ABA បន្តគាំទ្រព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់អន្តរជាតិ ITF Juniors 2018
12/Dec/2018
ក្នុងការបន្តគាំទ្រចលនាកីឡាវាយកូនបាល់នៅកម្ពុជា ធនាគារ ABA បានធ្វើជាអ្នកឧបត្ថម្ភដ៏សំខាន់ នៅក្នុងព្រឹត្តិការណ៍ប្រកួតវាយកូនបាល់ ITF Juniors ដែលត្រូវបានរៀបចំដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា នៅក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី 1 ដល់ ថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2018។ ព្រឹត្តិការណ៍នេះមានគោលបំណងពង្រឹងមូលដ្ឋានគ្រឹះរបស់អ្នកវាយកូនបាល់នៅអាស៊ី និងផ្តល់ការប្រកួតបន្ថែមដល់អ្នកវាយកូនបាល់អាជីព និងយុវជន។
សហព័ន្ធកីឡាវាយកូនបាល់កម្ពុជារំពឹងថា ការរៀបចំព្រឹត្តិការណ៍វាយកូនបាល់អន្តរជាតិ ITF Juniors នេះ នឹងផ្តល់ឲ្យអ្នកវាយកូនបាល់វ័យក្មេងកម្ពុជា មានឱកាសប្រកួតជាមួយនឹងអ្នកវាយកូនបាល់វ័យក្មេងកម្រិតខ្ពស់មកពីបរទេស។ ស្របពេលជាមួយគ្នា ព្រឹត្តិការណ៍ក៏បាននាំយកនូវទិដ្ឋភាពកីឡាវាយកូនបាល់ដល់ក្មេងជំនាន់ក្រោយ ដែលចង់ចាប់យកអាជីពនេះសម្រាប់អនាគតរបស់ពួកគេផងដែរ។
លោក ទេព រិទ្ធីវិត អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានថ្លែងអំណរគុណដល់ធនាគារ ABA សម្រាប់ការគាំទ្រព្រឹត្តិការណ៍នេះ និងបានយល់ពីគោលបំណងរបស់ប្រទេសកម្ពុជាក្នុងការនាំយកនូវការប្រកួតប្រជែងដ៏មានគុណភាពខ្ពស់មកដល់យុវជនរបស់ខ្លួន។
“ការគាំទ្រជាបន្តបន្ទាប់របស់ធនាគារ ABA ក៏បានជួយធ្វើឲ្យប្រទេសកម្ពុជាក្លាយជាទិសដៅដ៏មានប្រជាប្រិយភាព សម្រាប់ក្រុមអ្នកវាយកូនបាល់វ័យក្មេងផងដែរ ចាប់តាំងពីការផ្តោតត្រូវបានផ្លាស់ប្តូរពី ITF Men’s Futures មកជា ITF Juniors កាលពីពីរបីឆ្នាំកន្លងទៅ” នេះបើតាមប្រសាសន៍របស់លោក រិទ្ធីវិត។
ការប្រកួតដែលមានរយៈមួយសប្តាហ៍ពេញនេះ បានទាក់ទាញអ្នកចូលរួមជាង 90 នាក់ មកពី 18 ប្រទេស។ មានយុវជនវ័យក្មេងកម្ពុជារហូតដល់ 15 នាក់ ត្រូវបានជ្រើសរើសឲ្យចូលរួមនៅក្នុងឆ្នាំនេះ។ ក្នុងចំណោមពានរង្វាន់ទាំង 12 ពានចំនួន 10 ត្រូវបានឈ្នះដោយអ្នកលេងជនជាតកូរ៉េ ហើយ 2 ទៀតត្រូវបានឈ្នះដោយក្រុមអ្នកលេងជាគូសម្រាប់ស្ត្រីជនជាតិចិន។