៉ាងច្រើនកុះករផងដែរ។ ក្រុមការងារ ABA បានជួយដល់អ្នកចូលរួមក្នុងកម្មវិធីនេះក្នុងការបើកគណនីនៅទីតាំងផ្ទាល់ រួមមានការបើកគណនីជួញដូរ ក្នុងគោលបំណងទិញ-លក់ភាគហ៊ុន។
ABA បានដាក់បញ្ចូលគណនីជួញដូរនៅក្នុងកម្មវិធីធនាគារតាមទូរស័ព្ទដៃរបស់ខ្លួន ដែលផ្ដល់ជូនអតិថិជននូវឱកាសបើកគណនីកាលពីខែមិថុនា ឆ្នាំ2022។ ការបើកគណនីជួញដូរ គឺជាតម្រូវការផ្នែកច្បាប់ ដែលត្រូវបានប្រើប្រាស់ជាគណនីដាច់ដោយឡែកសម្រាប់ទិញ-លក់ភាគហ៊ុន។ អតិថិជន ABA អាចបើកគណនីជួញដូរបានយ៉ាងងាយស្រួល ដោយគ្រាន់តែបើកកម្មវិធី ABA Mobile ចុច បើកគណនីថ្មី និងជ្រើសរើស គណនីជួញដូរតាមទូរស័ព្ទ ជាការស្រេច។
ក្នុងនាមជាតួអង្គដ៏សកម្មមួយនៅក្នុងទីផ្សារហិរញ្ញវត្ថុក្នុងស្រុក ABA គឺជាធនាគារដំបូងដែលបានចេញសញ្ញាប័ណ្ណសាជីវកម្មនៅលើទីផ្សារមូលធនកម្ពុជា សម្រាប់ទាំងវិនិយោគិនស្ថាប័ន និងរូបវន្ដបុគ្គល កាលពីឆ្នាំ2019។ សញ្ញាបណ្ណនេះក៏ជាមូលបត្របំណុលលើកដំបូង ដែលផ្ដល់ជូនដោយធនាគារពាណិជ្ជនៅក្នងប្រទេសផងដែរ។ សញ្ញាបណ្ណ ABA បានរួមចំណែកដល់ការអភិវឌ្ឍទីផ្សារមូលធនកម្ពុជា ធ្វើឲ្យវិស័យនេះកាន់តែទទួលបានទំនុកចិត្តពីសាធារណជន និងវិនិយោគិន។ ធនាគារបានទូទាត់ទាំងប្រាក់ដើម និងការប្រាក់ សម្រាប់ឆ្នាំចុងក្រោយនៃសញ្ញាបណ្ណសាជីវកម្មរបស់ខ្លួនជូនវិនិយោគិន កាលពីថ្ងៃ ទី12 ខែសីហា ឆ្នាំ2022។
1 ABA ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជននិងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា។