ABA ដាក់ឲ្យដំណើរការសេវាបើកគណនីធនាគារតាមអនឡាញ
05/Jun/2017
ធនាគារ ABA បានដាក់ឲ្យដំណើរការនូវសេវាបើកគណនី អនឡាញតាមវិបសាយជាលើកដំបូងដែលអនុញ្ញាតឲ្យអតិថិជនថ្មីបើកគណនីធនាគារចល័ត។ ពេលបើកគណនីអនឡាញ អតិថិជនអាចជ្រើសរើសប្រភេទនៃគណនីដែលស័ក្តិសមជាមួយនឹង តម្រូវការប្រចាំថ្ងៃ ឬក៏គណនីគម្រោងសន្សំ។ បច្ចុប្បន្ននេះ សេវាបើកគណនីអនឡាញផ្តល់ជម្រើស ជាច្រើនដូចជា គណនីសន្សំ, គណនីចរន្ត, ឬក៏លក្ខខណ្ឌនានាក្នុងការដាក់ប្រាក់សន្សំ។ សេវានេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្របែបឌីជីថលរបស់ធនាគារដែលផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏ទំនើប ស្របពេលនឹងការផ្លាស់ប្តូរទម្លាប់របស់អតិថិជនដែល បត់បែនតាមនិន្នាការអភិវឌ្ឍរបស់ពិភពលោក។
សេវាបើកគណនីអនឡាញតាមវិបសាយ អាចឲ្យអតិថិជនសិក្សាពីអត្ថប្រយោជន៍ និងស្វែងយល់ ពីគុណសម្បត្តិនានារបស់គណនីនីមួយៗ ជ្រើសរើសប្រភេទគណនីដែលស័ក្តិសមជាមួយនឹងតម្រូវ ការ ព្រមទាំងអាចបើកគណនីយ៉ាងឆាប់របស់រហ័សគ្រប់ពេលវេលាគ្រប់ទីកន្លែង។ វិបសាយនេះ មានជាពីរភាសាគឺ ខ្មែរ និងអង់គ្លេស ហើយមានការរចនាដ៏ស្រស់ស្អាតផងដែរ។
លោក ម៉ី ប៉ូលីន នាយកផ្នែកអភិវឌ្ឍអាជីវកម្មរបស់ធនាគារ ABA បានមានប្រសាសន៍ថា៖ “យើង សង្កេតឃើញថា ការប្រើប្រាស់អុីនធឺណិតក្នុងប្រទេសកម្ពុជាមានការកើនឡើងជាលំដាប់។ យុវជន ជំនាន់ក្រោយ ប្រើប្រាស់បច្ចេកវិទ្យា និងអុីនធឺណិតយ៉ាងច្រើនដែលបានធ្វើឲ្យមានការផ្លាស់ប្តូរ ទម្លាប់នៃការទិញ។ ដូច្នេះដំណោះស្រាយក្នុងការបង្កើតសេវាបើកគណនីអនឡាញតាមវិបសាយ ពិតជាស័ក្តិសមខ្លាំងណាស់ដើម្បីដើរឲ្យទាន់ការ រីកចម្រើននៃសេវាដ៏មានសក្តានុពលនេះ។” លោកក៏បានបន្ថែមទៀតថា៖ “នៅធនាគារ ABA យើងផ្តោតសំខាន់លើផាសុកភាពរបស់អតិថិជន ដូច្នេះហើយយើងបានដាក់ដំណើរការនូវដំណោះស្រាយនេះដើម្បីឲ្យអតិថិជនយើងអាចបើក គណនីធនាគារពីទីកន្លែងណាក៏បាន។ មិនត្រឹមតែប៉ុណ្ណោះ វាកាត់បន្ថយពេលវេលារង់ចាំជាច្រើន ពេលដែលអតិថិជនអញ្ជើញទៅសាខាដើម្បីបើកឲ្យដំណើរការគណនី។”
ដើម្បីបើកគណនីជាមួយធនាគារ ABA អតិថិជនអាចចូលទៅកាន់វិបសាយ join.ababank.com តាមកុំព្យូទ័រយួរដៃ, ថេបប្លេត, ស្មាតហ្វូន, ជ្រើសរើសប្រភេទគណនី, រូចបំពេញទម្រង់បែបបទ។ ក្រោយពីបំពេញទំរង់បែបបទរួច អតិថិជននឹងទទួលលេខកូដដែលបានផ្ញើជូនតាមរយៈអ៊ីម៉ែល។ លេខកូដដែលទទួលបាននឹងត្រូវប្រើនៅពេលដែលអតិថិជនអញ្ជើញមកសាខារបស់ ABA ដើម្បី ដាក់ឲ្យដំណើរការគណនី។ អំឡុងពេលដែលអតិថិជនអញ្ជើញមកសាខា អតិថិជនក៏អាចដាក់ប្រាក់ ក្នុងគណនីថ្មីភ្លាមៗ និងសាកសួរព័ត៌មានបន្ថែមពីសេវា និងផលិតផលផ្សេងៗរបស់ ABA។
ចាប់ពីឆ្នាំ2011 មក ធនាគារ ABA ទទួលបានការលើកសរសើរចំពោះការផ្តល់ជូននូវដំណោះស្រាយ ហិរញ្ញវត្ថុដ៏ទំនើបបំពាក់ដោយបច្ចេកវិទ្យាខ្ពស់ ដោយត្រូវបានប្រសិទ្ធនាមពីស្ថាប័នហិរញ្ញវត្ថុ អន្តរជាតិ និងក្នុងតំបន់ជាច្រើនដូចជា The Banker, Euromoney, Global Finance, និង Asian Banking and Finance។