ABA សម្របសម្រួល ការដាក់ដំណើរការនូវឧបករណ៍ហាត់បញ្ជាការហោះហើរ Airbus A320 ដំបូងបង្អស់របស់កម្ពុជា
22/Mar/2023
ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា1 បានប្រកាសនូវជោគជ័យរបស់ខ្លួន ក្នុងកិច្ចសហប្រតិបត្តិការជាមួយ មជ្ឈមណ្ឌលបណ្តុះបណ្តាល ឡានម៉ី (LTC) ដោយធនាគារ ABA បានផ្តល់ហិរញ្ញប្បទាន និងសម្របសម្រួលដល់ការបញ្ជាទិញឧបករណ៍ហាត់បញ្ជាការហោះហើរពេញលេញ (ដូចទៅនឹងយន្តហោះពិត) របស់យន្តហោះប្រភេទ Airbus A320 ដំបូងបង្អស់នៅកម្ពុជា។ ពិធីសម្ពោធជាផ្លូវការនៃឧបករណ៍ហាត់បញ្ជាការហោះហើរពេញលេញនេះ ត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣។
ក្នុងនាមជាបុត្រសម្ពន្ធមួយ នៃធនាគារជាតិកាណាដា ABA បានផ្តល់ហិរញ្ញប្បទាន និងដើរតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលដល់កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Canadian Aviation Electronics និង មជ្ឈមណ្ឌលបណ្តុះបណ្តាល ឡានម៉ី ដើម្បីទិញឧបករណ៍ហាត់បញ្ជាការហោះហើរនេះ។
មជ្ឈមណ្ឌលបណ្តុះបណ្តាល ឡានម៉ី បានទិញឧបករណ៍ហាត់បញ្ជាការហោះហើរពេញលេញ CAE-TSP 1000XR ដើម្បីបន្តបណ្តុះបណ្តាលបុគ្គលិកអាកាសចរណ៍ របស់ក្រុមហ៊ុនអាកាសចរណ៍នានា ដែលមានការិយាល័យនៅកម្ពុជា រួមទាំងក្រុមហ៊ុនអាកាសចរណ៍ឡានម៉ី (ដែលជាបុត្រសម្ពន្ធនៃក្រុមហ៊ុន Lanmei Aviation Group) ផងដែរ។ ឧបករណ៍នេះនឹងជួយសម្រួលដល់សិស្សដែលបានចុះឈ្មោះចូលរៀន ក្នុងកម្មវិធីសិក្សាថ្នាក់អាកាសយានិក និងកម្មវិធីថែទាំយន្តហោះបានពេញលេញ និងជួយឆ្លើយតបទៅនឹងកំណើននៃតម្រូវការអ្នកបើកយន្តហោះ និងអាកាសយានិកជំនាញៗ នៅក្នុងប្រទេស និងក៏ដូចជាតំបន់អាស៊ាន។
ប្រធានគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលឡានម៉ី លោក កាពីទែន Goh Chee Hong បានបញ្ជាក់ថា ឧបករណ៍នេះផ្តល់បរិយាកាសប្រកបដោយសុវត្ថិភាព និងការគ្រប់គ្រងពេញលេញ សម្រាប់អាកាសយានិក ក្នុងការអនុវត្ត និងបំពេញជំនាញបញ្ជាការហោះហើររបស់ពួកគេ ដោយមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ឬក្រុមអាកាសយានិកណាឡើយ។
លោក កាពីទែន Goh មានបន្ថែមថា "ការនាំយក (ទិញ) ឧបករណ៍អាកាសចរណ៍ដែលមានតម្លៃថ្លៃមកកម្ពុជា គឺជាកិច្ចការដ៏លំបាកមួយ ដែលទាមទារមិនត្រឹមតែការធានាពីធនាគារមួយប៉ុណ្ណោះទេ ប៉ុន្តែវាជាការធានាពីធនាគារមួយ ដែលគេអាចជឿជាក់ និងទុកចិត្តបាន។ យើងមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានធ្វើការជាមួយធនាគារ ABA ដើម្បីធ្វើឲ្យកិច្ចព្រមព្រៀងដ៏សំខាន់នេះសម្រេចឡើងបាន” ។
លោក Askhat Azhikhanov, នាយកប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ថា “ធនាគារ ABA មានមោទនភាព ដែលបានឃើញការរីកចម្រើនក្នុងវិស័យអាកាសចរណ៍នៅកម្ពុជា។ យើងជឿជាក់ថា ការគាំទ្ររបស់ ABA លើគម្រោងនេះ នឹងជួយដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលឡានម៉ី ក្នុងការបណ្តុះជំនាញដែលជាតម្រូវការ ដើម្បីទ្រទ្រង់ដល់ការរីកចម្រើនក្នុងវិស័យនេះឲ្យបានយូរអង្វែងតទៅ។
"ធនាគារ ABA បានសម្របសម្រួលកិច្ចព្រមព្រៀង រវាងមជ្ឈមណ្ឌលបណ្តុះបណ្តាលឡានម៉ី និងក្រុមហ៊ុន Canadian Aviation Electronics ដោយបានធ្វើកិច្ចការជាច្រើនដំណាក់កាល និងជាមួយភាគីក្រុមហ៊ុនជាច្រើនទៀត រហូតទទួលបានជោគជ័យ ដែលឈានដល់ការសម្ពោធឧបករណ៍នេះជាផ្លូវការនៅថ្ងៃនេះ។ ទាំងអស់នេះបង្ហាញពីភាពគួរឲ្យជឿទុកចិត្តបានរបស់ ABA ដោយធនាគារយើងខ្ញុំមានសេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងការសម្រួលផ្នែកឥណទាន សម្រាប់កិច្ចការជំនួញធំៗ និងមានលក្ខណៈស្មុគស្មាញ សំដៅរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ។
វិស័យអាកាសចរណ៍កម្ពុជាមានការរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយប្រជាពលរដ្ឋកម្ពុជាបង្ហាញការចំណាប់អារម្មណ៍ លើការងារក្នុងវិស័យអាកាសចរណ៍ រួមទាំងការបណ្តុះបណ្ដាល ដើម្បីក្លាយជាអ្នកបើកបរយន្តហោះ(អាកាសយានិក) អាជីពផងដែរ។ ធនាគារ ABA គាំទ្រដល់ការអភិវឌ្ឍរយៈពេលវែង នៃវិស័យអាកាសចរណ៍របស់កម្ពុជា តាមរយៈការសម្របសម្រួលការវិនិយោគនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលឡានម៉ី ក្នុងការដំឡើងឧបករណ៍ហាត់បញ្ជាការហោះហើរពេញលេញ ម៉ាក CAE នេះ។
អំពីមជ្ឈមណ្ឌលបណ្តុះបណ្តាល ឡានម៉ី
មជ្ឈមណ្ឌលបណ្តុះបណ្តាល ឡានម៉ី (LTC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2020 មានការិយាល័យនៅក្នុងរាជធានីភ្នំពេញ។ ជាបុត្រសម្ពន្ធនៃក្រុមហ៊ុន Lanmei Airlines Group មជ្ឈមណ្ឌលបណ្តុះបណ្តាល ឡានម៉ី មានមោទនភាពចំពោះសេវាកម្មបណ្តុះបណ្តាលសម្រាប់អតិថិជនរបស់ខ្លួន។ ដោយអនុលោមតាមលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) មជ្ឈមណ្ឌលបណ្តុះបណ្តាល ឡានម៉ី ធ្វើការក្រោមស្ថានភាពអង្គការបណ្តុះបណ្តាលដែលត្រូវបានអនុម័ត (ATO)។ លើសពីនេះ ក្រុមហ៊ុនត្រូវបានអនុម័តសម្រាប់ការថែទាំជាមូលដ្ឋាន បុគ្គលិកកាប៊ីន អ្នកបញ្ជូន និងការបណ្តុះបណ្តាលផ្នែកអាកាសយានដ្ឋានផ្ទាល់ផ្សេងទៀត។ ជំនាញឯកទេសរបស់ LTS ផ្ដល់ជូនដល់បុគ្គលិកអាកាសចរណ៍នៅទូទាំងពិភពលោក ខណៈដែលបញ្ជីនៃការអនុម័តដើម្បីផ្តល់សេវាកម្មបណ្តុះបណ្តាលបន្តពង្រីក។
អំពី Canadian Aviation Electronics
CAE (www.cae.com) គឺជាក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ដែលផ្តល់ដំណោះស្រាយក្នុងវិស័យអាកាសចរណ៍ស៊ីវិល ការការពារ និងសន្តិសុខ និងការថែទាំសុខភាព។ ក្រុមហ៊ុនមានបុគ្គលិកប្រហែល 13,000 នាក់ 180 ទីតាំង និងកន្លែងបណ្តុះបណ្តាលក្នុងជាង 35 ប្រទេស។
ជាមួយនឹងបណ្តាញបណ្តុះបណ្តាលអាកាសចរណ៍ស៊ីវិលដ៏ធំបំផុតរបស់ពិភពលោក CAE ផ្តល់នូវដំណោះស្រាយបណ្តុះបណ្តាលដ៏ទូលំទូលាយសម្រាប់អ្នកបើកយន្តហោះ បុគ្គលិកកាប៊ីន អ្នកបច្ចេកទេសថែទាំ និងបុគ្គលិកអាកាសយានដ្ឋានផ្ទាល់ក្នុងពាណិជ្ជកម្ម អាកាសចរណ៍ពាណិជ្ជកម្ម និងទីផ្សារ eVTOL ដែលកំពុងរីកចម្រើន។
1 ធនាគារ ABA ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជននិងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា។