សញ្ញាបណ្ណ ABA បានទូទាត់ទឹកប្រាក់ដោយជោគជ័យ ដែលបញ្ជាក់ពីភាពរឹងមាំរបស់ធនាគារ
17/Aug/2022
ធនាគារ ABA ដែលជាធនាគារពាណិជ្ជលេខមួយនៅកម្ពុជា បានទូទាត់ទាំងប្រាក់ដើម និងការប្រាក់ សម្រាប់ឆ្នាំចុងក្រោយ នៃ សញ្ញាបណ្ណសាជីវកម្ម របស់ខ្លួន (សញ្ញាបណ្ណ ABA) ជូនវិនិយោគិន កាលពីថ្ងៃ ទី12 ខែសីហា ឆ្នាំ2022។
គួរបញ្ជាក់ផងដែរថា កាលពីខែសីហា ឆ្នាំ2019 ធនាគារ បានបោះផ្សាយសញ្ញាបណ្ណ ABA ក្នុងទំហំ ទឹកប្រាក់សរុបចំនួន 84.821 ពាន់លានរៀល (ប្រមាណ 21 លានដុល្លារអាមេរិក) ជាមួយនឹងការផ្សាយលក់ក្នុងតម្លៃ 100,000 រៀល ក្នុងមួយឯកតាសញ្ញាបណ្ណសាជីវកម្ម និងមានឥណប្រតិទានរយៈពេល 3 ឆ្នាំ។ អត្រាគូប៉ុងគឺ 7.75% ក្នុងមួយឆ្នាំ ជាមួយការទូទាត់រៀងរាល់ឆមាស។ ក្នុងរយៈពេល 3 ឆ្នាំ ABA បានទូទាត់ការប្រាក់សរុបចំនួន 19.69 ពាន់លានរៀល ជូនដល់វិនិយោគិន។
សញ្ញាបណ្ណ ABA បានក្លាយជាសញ្ញាបណ្ណសាជីវកម្មដំបូងគេ ដែលផ្ដល់ជូនទាំងវិនិយោគិនស្ថាប័ន និងរូបវន្ដបុគ្គល។ សញ្ញាបណ្ណនេះក៏ជាមូលបត្របំណុលលើកដំបូង ដែលផ្ដល់ជូនដោយធនាគារ ពាណិជ្ជនៅក្នងប្រទេស ហើយជាសញ្ញាបណ្ណកម្ពុជាដំបូងគេ ដែលទទួលបានចំណាត់ថ្នាក់លទ្ធភាព សង កម្រិត “B” ពីភ្នាក់ងារវាយតម្លៃ S&P Global។ ក្នុងចំណោមវិនិយោគិនទាំងអស់ វិនិយោគិនភាគច្រើនគឺជារូបវន្ដបុគ្គល និងជាប្រជាជនកម្ពុជា។ នេះ បានបង្ហាញពីទំនុកចិត្ត របស់ប្រជាជន ចំពោះរូបិយប័ណ្ណជាតិ និងបង្ហាញអំពីឆន្ទៈរបស់ពួកគាត់ក្នុងការវិនិយោគប្រាក់រៀល។ សញ្ញាបណ្ណ ABA បានរួមចំណែកដល់ការអភិវឌ្ឍទីផ្សារមូលធនកម្ពុជា ធ្វើឲ្យវិស័យនេះកាន់តែទទួល បានទំនុកចិត្តពីបណ្ដាវិនិយោគិនទាំងស្ថាប័ន និងរូបវន្ដបុគ្គល។
ក្នុងឆ្នាំ 2022 ABA បន្ដពង្រឹងជំហររបស់ខ្លួនក្នុងទីផ្សារយ៉ាងរឹងមាំ និងនៅតែរក្សាដំណែងជាធនាគារ ពាណិជ្ជក្នុងស្រុកធំបំផុត ដោយគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, និងប្រាក់ចំណេញសុទ្ធ ចាប់តាំងពីឆ្នាំ 2021 មក។ ជាក់ស្ដែង ទ្រព្យសកម្មសរុបរបស់ ABA សម្រេចឈានដល់ 8.5 ប៊ីលានដុល្លារអាមេរិក ខណៈផលបត្រប្រាក់បញ្ញើកើនឡើងដល់ 6.9 ប៊ីលានដុល្លារអាមេរិក គិតត្រឹមចុង ត្រីមាសទី 2។ ធនាគារទទួលបានប្រាក់ចំណេញសុទ្ធ 130.6 លានដុល្លារអាមេរិក សម្រាប់រយៈពេល 6 ខែ នៃឆ្នាំ2022។
សូមស្វែងរករបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចសម្រាប់ 6 ខែចុងក្រោយ ទីនេះ ។