ធនាគារ ABA ក្លាយជាអ្នកគាំទ្រផ្លូវការ របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
06/Jun/2019
ធនាគារ ABA ដែលជាសមាជិកនៃសម្ពន្ធធនាគារជាតិកាណាដា និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលក្នុងនោះធនាគារ ABA គឺជាអ្នកគាំទ្រផ្លូវការរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។
ដោយចាត់ទុកកីឡាជាសរសរស្តម្ភមួយក្នុងគោលនយោបាយវិភាគទានសង្គមរបស់ខ្លួន ធនាគារ ABA ផ្តល់មូលនិធិឧបត្ថម្ភរបស់ខ្លួន ដើម្បីចូលរួមជួយគាំទ្រដល់ការហ្វឹកហាត់ ប្រតិបត្តិការនិងការចំណាយទូទៅរបស់ក្រុមកីឡាករជាតិ ដើម្បីប្រជែងក្នុងការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិនៅឆ្នាំ 2019-2020 ។
ក្នុងឆ្នាំនេះ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងចូលរួមប្រកួតមិត្តភាពបែបអន្តរជាតិ ជាមួយក្រុមជម្រើសជាតិចំនួនបួនមកពីបណ្តាប្រទេសអាស៊ី។ ការប្រកួតនឹងប្រព្រឹត្តទៅនៅខែ មិថុនា កញ្ញា តុលា និងវិច្ឆិកា។ ការប្រកួតលើកដំបូងជាមួយនឹងក្រុមជម្រើសជាតិប៉ាគីស្ថាននឹងចាប់ផ្តើមនៅថ្ងៃទី 6 ខែមិថុនានេះ វេលាម៉ោង 6:30 ល្ងាចនៅពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងរាជធានីភ្នំពេញ។
ធនាគារ ABA បាននឹងកំពុងគាំទ្រយ៉ាងពេញទំហឹងចំពោះវិស័យកីឡា។ ក្រៅពីក្រុមបាល់ទាត់ជម្រើសជាតិ ធនាគារក៏ឧបត្ថម្ភសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និង ITF Juniors Cup ក៏ដូចជាបានគាំទ្រកីឡាយូដូនិងកីឡាជិះសេះផងដែរ។