ធនាគារ ABA ក្លាយជា “Domestic Retail Bank of the Year នៅកម្ពុជា” ពីទស្សនាវដ្តី Asian Banking and Finance
03/Aug/2021
ធនាគារ ABA ជាធនាគារពាណិជ្ជឈានមុខរបស់កម្ពុជាផ្នែកហិរញ្ញវត្ថុឌីជីថល ប្រកាសថា ខ្លួនទទួលបានពានរង្វាន់ “ធនាគាររូបវន្តក្នុងស្រុកប្រចាំឆ្នាំនៅកម្ពុជា” ដែលជាពានរង្វាន់មួយនៃ Retail Banking Awards 2021 របស់ទស្សនាវដ្តី Asian Banking and Finance។
អ្នកជំនាញរបស់ទស្សនាវដ្តី Asian Banking and Finance បានកោតសរសើរធនាគារ ABA ដោយសារការបង្កើនសមត្ថភាពប្រព័ន្ធសេវាធនាគារឌីជីថលរបស់ធនាគារដែលត្រូវបានប្រើប្រាស់ដើម្បីផ្តល់សេវាជូនអតិថិជន ព្រមទាំងការពង្រីកបណ្តាញរបស់ខ្លួនក្នុងឆ្នាំ 2020។
ពេញមួយឆ្នាំ ធនាគារបានបង្ហាញថា នវានុវត្តន៍ គឺជាស្នូលនៃប្រតិបត្តិការរបស់ខ្លួន ដោយដាក់ឲ្យដំណើរការនូវមុខងារថ្មីៗ និងងាយស្រួលជាច្រើននៅក្នុងកម្មវិធី ABA Mobile របស់ខ្លួន ដែលរួមមាន កម្ចីភ្លាមៗ សេវាផ្ទេរប្រាក់ Visa Direct សេវាផ្ទេរប្រាក់ Ria សេវាផ្ទេរប្រាក់ MoneyGram និងមុខងារផ្សេងៗជាច្រើនទៀត។
ប្រព័ន្ធទូទាត់អនឡាញ PayWay របស់ធនាគារ ABA ក៏ជួបនូវឆ្នាំជោគជ័យផងដែរ ដោយសារប្រព័ន្ធនេះបានបន្តទទួលបានការពេញនិយមកើនឡើង។ ក្នុងឆ្នាំ 2020 ប្រព័ន្ធនេះទទួលបានមុខងារ “ទិន្នន័យរក្សាទុក” ដែលជួយឲ្យពាណិជ្ជករអាចទូទាត់ដដែលៗនៅពេលក្រោយ ឬនាពេលអនាគតដំណើរការដោយស្វ័យប្រវត្តិ។ គណៈវិនិច្ឆ័យបានលើកឡើងជាពិសេសអំពីការដាក់ឲ្យដំណើរការដោយជោគជ័យនូវកម្មវិធី PayWay Mobile ដែលជួយឲ្យអាជីវកម្មគ្រប់ប្រភេទអាចទទួលការទូទាត់បែបឌីជីថលពីអតិថិជនដោយប្រើទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនតាមរយៈការបង្កើតកូដ QR។
ដោយគ្របដណ្តប់លើការពង្រីកទីតាំងភូមិសាស្ត្ររបស់ធនាគារ ABA ទស្សនាវដ្តីនេះបានសរសើរពីការដាក់ឲ្យដំណើរការនូវបណ្តាញទីតាំងស្វ័យសេវា ABA 24/7។ ទីតាំងទាំងនេះមានទីតាំងយុទ្ធសាស្ត្រនៅតំបន់មានចរាចរណ៍មមាញឹក និងមានមនុស្សច្រើន ហើយអនុញ្ញាតឲ្យធ្វើការដក និងដាក់ប្រាក់ ព្រមទាំងដាក់មូលប្បទានបត្រដោយងាយស្រួលបានគ្រប់ពេលវេលា។
លោក Askhat Azhikhanov នាយកប្រតិបត្តិ ធនាគារ ABA មានប្រសាសន៍ថា៖ “ពានរង្វាន់ពីទស្សនាវដ្តី Asian Banking and Finance បង្ហាញពីកិច្ចប្រឹងប្រែងរបស់យើងក្នុងការធ្វើឲ្យផលិតផល និងសេវាកម្មរបស់យើងកាន់តែប្រសើរ និងងាយស្រួលសម្រាប់អតិថិជនរបស់យើង។ យើងមានសេចក្តីសោមនស្សរីករាយដែលឃើញថា ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនប្រើប្រាស់ហិរញ្ញវត្ថុឌីជីថលសម្រាប់តម្រូវការប្រចាំថ្ងៃរបស់ខ្លួន ដោយកម្មវិធី ABA Mobile របស់យើងនៅតែជាជម្រើសកំពូលរបស់ពួកគេ”។
លោក Timothy Charlton ប្រធាននិពន្ធនាយករបស់ទស្សនាវដ្តីនេះ បានមានប្រសាសន៍ថា៖ “ធនាគារ ABA អាចជាធនាគារដែលមានឥទ្ធិពលបំផុតនៅកម្ពុជាឆ្នាំ 2020។ ធនាគារ ABA ដែលត្រូវបានកោតសរសើរថាជាធនាគារនាំមុខក្នុងទីផ្សារក្នុងការផ្លាស់ប្តូរផ្នែកហិរញ្ញវត្ថុ និងឌីជីថលដ៏ទំនើប បានបង្ហាញពីម៉ាទ្រីកលទ្ធផលសម្រេចកាន់តែរឹងមាំសម្រាប់ឆ្នាំនេះ ជាមួយទ្រព្យសកម្មសរុបកើនឡើង 40% ចំណែកកម្ចីដុលកើនឡើង 38% ដោយសម្រេចបានចំនួន 3.8 ប៊ីលានដុល្លារអាមេរិក បើប្រៀបធៀបនឹងឆ្នាំមុននេះ”។
លោក Timothy Charlton ក៏បានមានប្រសាសន៍បន្ថែមទៀតថា៖ “គន្លឹះសំខាន់សម្រាប់កំណើននេះ គឺជាភាពជោគជ័យនៃកម្មវិធី ABA Mobile ដែលសេវាធនាគារដ៏សំខាន់របស់ធនាគារ ABA ដែលមានកំណើនអតិថិជន 74% ក្នុងមួយឆ្នាំ នៅឆ្នាំ 2020។ សម្រាប់កំណើនប្រតិបត្តិការគួរឲ្យកោតសរសើរអំឡុងពេលនៃបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចសកល និងសម្រាប់ការបន្តប្តេជ្ញាចិត្តក្នុងការដាក់ឲ្យដំណើរការផលិតផល និងសេវាកម្មនវានុវត្តនៅកម្ពុជា ធនាគារ ABA ទទួលបានពានរង្វាន់ “ធនាគាររូបវន្តក្នុងស្រុកប្រចាំឆ្នាំនៅកម្ពុជា”។
អំពីទស្សនាវដ្តី Asian Banking and Finance
ពានរង្វាន់ ABF Retail Banking ត្រូវបានរៀបចំឡើងដោយទស្សនាវដ្តី Asian Banking & Finance។ ទស្សនាវដ្តី Asian Banking & Finance ជាទស្សនាវដ្តីឧស្សាហកម្មបម្រើឲ្យឧស្សាហកម្មសេវាហិរញ្ញវត្ថុថាមវន្តរបស់អាស៊ី។ ច្បាប់បោះពុម្ពផ្សាយនីមួយៗមានអត្ថបទផ្សេងៗលាយគ្នាដែលទាក់ទាញនាយកកម្រិតប្រតិបត្តិនៃស្ថាប័នសេវាធនាគារនិងហិរញ្ញវត្ថុធំៗនៅអាស៊ី។
ទស្សនាវដ្តី Asian Banking and Finance បោះពុម្ពផ្សាយរាល់ត្រីមាសនិងចែកចាយជូនគណៈគ្រប់គ្រងជាន់ខ្ពស់នៅតាមស្ថាប័នសេវាហិរញ្ញវត្ថុអាស៊ីតាមរយៈសេវាបញ្ញើនិងច្បាប់បោះពុម្ពផ្សាយចំនួនច្រើនទៅកាន់ទីស្នាក់ការកណ្តាលនានា។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ asianbankingandfinance.net