អតិថិជន ABA ឥឡូវអាចបង់កម្ចី តាមភ្នាក់ងារផ្ទេរប្រាក់ TrueMoney
19/Oct/2018
ធនាគារ ABA ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខរបស់កម្ពុជា និងជាសមាជិកនៃសម្ពន្ធធនាគារជាតិកាណាដា ថ្ងៃនេះសូមប្រកាសពីកិច្ចសហការជាដៃគូជាមួយ TrueMoney ដែលជាភ្នាក់ងារផ្ទេរប្រាក់ដ៏ធំមួយនៅកម្ពុជា ដើម្បីផ្ដល់សេវាផ្ទេរប្រាក់ប្រកបដោយភាពងាយស្រួលដល់អតិថិជន។
ក្នុងភាពជាដៃគូនេះ អតិថិជនរបស់ធនាគារ ABA អាចដាក់ប្រាក់ចូលគណនី ABA របស់ខ្លួនតាមរយៈភ្នាក់ងារផ្ទេរប្រាក់របស់ TrueMoney ណាមួយក៏បានក្នុងចំណោមភ្នាក់ងារជាង 7,000 កន្លែង។ សេវានេះ ជួយឲ្យអតិថិជនឥណទាន ABA អាចបង់កម្ចីរបស់ខ្លួននៅតាមភ្នាក់ងារផ្ទេរប្រាក់ TrueMoney ដែលមានទីតាំងនៅជិតផ្ទះ ឬជិតកន្លែងការងារជាងសាខារបស់ ABA។
ដំណើរការនៃការដាក់ប្រាក់ចូលគណនី ABA នេះ មានភាពងាយស្រួល និងលឿនរហ័ស ដោយអតិថិជន គ្រាន់តែផ្ដល់លេខគណនីទាំង9ខ្ទង់, លេខទូរស័ព្ទ និងប្រាក់ត្រូវដាក់ជាប្រាក់រៀល ឬប្រាក់ដុល្លារ ជាការស្រេច។ ក្រោយដាក់ប្រាក់រួច អតិថិជននឹងទទួលបានសារជូនដំណឹងតាម SMS និង ABA Mobile app។ សម្រាប់ព័ត៌មានលំអិត សូមចូលទៅកាន់ភ្នាក់ងារ TrueMoney ។
សម្រាប់ថ្ងៃខាងមុខ អតិថិជន ABA នឹងអាចធ្វើការផ្ទេរប្រាក់ភ្លាមៗ រវាង ABA និង TrueMoney តាម ABA Mobile app និង TrueMoney វ៉លឡែត។
អំពី TrueMoney
TrueMoney គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខមួយនៅអាស៊ីអាគ្នេយ៍ ដែលផ្ដល់សេវាហិរញ្ញវត្ថុសម្រាប់អតិថិជនឌីជីថល និងអតិថិជនមិនប្រើប្រាស់សេវាធនាគារទាំងអស់នៅតាមបណ្ដាប្រទេសទាំង 6 ដែលរួមមាន កម្ពុជា, ថៃ, មីយ៉ាន់ម៉ា, វៀតណាម, ហ្វីលីពីន និងឥណ្ឌូនេស៊ី។
TrueMoney ផ្ដល់សេវាអ៊ីវ៉លឡែត និងបណ្ដាញទូទាត់ដ៏ធំទូលាយ ដែលជួយឲ្យអតិថិជនអាស៊ីអាគ្នេយ៍ មានលទ្ធភាពប្រើប្រាស់សេវាសេវាហិរញ្ញវត្ថុបែបថ្មី។
នៅកម្ពុជា TrueMoney ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនផ្គត់ផ្គង់សេវាទូទាត់ ដែលផ្ដល់លទ្ធភាពឲ្យអតិថិជនដែលមិនប្រើសេវាធនាគារ អាចប្រើប្រាស់សេវាហិរញ្ញវត្ថុ តាមរយៈទូរស័ព្ទ ឬ បណ្ដាញភ្នាក់ងារទូទាត់ TrueMoney (ម៉ាស៊ីនទូទាត់ POS)។