ការប្រកួត ABA ITF Junior Series 2019 បានឈានដល់ទីបញ្ចប់យ៉ាងជោគជ័យ!
13/Dec/2019
ព្រឹត្តិការណ៍ប្រកួតវាយកូនបាល់ ABA Bank ITF Junior Series 2019 ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី23 ខែវិច្ឆិកា ដល់ថ្ងៃទី7 ខែធ្នូ ត្រូវបានបញ្ចប់ទៅបានយ៉ាងជោគជ័យ នៅមជ្ឍមណ្ឌលកីឡាវាយកូនបាល់ជាតិក្នុងទីក្រុងភ្នំពេញ។ ការប្រកួតចុងក្រោយនេះ បានប្រមូលផ្តុំកីឡាករកីឡាការិនី 188នាក់ មកពី 24ប្រទេសផ្សេងៗគ្នា ដើម្បីប្រកួតសន្សំពិន្ទុបន្ថែមសម្រាប់ ITF World Junior Ranking Points លំដាប់ពិភពលោក។
ការប្រកួតបានប្រព្រឹត្តទៅយ៉ាងស្វិតស្វាញ ហើយកីឡាករទាំងអស់បានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីប្រជែងយកជើងឯកទៅតាមប្រភេទជ័យលាភ័យនីមួយៗ។ យើងបានរកឃើញជើងឯកជ័យលាភីដូចតទៅ៖ សម្រាប់ការប្រកួតមួយទល់នឹងមួយផ្នែកនារី កីឡាការិនី Jeong Moon មកពីប្រទេសកូរ៉េខាងត្បូង បានទួលជ័យលាភីក្នុងសប្តាហ៍ទីមួយ ហើយ Yuxuan Yang មកពីចិនជាម្ចាស់ជ័យលាភីក្នុងសប្តាហ៍ទីពីរ។ ចំណែកការប្រកួតមួយទល់នឹងមួយផ្នែកបុរស កីឡាករ Yu-Chen Chiu មកពីប្រទេសតៃប៉ិ បានក្លាយជាម្ចាស់ជ័យលាភីក្នុងសប្តាហ៍ទីមួយ ចំណែកឯ Suphawat Saeoui មកពីប្រទេសថៃ បានជ័យលាភីនៅក្នុងសប្តាហ៍ទីពីរ។
នៅក្នុងការប្រកួតជាដៃគូរពីរទល់នឹងពីរផ្នែកនារី ជ័យលាភីនៅក្នុងសប្តាហ៍ទីមួយបានទៅលើ Jimin Kwon និង Jeong Moon មកពីប្រទេសកូរ៉េខាងត្បូង ចំណែកឯជ័យលាភីសប្តាហ៍ទីពីរ បានទៅលើ Yuxuan Yang និង Zixuan Zeng មកពីប្រទេសចិន។ ចំណែកផ្នែកបុរស Wanseok Kang និង Hyeondeok Yoon មកពីប្រទេសកូរ៉េខាងត្បូង ជាអ្នកទទួលបានជ័យលាភីក្នុងសប្តាហ៍ទីមួយ ហើយ Nathan Jattavapornvanit និង Suphawat Saeoui មកពីប្រទេសថៃជាអ្នកទទួលបានជ័យលាភីនៅក្នុងសប្តាហ៍ទីពីរ។
“យើងពិតជារីករាយណាស់ ដែលបានសហការជាមួយ ធនាគារ ABA រៀបចំព្រឹត្តិការណ៍ ITF Juniors មួយទៀតដ៏ជោគជ័យ។ វាជាការលើកទឹកចិត្តមួយ ដែលចំនួនអ្នកមកចូលរួមប្រកួត មានការកើនឡើងជារៀងរាល់ឆ្នាំ ជាមួយនឹងការចូលរួមពីប្រទេសដល់ទៅ 24 នៅក្នុងព្រឹត្តិការណ៍រយៈពេលពីរសប្តាហ៍កន្លងទៅនេះ” នេះបើតាមប្រសាសន៍របស់លោក ទេព រិទ្ធីវិត អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា។
“ក្នុងកម្រិតប្រទេស យើងមានការចូលរួមខ្ពស់ពីកីឡាករកម្ពុជា ដែលមានរហូតដល់ទៅ 20នាក់។ បើប្រៀបធៀបទៅនឹងកាលពីប៉ុន្មានឆ្នាំមុន យើងមានតែ 4 ទៅ 5 នាក់ប៉ុណ្ណោះ។ យើងមើលឃើញថា នេះគឺជាជំហានដ៏ធំមួយ និងនៅក្នុងទិសដៅត្រឹមត្រូវសម្រាប់អនាគតកីឡាវាយកូនបាល់កម្ពុជា ព្រោះយុវជនរបស់យើង បានខិតខំប្រកួតប្រជែងឱ្យបានទៀងទាត់ជាងមុន” គាត់បានបន្ថែម។