ធនាគារ ABA នៅតែបន្តគាំទ្រកម្មវិធីវប្បធម៌ “We Are One”
31/Oct/2016
នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ ធនាគារ ABA បានចូលរួមឧបត្ថម្ភ កម្មវីធី “We Are One” ដែលជាកម្មវិធីតាំងពិព័រណ៍វប្បធម៌ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ក្នុងរាជធានីភ្នំពេញ។
ការតាំងពិព័រណ៍ឆ្នាំនេះត្រូវបានប្រារព្ធឡើងនៅក្រោមពាក្យស្លោក “វប្បធម៌ជាដួងព្រលឹងជាតិ” ដែលកម្មវិធីនេះមានគោលបំណងលើកម្ពស់ និងផ្តល់ចំណេះដឹងអំពីវប្បធម៌ ប្រពៃណី អក្សរសាស្ត្រ និងកេរ្តិ៍មរតក ក៏ដូចជាដាក់បញ្ចូលតួនាទីរបស់យុវជនទៅក្នុងការងារអភិវឌ្ឍន៍ប្រទេសជាតិ។ ជាងនេះទៅទៀត កម្មវិធីនេះផ្តល់ ឱកាសដល់សិល្បៈករបុរាណ និងសម័យជួបគ្នាដើម្បីបង្ហាញអំពីគំនិត និងយោបល់ក្នុងការការពារ អភិរក្ស និងថែរក្សាវប្បធម៌សិល្បៈរបស់ជាតិយើង។
ធនាគារ ABA បានដើរតួនាទីជាអ្នកឧបត្ថម្ភធំនៅក្នុងកម្មវិធីនេះ ហើយក៏មានបង្កើត កម្មវិធីបន្ថែមមួយទៀតគឺការប្រកួតគូររូបផងដែរ។ នៅក្នុងកម្មវីធីនេះ អ្នកចូលរួមត្រូវ បង្ហាញគំនិតខ្លួនឯងផ្ទាល់ និងត្រូវប្រើអារម្មណ៍ស្រមើស្រមៃរបស់ខ្លួនដើម្បីគូររូប ពោលគឺត្រូវពាក់ព័ន្ធទៅនឹងប្រធានបទផ្ទាល់។ គំនូរដែលគូររួចនឹងត្រូវដាក់តាំងនៅសាលពិព័រណ៍គំនូរផ្ទាល់ហើយអ្នកឈ្នះនឹងទទួលបានរង្វាន់ជាទឹកប្រាក់ពីធនាគារ ABA នៅចុងបញ្ចប់នៃកម្មវិធី។
នៅក្នុងកម្មវិធីនេះ មានការសំដែងជាច្រើន ដូចជាការសំដែងរបាំខ្មែរបុរាណ ការរាំចង្វាក់សម័យទំនើប និងការច្រៀងចំរៀងបែបប្រពៃណីខ្មែរផ្សេងៗទៀតផងដែរ។
កម្មវិធីទទួលបានជោគជ័យយ៉ាងធំធេង គឺមានអ្នកចូលរួមរហូតទៅដល់ ១៥០០ នាក់ មកពីស្ថាប័ននានា ដូចជា មហាវិទ្យាល័យ អង្គការ ស្ថាប័នឯកជនដែលបានចូលរួមដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការងារ និងការការពារ វប្បធម៌សិល្បៈជាតិ។ នាឱកាសនោះមានការថ្លែងសុន្ទរកថាបើកកម្មវិធីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា និងជាតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ ហើយក៏មានវត្តមានរបស់ឯកឧត្តម ប្រាក់ សុខុម តំណាងមកពីទីស្តីការគណៈរដ្ឋមន្ត្រី និងតំណាងរបស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ផងដែរ។
ចូលរួមសំដែងមតិនាក្នុងឱកាសនោះដែរ អ្នកនាង ធីម រូមនី្ន ប្រធានសាខាធនាគារ ABA សាខាទួលគោក បានលើក ឡើងថា ធនាគារ ABA មានមោទនភាពដែលបានចូលរួមគាំទ្រសកម្មភាពវប្បធម៌បែបនេះ ព្រោះថាកម្មវិធីនេះមិនត្រឹមតែជួយ លើកកម្ពស់វប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយឲ្យយុវជនមានការយល់ដឹងអំពីតួនាទីរបស់ខ្លួននៅក្នុងការអភិរក្សវប្បធម៌ដ៏រុងរឿងរបស់ជាតិយើងផងដែរ។ ការរីកចម្រើនផ្នែកសិល្បៈទាំងបុរាណ និងសម័យនៅក្នុងប្រទេសកម្ពុជាបានបង្ហាញឲ្យឃើញពីភាពលូតលាស់នៅក្នុងគ្រប់វិស័យ ហើយការគាំទ្រចំពោះវិស័យសិល្បៈ និងវប្បធម៌ជាតិជាកត្តាជំរុញឲ្យប្រទេសកម្ពុជាមានភាពរីកចម្រើនប្រកបដោយភាព សុខដុមរមនា។







