ធនាគារ ABA ចូលរួមព្រឹត្តិការណ៍ដាំកូនឈើ របស់សមាគមធនាគារនៅកម្ពុជា (ABC) ដើម្បីលើកកម្ពស់និរន្តរភាពបរិស្ថាន
10/Jul/2025
ធនាគារ ABA បានចូលរួមជាអ្នកឧបត្ថម្ភ ព្រឹត្តិការណ៍ដាំកូនឈើ រៀបចំដោយសមាគមធនាគារនៅកម្ពុជា (ABC) នៅថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2025 ដែលបញ្ជាក់ សារជាថ្មីម្តងទៀត ពីការប្តេជ្ញាចិត្តរបស់ខ្លួនទៅលើនិរន្តរភាពបរិស្ថាន។
ព្រឹត្តិការណ៍នេះ បានរៀបចំឡើងនៅសាលាបឋមសិក្សាទួលគគីរ ក្នុងខេត្តកណ្តាល ដែលប្រមូលផ្តុំអ្នកតំណាងមកពី សមាគម ABC និងដៃគូធនាគារ បុគ្គលិក ABA លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀត។
បន្ថែមពីលើការដាំកូនឈើ ដើម្បីបង្កើនសម្រស់បៃតងក្នុងបរិវេណសាលារៀន សិស្សានុសិស្សក៏ទទួលបានសម្ភារៈសិក្សាមួយចំនួន ដែលនឹងជួយគាំទ្រដល់ការសិក្សារបស់ពួកគេ។
លោក យាន់ គឹមយាន ប្រធានសាខា ABA ស្រុកកំពូលមុខ បានបញ្ចេញចំណាប់អារម្មណ៍ថា “យើងខ្ញុំ មានសេចក្តីសោមន្សដែលបាន ចូលរួមក្នុងព្រឹត្តិការណ៍ដាំកូនឈើ របស់សមាគម ABC ឆ្នាំនេះ។ គំនិតផ្តួចផ្តើមដែលផ្តោតសំខាន់ទៅលើការបង្កើតអនាគតបៃតង បានអនុញ្ញាតឲ្យយើងខ្ញុំចែករំលែកត្រឡប់ទៅកាន់សហគមដែលយើងខ្ញុំបម្រើជូន និងបង្ហាញពីផលប្រយោជន៍នៃការដាំ និងអភិរក្សដើមឈើ សម្រាប់យុវជនជំនាន់ក្រោយ។”
ព្រឹត្តិការណ៍ដាំកូនឈើ ជាកម្មវិធីដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយសមាគម ABC ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជំរុញការរួមចំណែកពីសហគម។ ពីមួយឆ្នាំទៅមួយឆ្នាំ កម្មវិធីនេះ បានប្រមូលផ្តុំគ្រឹះស្ថានហិរញ្ញវត្ថុ អាជ្ញាធរមូលដ្ឋាន និងសាលារៀន ក្នុងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីជំរុញបរិស្ថានបៃតងទូទាំងប្រទេស។
ABA នៅតែបន្តប្តេជ្ញាចិត្តក្នុងការពង្រឹងដៃគូសហការដ៏មានអត្ថន័យ និងវិនិយោគទៅលើដំណោះស្រាយដែលផ្តល់ផលប្រយោជន៍យូរអង្វែង ដល់វិស័យបរិស្ថាន និងអប់រំ។






