ABA ត្រូវបានទទួលស្គាល់ជា ធនាគារឌីជីថលឆ្នើមបំផុតនៅកម្ពុជាឆ្នាំ២០២៣ បញ្ជាក់ពីការប្ដេជ្ញាចិត្តលើនវានុវត្តន៍ឌីជីថល
21/Sep/2023
ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា1 ត្រូវបានទទួលស្គាល់ជា ធនាគារឌីជីថលឆ្នើមបំផុតនៅកម្ពុជា ឆ្នាំ ២០២៣ ពី ទស្សនាវដ្ដី International Finance ដែលជាទស្សនាវដ្ដីហិរញ្ញវត្ថុ និងពាណិជ្ជកម្មលំដាប់កំពូល ដែលមានទីស្នាក់ការនៅចក្រភពអង់គ្លេស។
ពានរង្វាន់ដ៏មានកិត្យានុភាពនេះ បង្ហាពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាបន្ដបន្ទាប់ចំពោះនវានុវត្តន៍ មុខងារដ៏ល្អឯកនៃដំណោះស្រាយរបស់ខ្លួន ផ្ទៃអន្ដរកម្មងាយស្រួលប្រើ និងទំនាក់ទំនងអតិថិជនដ៏រឹងមាំនៅក្នុងប្រតិបត្តិការធនាគារឌីជីថលរបស់ខ្លួន។ គុណសម្បត្តិទាំងអស់នេះ បានធ្វើឲ្យ ABA ក្លាយជាធនាគារផ្តល់សេវាឌីជីថលគ្មានគូប្រៀប និងជាអេបលើទូរស័ព្ទដៃដ៏ងាយស្រួលប្រើបំផុត។
ជាផ្នែកមួយនៃវឌ្ឍនភាពសេវាធនាគារឌីជីថលនៅកម្ពុជា ថ្មីៗ នេះ ABA បានបោះជំហានទៅមុខបន្ថែមទៀត ដើម្បីផ្លាស់ប្តូរទីផ្សារ ដោយក្នុងនោះ រួមមាន ការដាក់ដំណើរការអេប ABA Mobile ជំនាន់ថ្មី។ អេបថ្មីនេះ ត្រូវបានបង្កើតឡើង ដើម្បី ផ្តល់នូវបទពិសោធសេវាធនាគារកាន់តែប្រសើរ ស្របតាមតម្រូវការអតិថិជន។ អេបនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់កែប្រែរូបរាង ឲ្យមានលក្ខណៈផ្ទាល់ខ្លួន ជាមួយជម្រើសផ្ទាំងវិចិត្រ ផ្ទៃអេក្រង់ និងម៉ូដប៊ូតុង ដែលអាចរៀបចំបានតាមចំណូលចិត្ត។ ក្រៅពីនេះ អតិថិជនក៏អាចប្ដូរទំហំអក្សរ ឲ្យកាន់តែស្រួលមើលជាងមុន ព្រមទាំងប្ដូរទៅមករវាងផ្ទៃភ្លឺ និងផ្ទៃងងឹតផងដែរ។
ធនាគារ មានកំណើនគួរឲ្យកត់សម្គាល់នៅក្នុងបណ្ដាញទូទាត់ KHQR របស់ខ្លួន ដោយពាណិជ្ជករទាំងអនឡាញ និងអ្នកលក់នៅហាងផ្ទាល់ជាង ៦០០,០០០ ទទួលបានអត្ថប្រយោជន៍ពីការទូទាត់បែបឌីជីថលនេះ។
លើសពីនេះ កម្មវិធី ABA Merchant app ដែលជាដំណោះស្រាយពេញលេញ សម្រាប់អាជីវកម្មគ្រប់ប្រភេទក្នុងការប្រមូលប្រាក់ទូទាត់បែបឌីជីថល និងគ្រប់គ្រងអាជីវកម្មយ៉ាងងាយស្រួល ក៏មានកំណើនអ្នកប្រើប្រាស់សកម្ម ៥៩% ក្នុងឆ្នាំកន្លងទៅផងដែរ។
កំណើននេះនៅក្នុងផ្លែតហ្វមទូទាត់ QR របស់ពាណិជ្ជករ បង្ហាញពីការប្ដេជ្ញាចិត្តរបស់ធនាគារយើង ក្នុងការផ្ដល់ជូនអតិថិជននូវជម្រើសទូទាត់ងាយស្រួល និងមានប្រសិទ្ធភាព។
ABA បន្តអភិវឌ្ឍផ្លែតហ្វម ABA Business របស់ខ្លួន ដែលផ្តល់សេវាធនាគារអនឡាញកាន់តែលឿន ប្រកបដោយនវានុវត្ត និងសុវត្ថិភាព សម្រាប់ក្រុមហ៊ុននានា ជាមួយនឹងសេវាកម្មទូលំទូលាយ និងពេញលេញដែលអាចប្រើបានគ្រប់ពេលវេលា និងទីកន្លែង។ ផ្លែតហ្វមនេះ ទទួលបាននូវការពង្រឹងសមត្ថភាពគួរឲ្យកត់សម្គាល់ ខណៈដែលសុវត្ថិភាពនៅតែស្ថិតក្នុងកម្រិតខ្ពស់បំផុត។
ធនាគារក៏បានវិនិយោគយ៉ាងច្រើនទៅលើ ការការពារហេដ្ឋារចនាសម្ពន្ធព័ត៌មានវិទ្យារបស់ខ្លួនផងដែរ។ ABA ប្រើប្រាស់ដំណោះស្រាយ និងបច្ចេកវិទ្យាពីក្រុមហ៊ុនផ្គត់ផ្តង់ប្រព័ន្ធសុវត្ថិភាពលំដាប់កំពូលៗ របស់ពិភពលោក ដើម្បីការពារនឹងការគំរាមកំហែងតាមអុីនធឺណិតដូចជា CyberArk, CrowdStrike, Cloudflare, Palo Alto Networks ។ ល។
ធនាគារ ក៏ត្រូវបានទទួលស្គាល់ពីគុណភាព ជាមួយវិញ្ញាបនបត្រ បទដ្ឋានសន្ដិសុខទិន្នន័យឧស្សាហកម្មកាតទូទាត់ (PCI DSS)ដែលបញ្ជាក់ថាធនាគារផ្ដល់នូវសុវត្ថិភាពកម្រិតខ្ពស់បំផុត សម្រាប់ប្រតិបត្តិការអនឡាញ និងការពារទិន្នន័យសម្ងាត់របស់ម្ចាស់កាត។
លោក Zokhir Rasulov នាយកឌីជីថលធនាគារ ABA បង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងឱកាសនេះថា “យើងខ្ញុំមានកិត្តិយស ដែលបានទទួលពានរង្វាន់ដ៏មានកិត្យានុភាពពីទស្សនាវដ្ដី International Finance ។
“នៅ ABA យើងព្យាយាមធ្វើយ៉ាងណាឲ្យខ្លួនក្លាយជាធនាគារឌីជីថលនវានុវត្តឈានមុខនៅកម្ពុជា ហើយការទទួលស្គាល់នេះ កាន់តែជំរុញឲ្យយើងបន្ដកិច្ចការបន្ថែមទៀត ដើម្បីផ្ដល់សេវាធនាគារដ៏ល្អបំផុតធ្វើឲ្យជីវិតរស់នៅរបស់អតិថិជនកាន់តែងាយស្រួល”។
នៅក្នុងសំណេរពាក់ព័ន្ធនឹងពានរង្វាន់ បានបង្ហាញពីសមិទ្ធផលគួរឲ្យកត់សម្គាល់របស់ ABA ក្នុងវិស័យសេវាធនាគារឌីជីថល ដោយខាងទស្សនាវដ្ដី បានអធិប្បាយថា “ធនាគារ ABA ទទួលបានពានរង្វាន់កំពូលនេះ សម្រាប់គុណភាពសេវាកម្ម, នវានុវត្តន៍, មុខងារ, ផ្ទៃអន្ដរកម្មងាយស្រួលប្រើ, សេវាបម្រើអតិថិជន និងទំនាក់ទំនងអតិថិជន ដែលធនាគារបាននាំយកទៅក្នុងសេវាធនាគារឌីជីថលរបស់ខ្លួន”។
“ធនាគារ ទទួលបានកំណើនគួរឲ្យកត់សម្គាល់សម្រាប់ការទូទាត់អនឡាញ និងបានអនុវត្តវិធានការពង្រឹងសុវត្ថិភាពសម្រាប់អតិថិជនរបស់ខ្លួន។ ចំនួនប្រតិបត្តិការពីឆ្នាំ ២០២១ ដល់ ២០២២ ដែលធ្វើឡើងតាម ABA Mobile បានកើនឡើង។ ពានរង្វាន់នេះ បានបង្ហាញពីជំហររបស់ ABA ក្នុងនាមជាធនាគារឈានមុខ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា”។
ABA នៅតែយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យា និងអនុវត្តដំណោះស្រាយតាមបែបទំនើប ដែលអនុញ្ញាតឲ្យអតិថិជនគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។
តាមរយៈការវិនិយោគជាបន្តបន្ទាប់នៅក្នុងទិដ្ឋភាពធនាគារឌីជីថល ABA មានគោលបំណងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា។
លោកអ្នកអាចទាក់ទងមក ABA គ្រប់ពេលវេលា 24/7 តាមលេខ ១ ៨០០ ២០៣ ២០៣ (ឥតគិតថ្លៃសម្រាប់ការហៅក្នុងប្រទេសកម្ពុជា)។
អំពីធនាគារ ABA
ABA គឺជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជាគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 និង 2022 របស់ធនាគារជាតិនៃកម្ពុជា។
ជាមួយបណ្ដាញសាខាចំនួន 85, ទីតាំងស្វ័យសេវា 41, ម៉ាស៊ីនស្វ័យសេវាជាង 1400+ នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA អាចបម្រើអតិថិជនដល់ 3 លាន ជាមួយសេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែប។ ភាគទុនិកដ៏ធំរបស់ ABA គឺជា ធនាគារជាតិកាណាដា ដែលជាធនាគារដ៏ធំលំដាប់ទី 6 នៅកាណាដា និងនាំមុខគេនៅខេត្តកេប៊ិច។
អំពីទស្សនាវដ្ដី International Finance
International Finance គឺជាទស្សនាវដ្តីហិរញ្ញវត្ថុ និងវិភាគអាជីវកម្មលំដាប់កំពូល ដែលត្រូវបានបោះពុម្ពផ្សាយដោយ International Finance Publications Ltd របស់ចក្រភពអង់គ្លេស។
ជាមួយនឹងការផ្តោតលើទីផ្សារថ្មីៗ International Finance ផ្តល់នូវព័ត៌មាន ការវិភាគ និងការអត្ថាធិប្បាយពីអ្នកជំនាញមកពីវិស័យផ្សេងៗគ្នា អ្នករួមចំណែក និងអ្នកនិពន្ធជាដើម។ ក្រុមនិពន្ធនាយក បានលើកឡើងអំពីការអភិវឌ្ឍសេដ្ឋកិច្ច និងធុរកិច្ចសំខាន់ៗ ហើយបានចូលរួម, ផ្តល់ព័ត៌មាន និងប្រមូលផ្ដុំអ្នកដឹកនាំអាជីវកម្ម, អ្នកធ្វើការសម្រេចចិត្ត, វិនិយោគិន និងក្រុមហ៊ុននៅក្នុងទីផ្សារសំខាន់ៗជាមួយនឹងខ្លឹមសារជាក់ស្តែងប្រចាំថ្ងៃ។
1 ABA គឺជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជាគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 និង 2022 របស់ធនាគារជាតិនៃកម្ពុជា។